ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ឈប់​បាញ់​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ចូល​ដល់​ថ្ងៃ​ទី ៦ នៅ​ចំ​ពេល​មាន​ការ​ជំរុញ​ឱ្យ​ពន្យារ​បន្ថែម


បាតុករ​លើក​បដា​ទាមទារ​បទឈប់បាញ់​អំលុង​បាតុកម្ម​គាំទ្រ​ប៉ាឡេស្ទីន​នៅ​ទីក្រុង Johannesburg កាលពីថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ២០២៣។
បាតុករ​លើក​បដា​ទាមទារ​បទឈប់បាញ់​អំលុង​បាតុកម្ម​គាំទ្រ​ប៉ាឡេស្ទីន​នៅ​ទីក្រុង Johannesburg កាលពីថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ២០២៣។

កិច្ច​ឈប់​បាញ់​គ្នា​បណ្ដោះ​អាសន្ន​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) បាន​ចូល​ដល់​ថ្ងៃ​ទី ៦ នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ភាគី​ទាំង​ពីរ​រំពឹង​ថា​នឹង​ដោះលែង​ចំណាប់ខ្មាំង​និង​អ្នក​ទោស​បន្ថែម​ទៀត ស្រប​ពេល​ដែល​អ្នក​ចរចា​ជំរុញ​ឱ្យ​មាន​ការ​ពន្យារ​បន្ថែម​នូវ​កិច្ច​ឈប់​បាញ់​គ្នា​នេះ។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​ប្រាប់​អ្នក​កាសែត​ថា សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ជាមួយ​ប្រទេស​អ៊ីស្រាអែល កាតា និង​អេហ្ស៊ីប​ដើម្បី​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ពន្យារ​បន្ថែម​នូវ​កិច្ច​ឈប់​បាញ់​គ្នា​នេះ។

កិច្ច​ព្រមព្រៀង​ដំបូង​តម្រូវ​ឱ្យ​អ៊ីស្រាអែល​ផ្អាក​រយៈពេល ៤ ថ្ងៃ​នូវ​យុទ្ធនាការ​របស់​ខ្លួន​ក្នុង​ការ​កម្ទេច​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ ដោយ​ក្រុម​ហាម៉ាស់​ត្រូវ​ដោះលែង​ចំណាប់​ខ្មាំង ៥០ នាក់​ដែល​ខ្លួន​បាន​ចាប់​ក្នុង​អំឡុង​ពេល​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​កាលពី​ខែ​មុន ហើយ​អ៊ីស្រាអែល​ត្រូវ​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន ១៥០ នាក់។ ការ​ផ្អាក​ការ​ប្រយុទ្ធ​នេះ​ក៏​អនុញ្ញាត​ផង​ដែរ​ឱ្យ​មាន​ការ​បង្កើន​ជំនួយ​មនុស្សធម៌​ដល់​តំបន់​ហ្កាហ្សា (Gaza)។

ការ​ពន្យារ​បន្ថែម​រយៈពេល ២ ថ្ងៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​លក្ខខណ្ឌ​តម្រូវ​ឱ្យ​ក្រុម​ហាម៉ាស់​ដោះលែង​ចំណាប់ខ្មាំង ១០ នាក់​បន្ថែម​ទៀត​ក្នុង​មួយ​ថ្ងៃ​ហើយ​អ៊ីស្រាអែល​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន​បន្ថែម​ទៀត។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ចំណាប់ខ្មាំង ១២ នាក់​ដែល​ជាប់​ឃុំ​នៅ​ក្នុង​តំបន់​ហ្កាហ្សា ដែល​ក្នុង​នោះ​មាន​ជនជាតិ​អ៊ីស្រាអែល ១០ នាក់​និង​ជន​បរទេស ២ នាក់ ត្រូវ​បាន​ដឹក​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​នៅ​ក្នុង​ការ​ដោះលែង​ជុំ​ថ្មី​ចុងក្រោយ​បង្អស់​នេះ។ ជា​ថ្នូរ​មក​វិញ អ៊ីស្រាអែល​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន ៣០ នាក់ ដែល​ក្នុង​នោះ​ស្ត្រី ១៥ នាក់​និង​បុរស​វ័យ​ក្មេង ១៥ នាក់​ពី​ពន្ធនាគារ​តំបន់ West Bank និង​មណ្ឌល​ឃុំឃាំង​ក្រុង​ហ្សេរុយសាឡិម។ នេះ​បើ​យោង​តាម​អង្គការ Palestinian Prisoners Club។

នៅ​ឯ​សមរភូមិ​ការទូត​ឯណោះ​វិញ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ដែល​ផ្ដោត​លើ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ក៏​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ​ផង​ដែរ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក៕


ប្រធាន​ការិយាល័យ VOA ប្រចាំ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Nike Ching និង​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​សេតវិមាន​អ្នកស្រី Anita Powell រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG