អាជ្ញាធរប្រទេសអ៊ីស្រាអែល (Israel)នៅថ្ងៃចន្ទនេះនិយាយថា យោធារបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿង (Drone) ដែលបានហោះចូលក្នុងដែនអាកាសអ៊ីស្រាអែល។យោធាប្រទេសនេះអះអាងថាយន្តគ្មានមនុស្សបើកនេះ ហោះចេញពីតំបន់ហ្គាហ្សា (Gaza)។
ក្រុមយោធា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនេះ ដោយប្រើប្រាស់កាំជ្រួចមីស៊ីលប្រភេទ Patroit នៅពេលដែលយន្តហោះនោះបានហោះចូលក្នុងតំបន់ Ashdod ដែលស្ថិតនៅចន្លោះតំបន់ហ្គាហ្សា និង Tel Aviv។ នេះបើយោងតាមអ្នកនាំពាក្យយោធារបស់អ៊ីស្រាអែល។
យោធាអ៊ីស្រាអែលនិយាយថា ក្រុមសកម្មប្រយុទ្ធ Hamasនៅតែបន្តបាញ់ផ្លោងគ្រាប់រ៉ុកកែតចេញពី តំបន់ហ្គាហ្សា ចូលក្នុងទឹកដីរបស់អ៊ីស្រាអែល។
លោកអគ្គលេខាធិការ អ.ស.ប. បាន គីមូន (Ban Ki-moon) បានសម្ដែងការព្រួយបារម្ភចំពោះការរីករាលដាលនៃអំពើហិង្សានេះ នឹងជំរុញឲ្យភាគីទាំងពីរចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា៕