អ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរបស់ខ្លួនកំពុងរៀបចំសម្រាប់ប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែមិនមានការសម្រេចចិត្តថា នឹងធ្វើការវាយលុកទេ។
យោធាអ៊ីស្រាអែលបានដាក់ទាហានបម្រុងចំនួន ៣០ ម៉ឺននាក់ នៅជិតព្រំដែនហ្គាហ្សា ខណៈអ៊ីស្រាអែលឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានចាប់ផ្តើមប៉ុន្មានម៉ោង បន្ទាប់ពីការលុកលុយរបស់ពួកហាម៉ាសកាលពីថ្ងៃសៅរ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២០០នាក់នៅក្នុងតំបន់ហ្គាហ្សា។
អង្គការសហប្រជាជាតិបាននិយាយថា មនុស្សជិត ៣៤ ម៉ឺន នាក់ត្រូវផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា ដោយជាងពីរភាគបីនៃពួកគេទៅជ្រកកោននៅក្នុងសាលារៀនរបស់អង្គការសហប្រជាជាតិ។
អង្គការមនុស្សធម៌បានព្រមានអំពីកង្វះអាហារ ទឹក ប្រេង និងថ្នាំពេទ្យ ពេលអ៊ីស្រាអែលរាំងខ្ទប់តំបន់ហ្គាហ្សា។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រធានាធិបតី Isaac Hertzog និងមន្ត្រីអ៊ីស្រាអែលដទៃទៀត។
លោក Blinken ក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសហ្សកដានី ជាកន្លែងដែលមន្ត្រីអាមេរិកម្នាក់បាននិយាយថា លោកនឹងជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas និងស្តេចហ្សកដានីព្រះបាទ Abdullah ទី ២។
នៅថ្ងៃសុក្រ ប្រទេសប្រេស៊ីល ដែលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.គ្រោងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សានេះពិភាក្សាអំពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។
អង្គការអូតង់និយាយថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៅថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុងព្រុចសែលបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ ដោយបង្ហាញសាមគ្គីភាពជាមួយអ៊ីស្រាអែល និងបានអំពាវនាវឱ្យពួកសកម្មប្រយុទ្ធដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់៕
អ្នកស្រី Anita Powell អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA នៅសេតវិមានរួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។ ព័ត៌មានមួយចំនួនក្នុងអត្ថបទនេះបានមកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។