ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែលស្វះស្វែងពង្រឹងទំនាក់ទំនងជាមួយកម្ពុជាក្នុងវិស័យកសិកម្ម ខណៈសង្គ្រាមបន្តអូសបន្លាយ


អ្នកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជានិងថៃ និង​​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក ឌិត ទីណា សំណេះសំណាល​គ្នា​ នៅក្នុង​ជំនួប​មួយ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (Facebook/Orna Sagiv)
អ្នកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជានិងថៃ និង​​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក ឌិត ទីណា សំណេះសំណាល​គ្នា​ នៅក្នុង​ជំនួប​មួយ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (Facebook/Orna Sagiv)

មន្រ្តី​ការទូត​ជាន់​ខ្ពស់​របស់​អ៊ីស្រាអែល​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​បាន​អះអាង​ថា​ ខ្លួន​កំពុង​ស្វះស្វែង​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​ ក្នុង​នោះ​មាន​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​អ៊ីស្រាអែល​ក្នុង​ផ្នែក​កសិកម្ម។

ការ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​របស់​មន្រ្តី​ការទូត​ជាន់​ខ្ពស់​រូប​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​សង្រ្គាម​រវាង​អ៊ីស្រាអែល ​និង​ក្រុម​ហាម៉ាស់​នៅ​តែ​បន្ត ​ដែល​មាន​រយៈ​ពេល​ជាង ​៣​ខែ​មក​ហើយ ​ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​ ៧ ​ខែ​តុលា ​ឆ្នាំ​ ២០២៣ ​ដែល​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ស្លាប់។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះ ​អ្នកស្រី ​ Orna Sagiv ​ ឯក​អគ្គ​រដ្ឋទូត​អ៊ីស្រាអែលប្រចាំ​កម្ពុជា​និង​ថៃ ​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នា​សប្តាហ៍​នេះ ​ថ្លែង​ថា​ ក្រៅ​ពី​ការ​បញ្ជូន​និស្សិត​កម្ពុជា​ទៅ​ចុះ​កម្ម​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​ផ្នែក​កសិកម្ម ​អ៊ីស្រាអែល​កំពុង​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​អំពី​ការ​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ​(MOU)​ ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ផ្នែក​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រាអែល។​

អ្នកស្រី​ថ្លែង​ថា៖​ «ហើយ​ទី ២ ​នោះ ​គឺ​ស្វែង​រក​ឱកាស​ដើម្បី​ចាប់​ផ្តើម​មាន​ប្រភេទ​មួយ​ចំនួន​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​របស់​យើង​ទាំង​ពីរ​ ដែល​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​របស់​យើង​ទាំង​ពីរ​អាច​បញ្ជូន​អ្នក​ធ្វើ​ការ​ផ្នែក​កសិកម្ម​មួយ​ចំនួន​ទៅ​អ៊ីស្រាអែល។ ​ខ្ញុំ​សង្ឃឹម​ថា ​នឹង​ស្វែង​យល់​ពី​បញ្ហា​ទាំង​នេះ​ ខណៈ​ពេល​ដែល​ខ្ញុំ​នៅ​ទី​នេះ ​ហើយ​ខ្ញុំ​បន្ត​ធ្វើ​វា​ឲ្យ​បាន​សម្រេច»។​

អ៊ីស្រាអែល​កំពុង​ប្រឈម​នឹង​សង្រ្គាម​ជាមួយ​ក្រុម​ហាម៉ាស់ ​ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​ ៧ ​ខែ​តុលា​ ឆ្នាំ ​២០២៣។​ ការ​វាយ​ប្រហារ​ជាង​៣​ខែ​មក​នេះ​ក៏​បណ្តាល​ឲ្យ​និស្សិត​ខ្មែរ​ម្នាក់​ស្លាប់​ផង​ដែរ។​

អ្នកស្រី ​Orna Sagiv ​ឯក​អគ្គរដ្ឋទូត​អ៊ីស្រាអែល​លើក​ឡើង​ថា​ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ស្វែង​រក​ជម្រក​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​អ៊ីស្រាអែល។​

អ្នកស្រី​ថ្លែង​ថា៖ ​«ម្យ៉ាងវិញ​ទៀត​ រដ្ឋាភិបាល​កម្ពុជា ​រួម​ជាមួយ​នឹង​រដ្ឋាភិបាល​អ៊ីស្រាអែល ​នឹង​រួមគ្នា​ជាមួយ​វិទ្យាស្ថាន សាកល​វិទ្យាល័យ​ដែល​និស្សិត​ទាំង​នោះ​ស្ថិត​នៅ។ ​យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ពួកគេ​ស្ថិត​នៅ​ក្នុង​តំបន់​មាន​សុវត្ថិ​ភាព តំបន់​បៃតង ​និង​តំបន់​ដែល​មិន​សូវ​មាន​គ្រោះថ្នាក់។ ​ជា​ការ​ពិត​ណាស់​ គ្មាន​កន្លែង​ណា​នៅ​លើ​ពិភព​លោក​ដែល​អ្នក​អាច​និយាយ​បាន​ថា​ ១០០%​ ពួក​គេ​មាន​សុវត្ថិភាព​ទាំង​ស្រុង​ សូម្បី​តែ​នៅ​កន្លែង​ណា​ក៏​ដោយ»។​

បើ​តាម​អ្នកស្រី ​Orna Sagiv ​សិស្ស​និស្សិត​ខ្មែរ​សរុប​ប្រមាណ ​២​ពាន់​នាក់​ បាន​ទៅ​សិក្សា​ផ្នែក​កសិកម្ម​ក្នុង​ប្រទេស​អ៊ីស្រាអែល។​

