អ្នកវិភាគចង្អុលបង្ហាញពីការបរាជ័យផ្នែកសន្តិសុខជាច្រើនរបស់បណ្តាញស៊ើបការណ៍សម្ងាត់ និងយោធាអ៊ីស្រាអែល មុនពេលការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល។
លោក Andrew England អ្នកនិពន្ធនាយកប្រចាំតំបន់មជ្ឈិមបូព៌ានៃកាសែត Financial Times របស់ទីក្រុងឡុងដ៍ សម្តែងការភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងការបើកការវាយប្រហារដោយសម្របសម្រួលពីតំបន់ហ្គាហ្សា ដែលហ៊ុមព័ទ្ធដោយរបងយោធាអ៊ីស្រាអែល និងប៉ុស្តិ៍ត្រួតពិនិត្យ។ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានចាត់ទុកក្រុមហាម៉ាស់ជាអង្គការភេរវកម្ម។
លោក England បានសរសេរថា៖ «ប្រតិបត្តិការដ៏ប្រល័យ ដែលបានរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន និង ពហុមុខរបស់ក្រុមហាម៉ាស់បានធ្វើឲ្យមានសុបិនដ៏អាក្រក់ដ៏គួរឱ្យភ័យខ្លាចបំផុតសម្រាប់អ៊ីស្រាអែល៖ ជនស៊ីវិលជាប់ផុងនៅសមរភូមិជួរមុខនៃជម្លោះដ៏រ៉ាំរ៉ៃ ខណៈដែលផ្ទះរបស់ពួកគេបានក្លាយជាតំបន់សង្រ្គាម។ លោកបាននិយាយថាវា «បង្ហាញពីការបរាជ័យផ្នែកស៊ើបការណ៍សម្ងាត់ដ៏ធំមួយដែលនឹងបញ្ជូនរលកនៃការតក់ស្លុត និងការភ័យខ្លាច ទៅដល់សង្គមអ៊ីស្រាអែលទាំងមូល»។
លោក Natan Sachs ដឹកនាំមជ្ឈមណ្ឌលសម្រាប់គោលនយោបាយមជ្ឈិមបូព៌ានៅវិទ្យាស្ថានBrookings ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកបានប្រាប់ទស្សនិកជនតាមអ៊ីនធឺណេតនៅសប្តាហ៍នេះថា៖ «វិបត្តិនៃការមិនជឿទុកចិត្តយ៉ាងជ្រាលជ្រៅទៅលើរដ្ឋនិងយោធារបស់អ៊ីស្រាអែល» ឥឡូវនេះមានក្នុងចំណោមប្រជាជនអ៊ីស្រាអែលដែលមានការប៉ះទង្គិចផ្លូវចិត្ត។ លោក Sachs ក៏ដូចអ្នកដទៃដែរ រំពឹងថានឹងមានការឆ្លើយតបយ៉ាងតឹងរ៉ឹងរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស់។
លោកថ្លែងថា៖ «មានឆន្ទៈក្នុងការទាមទារនៅក្នុងប្រទេសអ៊ីស្រាអែលឲ្យសងសឹកវិញដែលមិនធ្លាប់មានក្នុងពេលអតីតកាល។ ការណ៍នេះនឹងក្លាយជាពេលវេលាដ៏អាក្រក់មួយនៅតំបន់ហ្គាហ្សា។ ខ្ញុំដឹងប្រាកដថានឹងមានកងកម្លាំងជើងគោកចូលវាយលុក។ ការអំពាវនាវក្នុងប្រទេសអ៊ីស្រាអែល ឲ្យផ្តួលរំលំកងកម្លាំងក្រុមហាម៉ាសឥឡូវនេះគឺខ្លាំងឡើងៗ។ ខ្ញុំមិនដឹងថាការអំពាវនាវរបស់ពួកគេនឹងបានផលយ៉ាងណានោះទេ ប៉ុន្តែខ្ញុំក៏មិនបដិសេធវាដែរ»។
អ្នកសង្កេតការណ៍ផ្សេងទៀតនិយាយថា អ៊ីស្រាអែលបានប្រមូលផ្តុំកងទ័ពនៅតំបន់ West Bank និងភាគខាងជើងបន្ថែមទៀត ក្នុងការប្រមើលមើលដល់ការផ្ទុះអំពើហិង្សានៅទីនោះ ជាជាងនៅជិតព្រំដែនភាគខាងត្បូងជាមួយតំបន់ហ្គាហ្សា។ ពួកគេបានកត់សម្គាល់ពីការជំរុញរបស់រដ្ឋាភិបាលអ៊ីស្រាអែលដែលប្រកាន់ស្តាំនិយមនាពេលបច្ចុប្បន្នក្នុងការរៀបចំឡើងវិញនូវតុលាការកំពូល ដោយបណ្តាលឲ្យមានការតវ៉ាដ៏ខ្លាំងក្លាជាច្រើនខែពីប្រជាពលរដ្ឋ រួមទាំងទាហានបម្រុងផងដែរ ដែលអាចត្រូវបានក្រុមហាម៉ាស់ចាត់ទុកថាជាចំណុចខ្សោយ។
