ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីននៅអូស្ត្រាលីសម្រុកចូលសណ្ឋាគារដែលគណៈប្រតិភូអ៊ីស្រាអែលស្នាក់នៅ


រូបឯកសារ៖ ក្រុមបាតុករប្រមូលផ្តុំគ្នាក្នុងអំឡុងការដើរហែក្បួនគាំទ្រ​ជនជាតិប៉ាឡេស្ទីន នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ក្រុមបាតុករប្រមូលផ្តុំគ្នាក្នុងអំឡុងការដើរហែក្បួនគាំទ្រ​ជនជាតិប៉ាឡេស្ទីន នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជនជាតិ​អ៊ីស្រាអែល​មួយ​ក្រុម ដែល​សាច់ញាតិ​ត្រូវ​បាន​ក្រុម​ហាម៉ាស់ (Hamas) ចាប់​ពង្រត់​នៅ​ក្នុង​អំឡុង​ការ​វាយ​ប្រហារ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា ត្រូវ​បាន​ក្រុម​បាតុករ​ដែល​មាន​ទំនោរ​ទៅ​រក​ប៉ាឡេស្ទីន​ប្រហែល ២០ នាក់​តាម​រហូត​ដល់​សណ្ឋាគារ​របស់​ពួកគេ​បន្ទាប់ពី​ពួកគេ​បាន​ជួប​ជាមួយ​នឹង​សាធារណជន​និង​អ្នក​នយោបាយ​មូលដ្ឋាន​នៅ​ឯ​មហាវិទ្យាល័យ​មួយ​កន្លែង​កាលពី​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា។

រូបភាព​និង​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​បាន​បង្ហាញ​ឱ្យ​ឃើញ​ក្រុម​អ្នក​តវ៉ា​ស្រែក​ពាក្យ​ស្លោក​គាំទ្រ​បាឡេស្ទីន​និង​កាន់​បដា​ជា​ច្រើន​ដែល​បដា​មួយ​សរសេរ​អក្សរ​ថា៖ «បញ្ឈប់​ការ​ផ្ដល់​អាវុធ​ដល់​អ៊ីស្រាអែល។ ដោះលែង​ប៉ាឡេស្ទីន»។

នៅ​ទី​បំផុត ប៉ូលិស​បាន​បណ្ដេញ​បាតុករ​ទាំង​នេះ​ចេញ​ពី​សណ្ឋាគារ​នោះ។

ជនជាតិ​អ៊ីស្រាអែល​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ដើម្បី​ជួប​ជាមួយ​អ្នក​នយោបាយ​និង​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ជា​សាកល​ដើម្បី​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​លំបាក​វេទនា​របស់​ចំណាប់​ខ្មាំង​ដែល​ក្រុម​ហាម៉ាស់​បាន​ឃុំ​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza)។

គេ​ឃើញ​មាន​សេចក្ដី​រាយការណ៍​ថា​ជនជាតិ​អ៊ីស្រាអែល​ទាំង​នេះ​ត្រូវ​បាន​ឆ្មាំ​សន្តិសុខ​ឯកជន​នាំ​ទៅ​កាន់​ស្ថានីយ​ប៉ូលិស។ ក្រោយ​មក ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​ទីក្រុង​កង់បេរ៉ា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​តវ៉ា​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​គណៈប្រតិភូ​នេះ «មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព»។

អ្នកស្រី Jacinta Allan អភិបាល​រដ្ឋ Victoria បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា ឥរិយាបថ​របស់​ក្រុម​អ្នក​តវ៉ា​គឺ​គួរ​ឱ្យ​ខ្លាច។

អ្នកស្រី Allan ថ្លែង​ដូច្នេះ​ថា៖ «អ្នក​ដែល​រង​ទុក្ខសោក​និង​ការ​បាត់បង់​ដោយសារ​សង្គ្រាម​ដ៏​អាក្រក់​ដែល​កំពុង​បន្ត​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​នេះ​សក្ដិសម​នឹង​ទទួល​បាន​ការ​គោរព ការ​យកចិត្ត​ទុកដាក់ និង​ការ​គាំទ្រ​ពី​ពួក​យើង»។

