ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ អ៊ីស្រាអែលស្ថិតក្នុងចំណោមប្រទេសដែលចាប់អ្នកកាសែតដាក់ក្នុងពន្ធនាគារច្រើនជាងគេក្នុងពិភពលោក


រូបឯកសារ៖ អ្នកសារព័ត៌មាន​ប៉ាឡេស្ទីន​ប្រមូល​ផ្តុំគ្នា​ក្នុង​ពិធី​ដើរ​ហែក្បួន​មួយ​ទៅកាន់​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅតំបន់​ West Bank ក្នុងទីក្រុង Ramallah កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។
រូបឯកសារ៖ អ្នកសារព័ត៌មាន​ប៉ាឡេស្ទីន​ប្រមូល​ផ្តុំគ្នា​ក្នុង​ពិធី​ដើរ​ហែក្បួន​មួយ​ទៅកាន់​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅតំបន់​ West Bank ក្នុងទីក្រុង Ramallah កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។

របាយការណ៍មួយ​ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ​រក​ឃើញ​ថា​ ការឆ្លើយ​តបកំពុង​ធ្វើឡើងរបស់​អ៊ីស្រាអែលទៅលើ​ការវាយប្រហារ​ដោយ​ពួកហាម៉ាស់​កាលពី​ឆ្នាំ ២០២៣ ​មានរួមការកើនឡើង​នៃ​ការ​ចាប់ខ្លួន​អ្នក​កាសែតប៉ាឡេស្ទីននៅ​ក្នុងតំបន់ West Bank ដែលត្រូវបាន​កាន់កាប់។

បើតាមគណៈកម្មាធិការ​ការពារ​អ្នកកាសែត​ ឬ CPJ មានមូលដ្ឋាននៅបូរី New York ថា ​ក្នុង​ឆ្នាំ ២០២៣ ​ប្រទេស​អ៊ីស្រាអែល​ជា​ប្រទេស​ដែល​ដាក់គុក​អ្នកកាសែត​ច្រើន​ក្នុង​លំដាប់ទី​ ៦ ​ក្នុងពិភពលោក ដោយ​អ្នក​កាសែត ១៧នាក់ ជាប់ឃុំឃាំងក្នុងពន្ធនាគារនៅ​ក្រោយ​ការវាយប្រហារភេរវកម្ម​ កាលពី​ថ្ងៃទី៧ ខែ​តុលា។

របាយការណ៍​ប្រចាំ​ឆ្នាំនេះ ដែលបានថតរូបក្រុម​អ្នកកាសែត​ជាប់ពន្ធនាគារ​ដោយសារការងារ​របស់ពួក​គេចាប់តាំង​ពី​ថ្ងៃទី ១​ ខែធ្នូមក បានរក​ឃើញអ្នក​សារព័ត៌មាន​ទាំង​អស់ ​៣២០នាក់ ជាប់ឃុំឃាំង​ក្នុង​គុក។ ក្នុង​ចំណោម​ជនជាប់ឃុំឃាំង​ទាំង​នេះ​មាន​អ្នក​រួម​ចំណែក​ការងារ​ឱ្យវីអូអេនិងបណ្តាញព័ត៌មាន​វិទ្យុ​អាស៊ីសេរី​និង​វិទ្យុ​អឺរ៉ុប​សេរី/វិទ្យុ​សេរីភាព​។

ចិន​ជាប់​លំដាប់ថ្នាក់​ខ្ពស់​ជាងគេនៅក្នុង​ការ​ស្រង់ចំនួនអ្នក​សារព័ត៌មានដែល​ជាប់ពន្ធនាគារ បន្ទាប់មក​គឺមីយ៉ាន់ម៉ា បេឡារុស​ រុស្ស៊ីនិងវៀតណាម។​ អ៊ីរ៉ង់និងអ៊ីស្រាអែល​មានលំដាប់​ថ្នាក់ទី ៦ ​ដូចគ្នា ដោយប្រទេស​នីមួយៗ​មានអ្នកកាសែត​ ១៧នាក់​ ជាប់គុក។

អ្នកស្រី Jodie Ginsberg នាយិកា​ប្រតិបត្តិ​នៃគណៈកម្មាធិការ​ការពារ​អ្នកកាសែត​ហៅ​ CPJ បាន​និយាយថា៖ «សារមានភាពច្បាស់លាស់។​ ក្រុមអ្នកកាសែតបានធ្វើ​ឱ្យ​ពួកអ្នកមានអំណាច​មានការទទូល​ខុសត្រូវខ្ពស់។​ ហើយ​ពួក​ជនកាន់​អំណាចទាំងនោះជាញឹកញាប់​យល់ថា ​ពួក​អ្នក​សារព័ត៌មានគំរាមកំហែង​ពួក​គេ»។

អ្នក​ស្រី Ginsberg បានថ្លែងថា ​ទិន្នន័យ​នេះ​បង្ហាញ​អំពី​ថា ​តើរបបផ្តាច់ការរំលោភច្បាប់​ស្តីពី«​ការ​ឃាត់ខ្លួន​និងបំបិទមាត់​អ្នកសារព័ត៌មាន»​បែបណា។

អ្នកស្រី​បានពោលថា៖ «ហើយនេះ​ជា​អ្វី​ដែលរបបផ្តាច់ការចង់ធ្វើ។​ របបទាំង​នេះមានបំណង​បំបិទ​មាត់​សំឡេងអ្នក​រិះគន់»។​

គណៈកម្មាធិការ CPJ បានប្រមូល​ឯកសារអំពី​ការចាប់ខ្លួនអ្នក​កាសែត​ប៉ាឡេស្ទីនថែមទៀត តាំង​ពីបានស្រង់ចំនួនអ្នកសារព័ត៌មានជាប់គុកកាលពី​ថ្ងៃទី ​១ ខែ​ធ្នូ ឆ្នាំ​ ២០២៣។ CPJ បានរក​ឃើញ​ថា អ៊ីស្រាអែល​បានឃុំឃាំងអ្នក​កាសែត ២៥​នាក់​ តាំង​ពី​ថ្ងៃទី៧ ខែតុលាមក ហើយ​នៅ​ថ្ងៃទី១៧ ខែ​មករា អ្នកសារព័ត៌មាន ​១៩នាក់ នៅជាប់គុក​នៅឡើយ។
អ្នកស្រី Ginsberg បាននិយាយថា៖ «ចំនួន​អ្នកកាសែត​ត្រូវ​ចាប់ខ្លួនជាច្រើន​ទាំងនេះ ជា​ការឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ការបង្ក្រាបខ្លាំងលើ​ពួកអ្នកសារព័ត៌មាន»។

សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់ជាសង្គ្រាម​នាំ​ឱ្យមានអ្នក​សារព័ត៌មាន​ស្លាប់ច្រើន​បំផុត​ក្នុងកំណត់ត្រា ដោយ​អ្នកកាសែតយ៉ាង​ហោចណាស់ ៨៣នាក់ ​ត្រូវ​បានសម្លាប់ រួមមានអ្នកកាសែត​ប៉ាឡេស្ទីន ​៧៦នាក់ អ៊ីស្រាអែល​ ៤​នាក់​ និងលីបង់ ៣នាក់។

ក្រសួងការបរទេស​អ៊ីស្រាអែល​មិនបានឆ្លើយ​តប​នឹងសារ​អ៊ីម៉ែល​របស់វីអូអេ​ដែល​សុំ​អត្ថាធិប្បាយ​ទេ។ ក្រសួង​នេះបានបដិសេធ​ពី​មុនថាអ៊ីស្រាអែល​មិនបានយក​អ្នក​កាសែត​ជា​ទីដៅវាយប្រហារទេ។​

បើតាម​អ្នកស្រី Nour Odeh អ្នកវិភាគ​នយោបាយប៉ាឡេស្ទីនថា ​ការចាប់ឃុំឃាំង​ទាក់ទិននឹង​បណ្តាញ​ព័ត៌មាន​ជា​រឿង​ធម្មតានៅ​ក្នុង​តំបន់ West Bank។ ប៉ុន្តែ​អ្នកស្រី Odeh ដែល​ជាអតីត​អ្នក​កាសែតរបស់បណ្តាញ​ទូរទស្សន៍ Al Jazeera បាន​និយាយថា​អ្នក​ស្រីមិនដែល​ឃើញការចាប់​អ្នកសារព័ត៌មាន​ច្រើន​បែប​នេះ​កាលពី​ពេល​មុន​ទេ។

អ្នកស្រី​ Odeh បាន​និយាយ​ប្រាប់វីអូអេ​ពីក្រុង Ramallah ថា៖ «​ចំនួននៃការ​ចាប់ឃុំឃាំងទាំង​នេះជារឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល»។ អ្នកស្រី​បានបន្ថែមថា ​អ្នកស្រី​យល់ថា ​គោល​ដៅ​នៅ​ពី​ក្រោយ​ការបង្ក្រាប​នេះ​គឺ«បង្ហាញថានរណាជា​ចៅហ្វាយនាយ»។

