បទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលមានមូលដ្ឋាននៅលីបង់បានចូលជាធរមានហើយកាលពីព្រឹកថ្ងៃពុធ។ នេះជាការផ្អាកការប្រយុទ្ធគ្នាដែលមេដឹកនាំអាមេរិកនិងបារាំងថាអាចបង្កើតផ្លូវមួយឆ្ពោះទៅរកបទឈប់បាញ់មួយទៀតនៅតំបន់ហ្កាហ្សា។
ពេលបទឈប់បាញ់នេះចូលជាធរមាន រថយន្តជាច្រើនគ្រឿងបានចរាចរឆ្ពោះទៅប៉ែកខាងត្បូងនៃប្រទេសលីបង់ ដែលនៅទីនោះការប្រយុទ្ធគ្នាដ៏តានតឹងរាប់ខែកន្លងមកនិងបទបញ្ជារបស់អ៊ីស្រាអែលឲ្យជម្លៀសចេញពីតំបន់នោះបានបង្ខំប្រជាជនឲ្យចាកចោលផ្ទះសម្បែងរបស់ខ្លួន។
សហរដ្ឋអាមេរិកនិងបារាំងបានដើរតួនាទីសំខាន់ក្នុងការសម្រុះសម្រួលឲ្យមានបទឈប់បាញ់នេះ ដែលគណៈរដ្ឋមន្ត្រីខាងសន្តិសុខអ៊ីស្រាអែលបានអនុម័តកាលពីយប់ថ្ងៃអង្គារ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅបទឈប់បាញ់នេះថាជា «ជំហានសំខាន់...ដើម្បីបញ្ចប់អំពើហិង្សា» នៅតំបន់មជ្ឈិមបូព៌ា។ លោកថាអ៊ីរ៉ង់និងក្រុមហេសបូឡានៅលីបង់និងក្រុមហាម៉ាស់នៅហ្កាហ្សាដែលអ៊ីរ៉ង់គាំទ្រ «បានបាត់បង់យ៉ាងធំធេង» ក្នុងការប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលអស់ពេលជាងមួយឆ្នាំមកនេះ។
លោក Biden ថា កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡានេះ «ត្រូវបានធ្វើឡើងដើម្បីបញ្ចប់អរិភាពជាអចិន្ត្រៃយ៍»។ តែលោកបានព្រមានថា៖ «ខ្ញុំសូមនិយាយឲ្យច្បាស់ថា បើក្រុមហេសបូឡាឬនរណាក៏ដោយបំពានកិច្ចព្រមព្រៀងនេះនិងបង្កការគំរាមកំហែងដោយផ្ទាល់ដល់អ៊ីស្រាអែល នោះអ៊ីស្រាអែលនឹងរក្សាសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិ ដូចប្រទេសដទៃទៀតដែលប្រឈមនឹងក្រុមភេរវកម្មដែលប្តេជ្ញាបំផ្លាញប្រទេសនោះដូច្នោះដែរ»។
លោក Biden បាននិយាយទាក់ទងនឹងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ថា៖ «ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ សហរដ្ឋអាមេរិកនិងជំរុញម្តងទៀតដល់ប្រទេសតួកគី អេហ្ស៊ីប កាតា អ៊ីស្រាអែល និងប្រទេសផ្សេងទៀតឲ្យសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងឈប់បាញ់នៅហ្កាហ្សា»៕
ប្រធានការិយាល័យ VOA ប្រចាំក្រសួងការបរទេសអាមេរិកអ្នកស្រី Nike Ching អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer និងប្រធានការិយាល័យ VOA ប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រួមចំណែកផ្តល់ព័ត៌មានក្នុងសេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះទៀតមានប្រភពមកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