ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​រដ្ឋមន្ត្រី​អ៊ីស្រាអែល​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ក្រុម Hezbollah


នៅក្នុងរូបភាពថតចេញពីវីដេអូដែលផ្តល់ដោយការិយាល័យសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ីស្រាអែលនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ធ្វើសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហ្ស៊េរុយសាឡិម។
នៅក្នុងរូបភាពថតចេញពីវីដេអូដែលផ្តល់ដោយការិយាល័យសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ីស្រាអែលនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ធ្វើសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហ្ស៊េរុយសាឡិម។

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​យល់​ព្រម​ទៅ​លើ​បទ​ឈប់​បាញ់​គ្នា​មួយ​ជាមួយ​ក្រុម​ Hezbollah នៅ​លីបង់​កាលពី​ថ្ងៃ​អង្គារ ហើយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោកBenjamin Netanyahu បាន​អរគុណ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden ​សម្រាប់​«ការ​ចូលរួម​របស់​លោក​ដែល​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​នេះ​កើត​មាន​ឡើង»។

ការិយាល័យ​របស់​លោក Netanyahu បាន​ថ្លែងថា រដ្ឋមន្ត្រី​ចំនួន​១០រូប​បាន​បោះឆ្នោត​គាំទ្រ​បទ​ឈប់​បាញ់ ហើយ​ម្នាក់​ប្រឆាំង​កិច្ចព្រមព្រៀង​នេះ។ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​មួយ​ លោកNetanyahu បាន​ប្រាប់​ទៅ​លោក​ Biden ថា​លោក​អរគុណ​ចំពោះ«ការ​យល់​ថា​អ៊ីស្រាអែល​នឹង​បន្ត​រក្សា​សេរីភាព​ក្នុង​ការ​អនុម័ត​នេះ»។

នៅ​ក្នុង​សន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​មួយ លោក Netanyahu បាន​ថ្លែងថា​លោក​គាំទ្រ​បទ​ឈប់​បាញ់​គ្នា​ ដូច្នេះ​អ៊ីស្រាអែល​អាច​ផ្តោត​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​ការ​គំរាមកំហែង​កាន់​តែ​ធំជាង​នេះ​ដែល​អ៊ីរ៉ង់​បាន​បង្ក​ឡើង​ទៅ​លើ​រដ្ឋ​ជី្វហ្វ ពង្រឹង​កង​កម្លាំង​របស់​ខ្លួន និង​ផ្គត់ផ្គង់​អាវុធ​ឡើង​វិញ​និង​ដាក់​ឱ្យ​ក្រុម​ហាម៉ាស​នៅ​ឯកោ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ហ្កាហ្សា។

លោក Netanyahu​ បាន​ប្តេជ្ញា​ថា បើ​ក្រុម Hezbollah ធ្វើការ​វាយប្រហារ​ជាថ្មី​ទៅ​លើ​អ៊ីស្រាអែល​ឬ​បង្កើន​សព្វាវុធ​ឡើងវិញ អ៊ីស្រាអែល​នឹង​បន្ត​ការ​ដាក់​គ្រាប់​បែក​ភ្លាមៗ​ទៅលើ​ទីតាំង​របស់ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​នៅ​លីបង់។

លោក​បាន​ថ្លែងថា៖ «រយៈពេល​នៃ​បទ​ឈប់​បាញ់​គ្នា​នេះ​គឺ​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​កើតឡើង​នៅ​លីបង់។ ជាមួយ​នឹង​ការ​យោគយល់​ពេញលេញ​លើ​សហរដ្ឋ​អាមេរិក យើង​បម្រុង​សេរីភាព​យោធា​យ៉ាង​ពេញលេញ​ បើ​ក្រុម Hezbollah មិន​គោរព​កិច្ចព្រមព្រៀង​ហើយ​ចង់​កាន់​អាវុធ​ យើង​នឹង​បើក​ការ​វាយប្រហារ»។

ចំណាត់ការ​របស់​លោក Netanyahu ងាក​ទៅ​រក​បទ​ឈប់​បាញ់​គ្នា​នៃ​ការ​ប្រយុទ្ធគ្នា​អស់រយៈ​ពេល​ជិត​១៤ខែ​ជាមួយ​ក្រុម Hezbollah​ ធ្វើ​ឡើង​ត្រឹម​ប៉ុន្មាន​ម៉ោង​ក្រោយ​ពីអ៊ីស្រាអែល​បានទម្លាក់​គ្រាប់​បែក​ទៅលើ​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​ភាគ​ខាងត្បូង​ទីក្រុង​បេរូត។

ការវាយប្រហារ​ដោយ​អ៊ីស្រាអែល​បាន​សំដៅ​ទៅលើ​អគារ​ចំនួន​២០​ដែល​យោធា​ថា​ជា​បន្ទាយ​ក្រុម Hezbollah ដោយ​ព្រមាន​ឱ្យ​ជនស៊ីវិល​រស់នៅ​ក្បែរ​នោះ​ភៀសខ្លួន​ទៅ​ទីដែល​មាន​សុវត្ថិភាព​និង​រក្សា​គម្លាត​ចម្ងាយ​យ៉ាង​ហោចណាស់​៥០០ម៉ែត្រ។​ នេះ​ជា​ចំនួន​អគារ​ច្រើន​បំផុត​ដែល​កងកម្លាំង​ការពារ​អ៊ីស្រាអែល​បាន​ព្រមាន​ក្នុង​រយៈ​ពេល​១ថ្ងៃ​នៃ​ការវាយប្រហារ។

ការវាយប្រហារ​តាម​អាកាស​នេះ​បង្ក​ឱ្យ​មាន​ផ្សែង​អាប់​ឡើង​លើ​មេឃ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​លីបង់​នេះ។​ យ៉ាង​ហោចណាស់​មាន​ការវាយប្រហារ​១០ដង​ជាប់ៗគ្នា ដែល​ជា​ការវាយប្រហារមួយ​ត្រូវបាន​កងកម្លាំង​អាកាស​អ៊ីស្រាអែល​ពណ៌នា​ថា​ជា​«ការវាយប្រហារ​រីករាលដាលមួយ»៕

XS
SM
MD
LG