CPJ បានរក​ឃើញថា​អ្នកកាសែត​ភាគ​ច្រើនដែលត្រូវបានចាប់ខ្លួន ​ត្រូវបាន​ឃុំឃាំងបែប​រដ្ឋបាល។ ការណ៍​នេះ​មានន័យថា អាជ្ញាធរ​អ៊ីស្រាអែលអាច​ឃុំឃាំងពួក​គេដោយ​គ្មាន​ការ​ចោទប្រកាន់ ដោយសារអាជ្ញាធរនេះមានជំនឿថា អ្នកសារព័ត៌មានគ្រោង​នឹង​ប្រព្រឹត្តឧក្រិដ្ឋកម្មក្នុង​ពេល​អនាគត។

អ្នក​ស្រី Odeh បាន​ថ្លែង​ថា៖ «ទោះ​មិន​ធ្វើ​អ្វី​ខុស ក៏គេអាច​ឃុំ​ខ្លួន​បានដែរ។ គ្មាន​ការការពារ​ទេ។ គ្មានអ្វី​ការពារលោកអ្នកឡើយ»។

អ្នកស្រី Ginsberg បាន​និយាយ​ថា ​មាន​ទំនោរមួយទៀត​នៅ​ក្នុងការស្រង់ឈ្មោះ​អ្នកកាសែត​ជាប់ពន្ធនាគារនៅ​ឆ្នាំនេះគឺ​ការប្រើការចោទប្រកាន់​មិនទាក់ទិននឹងការងារសារព័ត៌មានដើម្បីយក​អ្នកសារព័ត៌មានជា​ទីដៅ។ ការចោទប្រកាន់ទាំង​នោះ​មាន​តាំង​ពី​ការ​លាង​សម្អាត​លុយ​កខ្វក់​រហូត​ដល់​ការ​គេចពី​ពន្ធដារនិងអំពើ​ភេរវកម្ម។​

អ្នកស្រី Ginsberg ថា៖ «​តាមវិធី​នេះ​ ពួកអ្នក​កាន់អំណាចអាចលាបពណ៌អ្នក​កាសែតថា​ជាឧក្រិដ្ឋជន ជា​សត្រូវ»។

រដ្ឋាភិបាលចិនស្ថិតក្នុង​ចំណោមប្រទេស​ដែល​ប្រើ​ការចោទប្រកាន់​អំពី​សន្តិសុខជាតិ​ដើម្បីយក​អ្នកសារព័ត៌មានជា​ទី​ដៅ។​

ជា​យូរ​មកហើយ ចិន​ស្ថិត​ក្នុងចំណោម​ប្រទេស​ចាប់អ្នក​កាសែត​ដាក់គុក​ច្រើន​ជាងគេ​ក្នុងពិភពលោក។ នៅឆ្នាំនេះ ​ប្រទេសនេះស្ថិត​ក្នុងលំដាប់​កំពូល ដោយមាន​អ្នក​សារព័ត៌មាន​ ៤៤នាក់ ជាប់ពន្ធនាគារ។

ជិត​ពាក់​កណ្តាល​នៃអ្នក​ទាំង​នោះ​ រួមមានអ្នកកាសែត ១៩នាក់ ជាជាតិសាសន៍​ Uyghur ដែល​បង្ហាញ​ឱ្យឃើញស្ថានភាពសេរីភាពកាសែតដ៏​អាក្រក់និង​ការរំលោភលើសិទ្ធិមនុស្សប្រឆាំងនឹង​ជាតិសាសន៍​នេះ​ដែល​ភាគច្រើនជា​អ្នក​កាន់សាសនា​អ៊ិស្លាម។

អង្គការ​សហប្រជាជាតិ​បាន​ព្រមានថា​ ការ​រំលោភ​របស់ចិនប្រឆាំងនឹងជាតិសាសន៍​Uyghur ក្នុង​តំបន់ Xinjiang អាច​សន្មត​ថា ​ជាឧក្រិដ្ឋកម្មប្រឆាំង​នឹងមនុស្សជាតិ។ រដ្ឋាភិបាល​មួយចំនួន រួម​ទាំងសហរដ្ឋអាមេរិក​ផង​ដែរ បាននិយាយថា​ ការរំលោភ​ទាំង​នេះសន្មត​ថា​ជា​ការ​ប្រល័យ​ពូជសាសន៍។ រដ្ឋាភិបាលក្រុង​ប៉េកាំង​បដិសេធ​ថាខ្លួនមិន​បានធ្វើអ្វីខុស​ទេ។​