លោក Patrick Lane នៃទស្សនាវដ្តី The Economist បានសរសេរថា៖ «ក្រុមហាម៉ាស់ត្រូវតែសងថ្លៃខូចខាតដោយសារភាពឃោរឃៅរបស់ខ្លួន។ ប៉ុន្តែវាក៏ច្បាស់ដែរថា គោលនយោបាយដែលបានបន្តជាយូរមកហើយរបស់លោក Binyamin Netanyahu ក្នុងការមិនអើពើនឹងសេចក្តីប្រាថ្នារបស់ប៉ាឡេស្ទីនឲ្យមានអធិបតេយ្យភាពគឺស្ថិតក្នុងភាពបែកខ្ញែក»។
ខណៈដែលអ៊ីស្រាអែលត្រូវបានគេស្គាល់ថាមានប្រព័ន្ធការពារដែនអាកាសដ៏ទំនើបដែលរួមមានប្រព័ន្ធស្ទាក់ចាប់មីស៊ីល Iron Dome និងយន្តហោះគ្មានមនុស្សបើក អតីតមន្ត្រី ស៊ើបការណ៍សម្ងាត់អាមេរិក(CIA) នៅមជ្ឈិមបូព៌ា លោក Bob Baer បានប្រាប់ទូរទស្សន៍ CNN ថា ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនមានការស៊ើបការណ៍ល្អលើក្រុមហាម៉ាស់ និងផែនការរបស់ក្រុមនោះទេ។
លោកថ្លែងថា៖ «ពួកគេមិនប្រើទូរស័ព្ទចល័តទេ។ មិនមានទិន្នន័យដើមអំពីមនុស្សទាំងនេះទេ។ ដូច្នេះ អង្គការនេះបានក្លាយជាស្ថាប័នមួយដែលមានវិន័យខ្លាំង។ ជនជាតិអ៊ីស្រាអែលមិនមានអ្នកស៊ើបការពូកែណាមួយនៅក្នុងតំបន់ហ្គាហ្សាទេ។ បើមិនដូច្នេះទេ ពួកគេបានដឹងអំពីការវាយប្រហារនេះហើយ។ វាពិតជាចន្លោះប្រហោងដ៏ធំមួយសម្រាប់អ៊ីស្រាអែល។ ការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សានឹងប្រថុយនឹងមានសង្គ្រាមក្នុងតំបន់»។
ការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីប្រទេសលីបង់ចូលទៅក្នុងភាគខាងជើងប្រទេសអ៊ីស្រាអែលកាលពីល្ងាចថ្ងៃអង្គារដល់ព្រឹកថ្ងៃពុធបានធ្វើឱ្យមានការព្រួយបារម្ភអំពីគ្រោះថ្នាក់កាន់តែធំ។
លោក Sachs នៃវិទ្យាស្ថាន Brookings និយាយថា ការពិចារណាលើគោលនយោបាយដ៏សំខាន់បំផុតមួយគឺធ្វើឱ្យប្រាកដថា ក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅប្រទេសលីបង់ មិនហក់ចូលជម្លោះនេះ។
លោកថ្លែងថា៖ «ក្រុមហេសបូឡាមានកម្លាំងខ្លាំងជាងក្រុមហាម៉ាស់ច្រើនណាស់ ហើយការឆ្លើយតបរបស់អ៊ីស្រាអែលនៅលីបង់ ខ្ញុំខ្លាចថានឹងមានការបំផ្លិចបំផ្លាញយ៉ាងពិតប្រាកដនៅក្នុងប្រទេសដែលកំពុងតែវិលវល់ដោយសារវិបត្តិក្នុងស្រុកដ៏ធំសម្បើម។ ប្រសិនបើ ក្រុមហេសបូឡា សម្រេចចិត្តចូលរួម ខ្ញុំមិនគិតថាអ៊ីរ៉ង់នឹងចូលរួមទេ។ យើងនឹងឃើញការបំផ្លិចបំផ្លាញដ៏ធំនៅភាគខាងជើងយ៉ាងច្បាស់ដោយសារអ៊ីស្រាអែលមានអារម្មណ៍ថាត្រូវបានរុញផ្ទប់នឹងជញ្ជាំង»។
លោក Karim Emile Bitar នៃមជ្ឈមណ្ឌលគោលនយោបាយសន្តិសុខក្រុងហ្សឺណែវ (Geneva for Security Policy) បានប្រាប់ទូរទស្សន៍ France24 ថា ខណៈពេលដែលក្រុមហាម៉ាស់ អាចរៀបចំផែនការនេះតែម្នាក់ឯង វាហាក់ដូចជាអ៊ីរ៉ង់បានផ្តល់ការគាំទ្រ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធការអះអាងនេះ។
លោក Bitar បាននិយាយថា៖ «ខ្ញុំគិតថា អ៊ីរ៉ង់កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយសារតែទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលដែលកំពុងបន្ត» ដែលអាចពន្យល់បានពី «ចំណុចរបត់នេះនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន»៕