ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​លើ​ប្រទេស​លីបង់​នៅ​ថ្ងៃ​ទី២នៅពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​បាន​ឡើង​ដល់ ៥៥៨នាក់


ផ្សែងហុយចេញពីផ្ទះដែលត្រូវបានបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភូមិ Khiam ដូចដែលបានឃើញពីទីក្រុង Marjayoun ភាគខាងត្បូងប្រទេសលីបង់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
ផ្សែងហុយចេញពីផ្ទះដែលត្រូវបានបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភូមិ Khiam ដូចដែលបានឃើញពីទីក្រុង Marjayoun ភាគខាងត្បូងប្រទេសលីបង់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់​បែក​លើ​ទីដៅ​នានា​របស់​ពួក​សកម្មប្រយុទ្ធ​ហេសបូឡា​នៅ​ក្នុង​ប្រទេស​លីបង់​កាលពី​ថ្ងៃ​អង្គារ ដោយ​ចំនួន​មនុស្ស​ស្លាប់​មកពី​ការវាយ​ប្រហារ​តាម​អាកាស​រយៈពេល​មួយ​ថ្ងៃ​បាន​ឡើង​ដល់៥៥៨នាក់ រួមជាមួយ​មនុស្ស​រងរបួស១ពាន់៨​រយ៣៥នាក់​ផ្សេង​ទៀត។

អ៊ីស្រាអែល​បាន​និយាយ​ថា​ខ្លួន​បាន​វាយ​ប្រហារ១ពាន់៥រយ​កន្លែង​នៅ​ក្នុង​រយៈពេល​២៤ម៉ោង ដោយ​ពួក​មន្ត្រី​សុខាភិបាល​លីបង់​និយាយ​ថា​កូនក្មេង៥០នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​នោះ រួមជាមួយ​ស្ត្រី​យ៉ាង​តិច​ណាស់​ក៏៥៨នាក់​ដែរ។

ជនជាតិ​លីបង់​រាប់​ពាន់​នាក់បាន​រត់​គេចដោយ​ខ្លួន​ឯង​និង​ទៅតាម​ការស្នើសុំ​របស់​អ៊ីស្រាអែល​ចេញពី​តំបន់​ភាគ​ខាង​ត្បូង​លីបង់​នៅ​ក្នុង​ការស្វែងរក​ទីសុវត្ថិភាព​ពី​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល ធ្វើ​ឱ្យ​ស្ទះ​ផ្លូវ​នានា​នៅ​ផ្នែក​ខាង​ជើង​ទីក្រុង​បេរូត។ ក៏ប៉ុន្តែ អ៊ីស្រាអែល​ក៏​បាន​វាយ​ប្រហារ​ទី​កន្លែង​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋធានី​ដែរ ដោយ​ការវាយ​ប្រហារ​មួយ​បាន​ត្រូវ​ចំ​អគារ​កម្ពស់​៦​ជាន់​ដែល​បាន​សម្លាប់​មនុស្ស៦នាក់​និង​ធ្វើឱ្យ​រង​របួស​១៥​នាក់។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ការវាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួនកាលពី​ថ្ងៃ​អង្គារ​បាន​ត្រូវចំ​ទីដៅ​រាប់​សិប​របស់​ក្រុម​ហេសបូឡា​រួមមាន​ពួកសកម្មប្រយុទ្ធ​ដែល​បាន​ទាក់ទិន​នៅ​ក្នុង​ការបាញ់​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ដាក់​តំបន់​ភាគ​ខាង​ជើង​អ៊ីស្រាអែល។

អ៊ីស្រាអែល​បាន​និយាយ​ថា​ការវាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ជាយ​ក្រុង​ខាង​ត្បូង​ក្រុង​បេរូត​បាន​សម្លាប់​លោក Ibrahim Muhammad Qubaisi ដែល​ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​មេបញ្ជាការ​យោធា​ជាន់​ខ្ពស់​របស់​ក្រុម​ហេសបូឡា​ ដែល​មើលខុសត្រូវ​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​របស់​ក្រុម​ហេសបូឡា៕​

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFPនិង Reuters

XS
SM
MD
LG