សម្រាប់អ្នកស្រី Zubayra Shamseden ដែល​ធ្វើការនៅ​គម្រោងការ​សិទ្ធិ​មនុស្ស Uyghur នៅរដ្ឋធានី​វ៉ាស៊ីនតោន ការដាក់គុក​ក្រុម​អ្នក​សារព័ត៌មាន Uyghur ដោយមិនមានសមាមាត្រ​មិនមែន​ជាការគាប់ជួនទេ។

អ្នកស្រី Shamseden បាន​និយាយ​ប្រាប់វីអូអេថា៖ «​សម្រាប់រដ្ឋាភិបាលចិន ក្រុម​អ្នកកាសែត Uyghur ជាក្រុម​មនុស្ស​នាំឱ្យមានគ្រោះថ្នាក់។ ពួក​គេ​ប្រឹងប្រែង​បង្ក្រាប​អ្នកសារព័ត៌មាន​ Uyghur ជាពិសេស ពីព្រោះ​ពួកគេចង់បំបិទ​សំឡេង​ Uyghur។​

អ្នកស្រី Ginsberg នៃ​គណៈកម្មាធិការ CPJ បាន​ថ្លែងថា ​អ្នកកាសែតដែល​រាយការណ៍អំពី​ក្រុមជនអំបូរភាគតិត ឬ​អ្នកកាសែតដែល​ជា​ជនអំបូរ​ភាគតិច​ផ្ទាល់​គឺស្ថិត​ក្នុង​បណ្តាពួក​ជន​ដែល​ត្រូវបាន​ធ្វើទុក្ខ​បុកម្នេញខ្លាំង​បំផុត។

​ជា​ការឆ្លើយ​តបនឹង​សារ​អ៊ីម៉ែល​របស់វីអូអេ​សុំ​អត្ថាធិប្បាយ អ្នកនាំពាក្យ​ម្នាក់​នៃ​ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោន​បាន​ច្រានចោលរបាយការណ៍ដែល​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិនបាន​គោរពសេរីភាពសារព័ត៌មាន។

អ្នកនាំពាក្យ​រូបនេះ​បាននិយាយ​ថា៖ «រដ្ឋាភិបាល​ចិន​ការពារ​សេរីភាពសារព័ត៌មាន​តាម​រយៈច្បាប់​ហើយបើក​ឱ្យបណ្តាញ​ព័ត៌មាន ហើយ​ពលរដ្ឋ​មានមុខ​នាទី​ក្នុងការត្រួតពិនិត្យ​មតិសាធារណៈ»។

អ្នកនាំពាក្យ​រូបនេះបានថ្លែង​ថា​មនុស្ស​ខ្លះនៅ​ក្នុងសហរដ្ឋអាមេរិក «បង្ខូច​កេរ្តិ៍ឈ្មោះ​និង​វាយប្រហារប្រទេស​ចិន»ដែល ពួក​គេបាននិយាយ​ថា« អាមេរិក​ខ្លួន​ឯង​ទេដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត»។

អ្នកស្រី Ginsberg បាន​ចង្អុល​បង្ហាញទៅទីក្រុងហុងកុងដែលនៅ​ទីនោះសេរីភាព​បណ្តាញ​ព័ត៌មាន​បានចុះថមថយ​តាំង​ពី​ចិន​បានប្រើច្បាប់សន្តិសុខជាតិ​កាលពី​ឆ្នាំ ២០២០​ ជា​ភស្តុតាងមួយ​ផ្ទុយ​ពី​ការណ៍​ពិត។

លោក Jimmy Lai អ្នកបោះពុម្ព​ផ្សាយ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កំពុង​ត្រូវកាត់ទោស​តាមរយៈច្បាប់នេះ ហើយ​ប្រសិន​បើ​ត្រូវរក​ឃើញ​ថា​មានទោស លោក​អាចជាប់ពន្ធនាគារ​មួយជីវិត។

អ្នក​សារព័ត៌មានភាគច្រើនជាប់គុកនៅក្នុងប្រទេស​ពួកគេផ្ទាល់។ ប៉ុន្តែក្នុង​បណ្តា​អ្នក​កាសែត ​៣២០នាក់ ​ដែល​ជាប់ពន្ធនាគារ​ក្នុង​ពិភពលោក អង្គការ CPJ បានរក​ឃើញថា ១៧នាក់ ​ជាប់ឃុំឃាំង​នៅ​ប្រទេសក្រៅ-ភាគ​ច្រើននៅ​រុស្ស៊ី។

ក្នុង​ចំណោម​អ្នកសារព័ត៌មាន ​២២នាក់ ​ជាប់ពន្ធនាគារ​ក្នុងប្រទេសរុស្ស៊ី ១២នាក់ ​ជា​ជនបរទេស មានរួម​ជនជាតិអាមេរិកាំងពីរនាក់​និង​ជនជាតិអ៊ុយក្រែន ១០នាក់។​

អ្នកស្រី​ Ginsberg បាន​ពោលថា​៖ «ការណ៍​នេះ​ប្រាប់​លោកអ្នក ពី​របៀប​ដែល​រុស្ស៊ី​ចង់គ្រប់គ្រងការ​ពណ៌នាពី​ប្រទេស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​ក៏​បង្ហាញ​អំពី​របៀប​ដែល​រុស្ស៊ី​ចង់គ្រប់គ្រងការ​ពណ៌នាពី​ប្រទេស​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ផងដែរ»។

ស្ថានទូត​រុស្ស៊ីនៅរដ្ឋធានីវ៉ាស៊ីនតោនមិន​បានឆ្លើយតបនឹង​សារ​អ៊ីម៉ែល​របស់វីអូអេ​ដែល​សុំអត្ថាធិប្បាយ​ទេ។

អ្នក​កាសែតអាមេរិកាំងដែលជាប់ពន្ធនាគារនៅ​រុស្ស៊ី​គឺលោក Evan Gershkovich នៃសារព័ត៌មានThe Wall Street Journal និង​អ្នកស្រី Alsu Kurmasheva នៃ​វិទ្យុ​អឺរ៉ុបសេរី​និង​វិទ្យុ​សេរីភាព។ ក្រុម​សេរីភាពកាសែត​អន្តរជាតិ​និយាយ​ថា​ការចោទប្រកាន់​ប្រឆាំង​នឹងអ្នកកាសែត​ទាំង​ពីរនាក់នេះ​គ្មាន​មូលដ្ឋាន​ ហើយ​ទាក់ទិន​នឹង​រឿងនយោបាយ។

លោក Gershkovich ដែលបានបដិសេធ​ការចោទប្រកាន់អំពី​ចារកម្មប្រឆាំងនឹងលោក បាន​ជាប់ឃុំឃាំងជិត ១០ខែ មកហើយ។ ហើយអ្នកស្រី​ Kurmasheva ដែល​ជាប់ឃុំឃាំងកាល​ពីខែតុលា បានច្រានចោល​ការចោទប្រកាន់ថាអ្នកស្រី​បានរំលោភ​លើ​ច្បាប់​រុស្ស៊ីស្តីពី​ភ្នាក់ងារបរទេស។

លោក Paul Beckett ជាបណ្ណាធិការ​ជំនួយ​នៃ​កាសែត The Wall Street Journal មានមូលដ្ឋាន​នៅរដ្ឋធានី​វ៉ាស៊ីនតោន ​បាន​ដឹកនាំយុទ្ធនាការរបស់សារព័ត៌មាន​នេះដើម្បី​ឱ្យមានការដោះលែង​លោក Gershkovich។ លោកថា ខួបមួយឆ្នាំ​នៃការចាប់ខ្លួនសហសេវិករូបនេះ​របស់លោក​គួរពង្រឹង​ជាថ្មី​ការប្រឹងប្រែងសម្រាប់​ឱ្យ​មាន​ការដោះលែងអ្នក​កាសែត​រូបនេះ។

លោក Beckett បានថ្លែង​ប្រាប់វីអូអេ​ថា៖ «ការណ៍នេះ​គួរឱ្យជនគ្រប់គ្នាដឹង​អំពីភាព​បន្ទាន់ដែល​ថាការ​ឃុំឃាំងនេះមានយូរណាស់ហើយ ហើយត្រូវការឱ្យមានការដោះលែង​លោក Gershkovich ឱ្យបានឆាប់រហ័សតាមដែល​អាចធ្វើបាន»៕

ប្រែសម្រួល​ដោយលោក ឈឹម​ សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG