បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 បានជួបប្រជុំគ្នានៅក្នុងក្រុង Fiuggi និងក្រុង Anagni នៃប្រទេសអ៊ីតាលីកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សារយៈពេលពីរថ្ងៃជាមួយនឹងសមភាគីក្នុងតំបន់អំពីបញ្ហាមជ្ឈិមបូព៌ានិងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចូលរួមនៅក្នុងកិច្ចពិភាក្សានេះជាមួយនឹងរដ្ឋមន្ត្រីការបរទេសផ្សេងទៀតមកពីក្រុមប្រទេស G-7 ដែលនោះគឺចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង ជប៉ុន និងអ៊ីតាលី។ ការពិភាក្សានេះរៀបចំដោយរដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani។
លោក Tajani បាននិយាយនៅពេលលោកចាប់ផ្ដើមកិច្ចប្រជុំនេះថា៖ «សាមគ្គីភាពគឺជាភាពរឹងមាំរបស់យើងនៅពេលនេះ ដោយខ្ញុំចង់សំដៅលើទំនាក់ទំនងជាមួយនឹងសហព័ន្ធរុស្ស៊ី»។
លោកបានបន្ថែមថា៖ «ភាពរឹងមាំមិនមែនមានន័យថារបាំងការពារនោះទេ។ តាមពិត ខ្ញុំបានអញ្ជើញប្រទេសផ្សេងទៀតឱ្យចូលរួមនៅក្នុងកិច្ចប្រជុំនេះ...ដើម្បីឱ្យការពិភាក្សានេះកាន់តែមានភាពទូលំទូលាយនិងច្បាស់លាស់បន្ថែមទៀត»។
កិច្ចប្រជុំរបស់ក្រុមប្រទេស G-7 នេះធ្វើឡើងនៅចំពេលដែលមានភាពស្រពិចស្រពិលផ្នែកនយោបាយបន្ទាប់ពីលោក Donald Trump បានឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកមក។
ការពិភាក្សាដំបូងនៅរសៀលថ្ងៃចន្ទផ្ដោតលើស្ថានការណ៍នៅមជ្ឈិមបូព៌ានិងនៅសមុទ្រក្រហម ជាពិសេសគឺកិច្ចប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់នៅតំបន់ហ្កាហ្សានិងប្រទេសលីបង់។
នៅថ្ងៃអង្គារនេះដែលជាថ្ងៃទីពីរនៃកិច្ចពិភាក្សានេះ ការប្រជុំនឹងផ្ដោតលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែនដោយមានវត្តមានចូលរួមផងដែរពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andriy Sybiga៕
វេទិកាបញ្ចេញមតិ