អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើទូទាំងតំបន់ហ្កាហ្សានៅថ្ងៃអង្គារនេះ ខណៈពេលដែលប្រជាជនរស់នៅទីនោះ បានរាយការណ៍ពីការប្រយុទ្ធគ្នាដ៏ខ្លាំងរវាងកងទ័ពអ៊ីស្រាអែលនិងក្រុមយុទ្ធជនហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សាភាគកណ្តាលនិងខាងត្បូង។
ការវាយប្រយុទ្ធគ្នានៅថ្ងៃអង្គារនេះរួមមាននៅតំបន់ Al-Bureij ស្ថិតនៅចំណុចកណ្តាលនៃទីប្រជុំជនប៉ាឡេស្ទីននិងទីក្រុង Khan Younis ដែលស្ថិតនៅភាគខាងត្បូងនិងជាទីក្រុងធំបំផុតទី ២ ក្នុងតំបន់ហ្កាហ្សា។
កងយោធាអ៊ីស្រាអែលក៏ត្រូវបានរាយការណ៍ផងដែរថា បានវាយប្រហារតាមអាកាសទៅលើប្រទេសលីបង់នាភាគខាងត្បូង ដោយសំដៅលើទីតាំងក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស់ ដែលបានវាយប្រហារឆ្លងព្រំដែនប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា។
អ៊ីស្រាអែលក៏បាននិយាយផងដែរថា ខ្លួនបានវាយប្រហារចំលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់កងកម្លាំងស៊ីរី ដែលជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួននិយាយថា ជាការវាយប្រហារចេញពីទឹកដីស៊ីរីមកលើអ៊ីស្រាអែលនោះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរីនិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលជាច្រើន បានធ្លាក់ចំជាយរដ្ឋធានីដាម៉ាស់របស់ប្រទេសស៊ីរី និងបានធ្វើឱ្យខូចខាតសម្ភារៈមួយចំនួន។
អ៊ីស្រាអែលបានព្រមានថា ប្រសិនបើក្រុមហេសបូឡា មិនបញ្ឈប់ការវាយប្រហារមកលើខ្លួនទេ សង្គ្រាមពេញទំហឹងមួយប្រឆាំងនឹងលីបង់អាចនឹងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខ។ ក្រុមសកម្មប្រយុទ្ធហាម៉ាស់និងហេសបូឡាទទួលបានការគាំទ្រពីប្រទេសអ៊ីរ៉ង់ ហើយយុទ្ធជនសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងក្នុងប្រទេសយេម៉ែន ក៏បានវាយប្រហាររយៈចម្ងាយឆ្ងាយប្រឆាំងទៅលើអ៊ីស្រាអែលផងដែរ។
អ៊ីស្រាអែលបានបង្ហាញដំណាក់កាលថ្មីមួយក្នុងការប្រយុទ្ធរបស់ខ្លួនក្នុងតំបន់ហ្កាហ្សា ដោយប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងកាត់បន្ថយចំនួនកងទ័ពក្នុងតំបន់ហ្កាហ្សា ខណៈពេលពង្រឹងប្រតិបត្តិការប្រឆាំងនឹងគោលដៅក្រុមហាម៉ាស់នៅក្នុងតំបន់នេះ។
បើយោងលើអ្នកភូមិនៅទីនោះបានឱ្យដឹងថា អ៊ីស្រាអែលបានដករថក្រោះចេញពីស្រុកមួយចំនួនក្នុងតំបន់ហ្កាហ្សារួចហើយ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មានAssociated Press, Agence France-Presse និង Reuters។