ក្នុង​មួយ​ឆ្នាំ​ និស្សិត​ខ្មែរ​ប្រមាណ​ ២៥០​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​សិក្សា​ និង​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល ​ហើយ​បច្ចុប្បន្ន​នេះ​ ប្រជា​ពលរដ្ឋ​និង​និស្សិត​ខ្មែរ​ដែល​មាន​វត្តមាន​នៅ​អ៊ីស្រាអែល​មាន​ចំនួន​ប្រមាណ​ជាង​ ៤០០​នាក់។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា ​អ៊ឹម រចនា ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម។​

កញ្ញា ​អ៊ឹម រចនា ​បា្រប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ជំនួប​រវាង​អ្នកស្រី​ឯកអគ្គ​រដ្ឋទូត​អ៊ីស្រាអែល ​និង​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​បាន​ពិភាក្សា​ទៅ​លើ​កម្មវិធី​អភិវឌ្ឍ​ធនធាន​មនុស្ស ​តាម​រយៈ​កម្មវិធី​ហាត់ការ​នៅ​អ៊ីស្រាអែល ​ដែល​ពង្រឹង​សមត្ថ​ភាព​ជំនាញ​កសិកម្ម​របស់​និស្សិត​កម្ពុជា។ ​កញ្ញា​បន្ត​ថា​ ការ​បញ្ជូន​សិស្ស​និស្សិត​កម្ពុជា​ផ្នែក​កសិកម្ម​ទៅ​សិក្សា ​ឬ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​តែង​តែ​មាន​ជា​រៀង​រាល់​ឆ្នាំ ​ប៉ុន្តែ​កញ្ញា​បញ្ជាក់​ថា​ មិន​ទាន់​ដឹង​ពី​ចំនួន​និស្សិត​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​នោះ​ទេ។​

យ៉ាងណាមិញ ​កញ្ញា​បាន​អរគុណ​រដ្ឋាភិបាល​អ៊ីស្រាអែល​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​និស្សិត​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ទីនោះ។​

កញ្ញា​ថ្លែង​ថា៖​ «ប៉ុន្តែ​នៅ​ក្នុង​ខណៈ​ពេល​នេះ​ នៅ​ពេល​ដែល​អ៊ីស្រាអែល​កំពុង​មាន​សង្គ្រាម​ប្រដាប់​អាវុធ​ជាមួយ​នឹង​ក្រុម​ហាម៉ាស់ កម្ពុជា​កក់​ក្តៅ​ក្នុង​ចិត្ត​នៅ​ពេល​ដែល​លោក​ជំទាវ​ទូត​អ៊ីស្រាអែល​លោក​បាន​ផ្តល់​ការ​ធានា​ថា​នឹង​មើល​ថែ ​និង​ការពារ​សន្តិសុខ​សុវត្ថិភាព​របស់​និស្សិត​ខ្មែរ​យើង​ដែល​កំពុង​សិក្សា​និង​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​នោះ»។​

លោក ​កត្តា អ៊ន​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អ្នកស្រី​ឯកអគ្គ​រដ្ឋទូត​អ៊ីស្រាអែល​បាន​ពិភាក្សា​ជាមួយ​លោក ​ហេង សួរ រ​ដ្ឋ​មន្រ្តី​ក្រសួង​ការងារ​ ជុំវិញ​បញ្ហា​នានា​លើ​វិស័យ​ការងារ ​ដោយ​ស្វែង​យល់​អំពី​ការ​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​ខាង​ត្បូង ​និង​ជប៉ុន​ជាដើម។ ​លោក​បន្ត​ថា​ កម្ពុជា​និង​អ៊ីស្រាអែល​នឹង​អាច​បង្កើត​កិច្ច​សហការ​ប្រកប​ដោយ​ផ្លែផ្កា​នា​ពេល​ខាង​មុខ។​

លោក​ថ្លែង​ថា៖ ​«សូម​ជម្រាប​ថា​ ឯក​ឧត្តម​ ហេង សួរ ​ក៏​បាន​លើក​ពី​បទ​ពិសោធន៍​ដែល​កម្ពុជា​បាន​ធ្វើ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​ការងារ​ជាមួយ​បណ្តា​ប្រទេស​កូរ៉េ ​និង​ជប៉ុន​ ហើយ​គិត​មក​ដល់​ពេល​នេះ​សម្រាប់​ប្រទេស​អ៊ីស្រាអែល​ ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​មិន​បាន​បញ្ជូន​ពលករ​ណា​មួយ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​ទេ​ ក្រៅ​ពី​និស្សិត​កម្ពុជា​កំពុង​សិក្សា និង​ធ្វើ​កម្មសិក្សា​លើ​វិស័យ​កសិកម្ម​នៅ​ទីនោះ»។​

អ្នកស្រី ​ Orna Sagiv ​ក៏​បាន​ថ្លែង​ថា​ អ្នកស្រី​មិន​ដឹង​ថា​សង្រ្គាម​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ ​ហើយ​ប្រសិន​បើ​វា​មិន​ទាន់​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ​វា​នឹង​ប៉ះពាល់​ដល់​គម្រោង​នៃ​ការ​បញ្ជូន​និស្សិត​កម្ពុជា​ទៅ​សិក្សា​ក្នុង​ប្រទេស​អ៊ីស្រាអែល៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG