ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែលបើកការវាយប្រហារថ្មីលើទីក្រុងហ្កាហ្សា


ពលរដ្ឋប៉ាឡេស្ទីនពិនិត្យមើល​អគារ​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល នៅទីក្រុង Khan Younis នៃតំបន់ហ្កាហ្សា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
ពលរដ្ឋប៉ាឡេស្ទីនពិនិត្យមើល​អគារ​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល នៅទីក្រុង Khan Younis នៃតំបន់ហ្កាហ្សា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេស​អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​ថ្មី​ដោយ​ការ​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) កាលពី​ថ្ងៃ​អាទិត្យ។ មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា មនុស្ស​យ៉ាង​តិច ៣៥ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង​ហ្កាហ្សា (Gaza) ហើយ​គ្មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា​ការ​ប្រយុទ្ធ​គ្នា​នេះ​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នៅ​ពេល​ដែល​ឆ្នាំ​ថ្មី ​ឆ្នាំ ២០២៤ ចូល​មក​ដល់​នោះ​ទេ។

កងទ័ព​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​លើ​ផ្នែក​ភាគ​កណ្ដាល​នៃ​តំបន់​ហ្កាហ្សា ហើយ​ក៏​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង Khan Younis ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ទី​ពីរ​នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​តំបន់​នេះ​ជិត​ព្រំដែន​ជាប់​ប្រទេស​អេហ្ស៊ីប​ផង​ដែរ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ព្យាករណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នេះ​ដែល​បង្ក​ឡើង​ដោយ​ការ​វាយ​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន ​នឹង​បន្ត​រយៈពេល «ជាច្រើន​ខែ» ទោះបីជា​មាន​ការ​អំពាវ នាវ​កើនឡើង​ពី​អន្តរជាតិ​ឱ្យ​មាន​កិច្ចឈប់បាញ់​គ្នា​ក៏ដោយ។

ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់​បាន​បញ្ជាក់​ថា សាកសព ១៨ នាក់​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​ហ្កាហ្សា​កាលពី​យប់មិញ ដោយ​សាកសព​ជា​ច្រើន​ទៀត​ត្រូវ​គេ​ជឿ​ថា​បាន​កប់​នៅ​ក្រោម​គំនរ​បាក់បែក។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ខ្លួន​បាន​សម្លាប់​សត្រូវ​ប្រហែល ១២ នាក់​ នៅ​ក្នុង​សមរភូមិ​ផ្លូវ​គោក​ជា​ច្រើន​និង​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​និង​ការ​វាយ​ប្រហារ​ដោយ​រថក្រោះ។ យោធា​នេះ​បាន​បន្ថែម​ថា ខ្លួន​បាន​រកឃើញ​ផ្លូវ​រូង​ក្រោមដី​របស់​ក្រុម​ហាម៉ាស់​បន្ថែម​ទៀត​និង​គ្រាប់ផ្ទុះ​ដែល​បង្កប់​នៅ​ក្នុង​សាលាមត្តេយ្យ​មួយ​កន្លែង។

ស្របពេល​ដែល​សង្គ្រាម​នេះ​ឈាន​ចូល​ជិត ៣ ខែ​ពេញ មនុស្ស​ប្រហែល ៨៥% នៃ​ប្រជាជន​សរុប​ចំនួន ២ លាន ៣ សែន​នាក់​ នៅ​ក្នុង​តំបន់​ហ្កាហ្សា​ត្រូវ​បាន​បង្ខំ​ខ្លួន​គេចចេញ​ពី​ផ្ទះ​សម្បែង។ នេះ​បើ​យោង​តាម​អង្គការ​សហប្រជាជាតិ។ អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​អំពី​ហានិភ័យ​កើនឡើង​នៃ​ភាព​អត់ឃ្លាន​និង​ជំងឺ​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​ដ៏​អស់​សង្ឃឹម​នានា​ជ្រកកោន​នៅ​ក្នុង​តង់​បណ្ដោះ អាសន្ន​ការពារ​ពី​ធាតុអាកាស​ត្រជាក់​ក្នុង​រដូវ​រងា។

លោក Netanyahu បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សៅរ៍​ថា តំបន់​ព្រំដែន​រវាង​តំបន់​ហ្កាហ្សា​និង​ប្រទេស​អេហ្ស៊ីប​គួរតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ីស្រាអែល​ដើម្បី​ធានា​ថា​តំបន់​នោះ​គ្មាន​យោធា៕

XS
SM
MD
LG