ក្រុម Hezbollah បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ខ្លួនបានបាញ់កាំជ្រួចមីស៊ីលបាល្លីស្ទិកដៅលើទីស្នាក់ការរបស់ទីភ្នាក់ងារស៊ើបការសម្ងាត់ Mossad របស់អ៊ីស្រាអែលនៅជិតទីក្រុង Tel Aviv ខណៈដែលកងទ័ពអ៊ីស្រាអែលបានធ្វើអ្វីដែលយោធាបាននិយាយថាជាការវាយប្រហារដ៏ខ្លាំងប្រឆាំងនឹងក្រុម Hezbollah នៅក្នុងតំបន់ភាគខាងត្បូងនិងខាងកើតប្រទេសលីបង់។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាញ់ស្ទាក់កាំជ្រួចមីស៊ីលរបស់ក្រុម Hezbollah ដែលបានបណ្តាលឱ្យមានការបន្លឺសារ៉ែនតាមអាកាសនៅក្នុងទីក្រុង Tel Aviv។ មិនមានសេចក្តីរាយការណ៍ពីការខូចខាតឬមនុស្សស្លាប់និងរងរបួសទេ។
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់លីបង់បានរាយការណ៍ពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធ ដែលត្រូវចំតំបន់នានានៅភាគខាងត្បូងប្រទេសលីបង់។
ទីដៅនៃការវាយប្រហាររបស់អ៊ីស្រាអែលរួមមានទាំងឃ្លាំងគ្រាប់រំសេវ។ នេះបើតាមយោធាអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបានបន្ថែមថា ការបាញ់គ្រាប់រ៉ុក្កែតរបស់ពួកHezbollah ប្រហែល ៤០គ្រាប់ត្រូវបានតាមដានឃើញ ដោយត្រូវបានបាញ់ស្ទាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។
ជម្លោះរីកកាន់តែធំឡើងនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែលនិងលីបង់ ត្រូវបានកំណត់ឲ្យពិភាក្សានៅជំនួបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅរសៀលថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាមេរិកនៅក្នុងទីក្រុងញូវយ៉ក។
សម្តេចប៉ាប Francis មានព្រះរាជបន្ទូលកាលពីថ្ងៃពុធថា ព្រះអង្គមានការស្រងូតស្រងាត់ពីស្ថានភាពនៅក្នុងប្រទេសលីបង់ ហើយថាសហគមន៍អន្តរជាតិនឹងធ្វើការដើម្បីបញ្ឈប់អ្វីដែលព្រះអង្គបានហៅថាជា«ការរាលដាលដ៏គួរឱ្យភ័យខ្លាចនេះ»។
កិច្ចប្រឹងប្រែងការទូតដើម្បីរាំងខ្ទប់ការប្រយុទ្ធគ្នានិងការរារាំងនៃជម្លោះក្នុងតំបន់កាន់ តែធំ រួមមានជំនួបកាលពីថ្ងៃអង្គាររវាងប្រធានាធិបតីបារាំងលោកEmmanuel Macron និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkianក្នុងអំឡុងពេលដែលការិយាល័យរបស់ លោក Macron បាននិយាយថា លោកប្រធានាធិបតីបារាំងបាន«សង្កត់ពីការទទួលខុសត្រូវរបស់អ៊ីរ៉ង់ ដើម្បីគាំទ្រការបន្ធូរបន្ថយភាពតានតឹងទូទៅ ហើយនិងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយបណ្តាតួអង្គដែលធ្វើឱ្យមានអស្ថិរភាព»៕