ការបាញ់ផ្លោងរបស់អ៊ីស្រាអែលនៅជិតមន្ទីរពេទ្យភាគខាងត្បូងតំបន់ហ្កាហ្សាក្នុងរយៈ ពេលពីរថ្ងៃកន្លងទៅនេះបានសម្លាប់មនុស្សចំនួន ១៤ នាក់។ នេះបើតាមការឱ្យដឹងរបស់អង្គការកាកបាទក្រហមប៉ាឡេស្ទីន ក្រោយពីកងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយប្រហារលើតំបន់កណ្តាលនិងភាគខាងត្បូងនៃដែនដីដែលកំពុងត្រូវបានឡោមព័ទ្ធមួយនេះ។ នេះបើយោងលើការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការិយាល័យមនុស្សធម៌អង្គការសហប្រជាជាតិឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ជនភៀសខ្លួនប្រមាណ ១សែននាក់បន្ថែមទៀត បានមកដល់ទីក្រុងព្រំដែន Rafah នៅភាគខាងត្បូងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានមនុស្សច្រើនពេញហូរហៀររួចទៅហើយ ក្រោយពីមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅជុំវិញទីក្រុង Deir al-Balah និងទីក្រុង Khan Yunis។
ការហូរជនភៀសខ្លួនបន្ថែមទៀតនេះកើតមានឡើង ខណៈដែលក្រុមមន្ត្រីអេហ្ស៊ីបកំពុងរៀបចំទទួលគណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហាម៉ាស់នៅក្នុងរដ្ឋធានីគែ នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីសំណើថ្មីមួយក្នុងគោលបំណងដើម្បីបញ្ចប់សង្រ្គាមដែលមានរយៈពេលជិត ៣ ខែនេះ និងដែលធ្វើឱ្យតំបន់ហ្កាហ្សាខ្ទេចខ្ទាំដ៏ខ្លាំង។
អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសទៅលើអ្វី ដែលខ្លួននិយាយថាជាការបាញ់ផ្លោងរបស់អ៊ីស្រាអែល នៅជិតមន្ទីរពេទ្យ Al-Amal ក្នុងទីក្រុង Khan Yunis ដែលធ្វើឱ្យមនុស្ស ១០ នាក់ ស្លាប់ និងរបួសយ៉ាងហោចណាស់ក៏ ២១ នាក់ផងដែរ។ អង្គការនេះបន្ថែមទៀតថា ការវាយប្រហាររនះកើតឡើងមួយថ្ងៃក្រោយពីមានគ្រាប់ផ្លោងមួយគ្រាប់ធ្លាក់ចំពីមុខមន្ទីរពេទ្យ ដែលបានសម្លាប់មនុស្ស ៣១ នាក់។
ក្នុងថ្ងៃនោះដែរ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ក្នុងតំបន់ហ្កា ហ្សានិយាយថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ២០ នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ នៅក្នុងជំរំ Shaboura ក្នុងទីក្រុង Rafah នៅជិតព្រំដែនភាគខាងត្បូងជាប់ប្រទេសអេហ្ស៊ីប។
រូបភាពរបស់ទីភ្នាក់ងារព័ត៌មាន AFP បានបង្ហាញពីក្រុមមនុស្សដែលមានឈាមពេញខ្លួនត្រូវបានប្រញាប់ប្រញាល់បញ្ចូនតាមផ្លូវទៅកាន់មន្ទីរពេទ្យគុយវ៉ែត ដែលស្ថិតនៅក្បែរនោះ ដែលមានក្រុមគ្រូពេទ្យកំពុងខ្នះខ្នែងជួយសង្គ្រោះអ្នកជំងឺដែលកំពុងរងរបួស ដែលក្នុងនោះក៏មានកុមារផងដែរ។ ទីភ្នាក់ងារព័ត៌មាន AFP មិនអាចធ្វើការបញ្ជាក់ភ្លាមៗបានទេ ថាតើពួកគេជាក្រុមជនរងគ្រោះដោយការវាយប្រហារតែមួយឬយ៉ាងណានោះ៕