អ៊ីស្រាអែលនិងក្រុមហាម៉ាស់និយាយថាពួកគេបានព្រមព្រៀងគ្នាដើម្បីបន្តការឈប់បាញ់គ្នារយៈពេល១ថ្ងៃបន្ថែមទៀត។កងកម្លាំងការពារជាតិអ៊ីស្រាអែលបានបញ្ជូនសារជាភាសាហ៊ីប៊្រូតាមប្រព័ន្ធសង្គមX ថា៖«ដោយសារការខំប្រឹងប្រែងរបស់អ្នកសម្របសម្រួលដើម្បីបន្តដំណើការនៃការដោះលែងចំណាប់ខ្មាំងនិងអាចមានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ ការឈប់បាញ់គ្នានឹងបន្ត»។
សេចក្តីថ្លែងការណ៍បានកើតមានឡើងប្រហែល១៥នាទីមុនការឈប់បាញ់គ្នាត្រូវបញ្ចប់។
អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថាមានការមិនសប្បាយចិត្តនឹងបញ្ជីឈ្មោះរបស់ចំណាប់ខ្មាំងមុនដំបូងដែលក្រុមហាម៉ាស់បានស្នើដើម្បីបានបន្តការឈប់បាញ់គ្នានេះ។
ក្រុមហាម៉ាស់បាននិយាយថាអ៊ីស្រាអែលបានបដិសេធការស្នើសុំរបស់ខ្លួនដើម្បីដោះលែងចំណាប់ខ្មាំងស្ត្រី៧នាក់និងកូនក្មេងម្នាក់និងសាកសព៣ផ្សេងទៀតដែលពួកសកម្មប្រយុទ្ធបាននិយាយថាត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាចំណាប់ខ្មាំង១០នាក់ដែលជាស្ត្រីនិងកូនក្មេងបានស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinkenបានជួបជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Isaack Herzogនៅក្នុងទីក្រុង Tel Aviv នៅថ្ងៃព្រហស្បតិ៍នេះ។ នៅឯការចាប់ផ្តើមជំនួបនោះ លោក Blinken បានប្រាប់លោកប្រធានាធិបតី Isaack ថាសហរដ្ឋអាមេរិកជឿថាការឈប់បាញ់គ្នាកំពុងធ្វើឱ្យមានលទ្ធផលហើយត្រូវតែបន្តគឺ«យើងបានឃើញកាលពីចុងសប្តាហ៍ពីការអភិវឌ្ឍវិជ្ជមាននៃចំណាប់ខ្មាំងវិលត្រឡប់ទៅផ្ទះវិញ ជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេ ហើយថាការឈប់បាញ់គ្នានេះត្រូវតែបន្តនៅថ្ងៃនេះ។ វាក៏អាចជា ការបង្កើនជំនួយមនុស្សធម៌ដល់ជនស៊ីវិលស្លូតត្រង់នៅក្នុងតំបន់ហ្កាហ្សាដែលត្រូវការជំនួយនេះយ៉ាងខ្លាំង។
ក្នុងសេចក្តីថ្លែងការណ៍ របស់លោកប្រធានាធិបតីHerzog បានបញ្ជាក់ថាការវាយប្រហារដែលត្រូវបានធ្វើឡើងដោយខ្មាន់កាំភ្លើងប៉ាឡេស្ទីន២រូបនៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅក្នុងទីក្រុង Jerusalemហើយបានសម្លាប់មនុស្សយ៉ាងតិចណាស់៣នាក់និងរបួសរាប់សិបនាក់ទៀតជាឧទាហរណ៍មួយនៃ«សង្គ្រាមមិនចេះចប់»ដែលអ៊ីស្រាអែល«កំពុងប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកម្ម ជាពិសេសក្រុមហាម៉ាស់នៅក្នុងពេលវេលាដ៏ស្មុគ្រស្មាញនិងប្រឈមទាំងនេះ»៕
អ្នកស្រី Nike Ching ប្រធានការិយាល័យវីអូអេប្រចាំក្រសួងការបរទេសអាមេរិករាយការណ៍រឿងនេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFPនិង Ruters