រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានមេដឹកនាំក្រុមហេសបូឡាថ្មី លោក Naim Qassem កាលពីថ្ងៃអង្គារថា ការកាន់តំណែងរបស់លោកគឺ «មិនបានយូរទេ»។
«ជាការតែងតាំងបណ្តោះអាសន្ន។ មិនយូរទេ»។ លោក Gallant បានសរសេរលើបណ្តាញ X រួមជាមួយនឹងរូបថតរបស់លោក Qassem ដែលក្រុមហេសបូឡាបានដាក់ឈ្មោះឱ្យជាអ្នកស្នងតំណែងរបស់មេដឹកនាំចាស់លោក Hassan Nasrallah ដែលត្រូវបានធ្វើឃាត។
នៅសារលើបណ្តាញ X មួយផ្សេងទៀត លោក Gallant បានសរសេរថា៖ «ការរាប់ម៉ោងថយក្រោយបានចាប់ផ្តើម»។
លោក Gallant ដែលបានទៅទស្សនាទីបញ្ជាការភាគខាងជើងរបស់យោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលក្រោយថា លោកបានប៉ាន់ស្មានថា ឃ្លាំងអាវុធរ៉ុក្កែតរបស់ក្រុមហេសបូឡា ត្រូវបានបំផ្លាញភាគច្រើន ដោយការវាយប្រហាររបស់អ៊ីស្រាអែល។
លោក Gallant បាននិយាយថា៖ «ខ្ញុំប៉ាន់ប្រមាណសមត្ថភាពគ្រាប់ផ្លោង និងគ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា នៅសស់ប្រមាណ ២០ ភាគរយ ហើយវាលែងត្រូវបានរៀបចំតាមរបៀបដែលវាអាចបាញ់ផ្លោងផ្តុំគ្នាបានហើយ។
កាលពីថ្ងៃអង្គារ កាំជ្រួចប្រហែល ៦០ គ្រាប់ ត្រូវបានក្រុមហេសបូឡាបាញ់ចូលក្នុងប្រទេសអ៊ីស្រាអែលគិតត្រឹមម៉ោង ៣ រសៀល។ នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយរបស់យោធា៕
វេទិកាបញ្ចេញមតិ