នៅ​ក្នុង​ទីក្រុង​កង់បេរ៉ា លោក Peter Dutton មេដឹកនាំ​គណបក្ស​ប្រឆាំង​បែប​អភិរក្ស​និយម បាន​ប្រាប់​សភា​អូស្ត្រាលី​ថា ការ​តវ៉ា​ដែល​មាន​ទំនោរ​ទៅ​រក​ប៉ាឡេស្ទីន​នេះ​គឺ​ជា «ទង្វើ​អាក្រក់​គ្មាន​សីលធម៌»។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese បាន​ប្រាប់​សមាជិក​សភា​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​ថា ទង្វើ​របស់​បាតុករ​ទាំង​នេះ​គឺ «អាក្រក់​ហួសហេតុ»។

លោក Albanese ថ្លែង​ដូច្នេះ​ថា៖ «ការ​ធ្វើ​ដូច្នេះ​គឺ​មិន​បាន​ជួយ​អ្វី​ដល់​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន​នោះ​ទេ។ វា​មិន​បាន​ជួយ​អ្វី​ដល់​ការ​លើក​កម្ពស់​យុត្តិធម៌​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​ឬ​ក៏​សន្តិភាព​នៅ​ក្នុង​តំបន់​នោះ​ឡើយ»។

កាលពី​ពេល​ថ្មីៗ​នេះ សាច់ញាតិ​និង​មិត្តភក្តិ​របស់​ចំណាប់​ខ្មាំង​មួយ​ចំនួន​ដែល​ក្រុម​ហាម៉ាស់​បាន​ចាប់​យក​ទៅ​បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ឯ​សភា​ក្នុង​ទីក្រុង​កង់បេរ៉ា​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់​ខ្មាំង​ទាំង​នោះ​ជា​បន្ទាន់។

អូស្ត្រាលី​បាន​បញ្ជាក់​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ជឿជាក់​របស់​ខ្លួន​លើ​សិទ្ធិ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ការ​ការពារ​ខ្លួន​និង​ការ​តបត​ចំពោះ​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់ នៅ​ពេល​ដែល​មនុស្ស​ប្រហែល ១.២០០ នាក់​ត្រូវ​បាន​សម្លាប់​ហើយ​មនុស្ស ២៤០ នាក់​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង។

រដ្ឋាភិបាល​អូស្ត្រាលី​ក៏​បាន​ជំរុញ​ផង​ដែរ​ឱ្យ​អ៊ីស្រាអែល​ធ្វើ​តាម​ច្បាប់​សង្គ្រាម​និង​បង្ការ​កុំ​ឱ្យ​មាន​ជន​ស៊ីវិល​ស្លាប់។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ គេ​ឃើញ​មាន​ការ​តវ៉ា​រាប់​សិប​ដង​របស់​ក្រុម​អ្នក​គាំទ្រ​ប៉ាឡេស្ទីន​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី ក៏​ដូចជា​ការ​ជួបជុំ​គាំទ្រ​អ៊ីស្រាអែល​ផង​ដែរ។

មន្ត្រី​អូស្ត្រាលី​បាន​បង្ហាញ​ក្ដី​បារម្ភ​ទាក់ទិន​នឹង​ការ​កើនឡើង​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ជាតិ​សាសន៍​ជ្វីហ្វ​និង​ការ​រើសអើង​ប្រឆាំង​នឹង​សាសនា​អ៊ិស្លាម​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​តាំង​ពី​ពេល​ដែល​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​បាន​ផ្ទុះ​ឡើង​មក។

កាលពី​ខែ​តុលា លោក Ed Husic ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​អូស្ត្រាលី និង​អ្នកស្រី Anne Aly ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កុមារ​តូច​អូស្ត្រាលី បាន​និយាយ​ថា ជន​ស៊ីវិល​នៅ​តំបន់​ហ្កាហ្សា​បាន​រង​នូវ​ទណ្ឌកម្ម​រួម​របស់​អ៊ីស្រាអែល​ដោយសារ «អំពើ​ព្រៃផ្សៃ​របស់​ក្រុម​ហាម៉ាស់»។

លោក Husic និង​អ្នកស្រី Aly គឺ​ជា​រដ្ឋមន្ត្រី​ដែល​កាន់​សាសនា​អ៊ិស្លាម​តែ​ពីរ​រូប​គត់​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​អូស្ត្រាលី៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG