ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ៊ីស្រាអែល​លុប​ចោល​បទ​បញ្ជា​បញ្ជូន​ជន​ចំណាក​ស្រុក​អាហ្វ្រិក​ចេញ​ពី​ប្រទេស


ជន​ចំណាក​ស្រុក​មក​ពី​អាហ្វ្រិក​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃទី​៩ មេសា ២០១៨ ប្រឆាំង​នឹង​ការ​បណ្ដេញ​ពួក​គេ​ចេញ។
ជន​ចំណាក​ស្រុក​មក​ពី​អាហ្វ្រិក​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃទី​៩ មេសា ២០១៨ ប្រឆាំង​នឹង​ការ​បណ្ដេញ​ពួក​គេ​ចេញ។

ជន​ចំណាក​ស្រុក​មក​ពី​ទ្វីប​អាហ្វ្រិក​ប្រហែល ៣​ម៉ឺន ៧​ពាន់​នាក់ ទទួល​បាន​ការ​លើកលែង​បន្ទាប់​ពី​ប្រទេស​អ៊ីស្រាអែល​បាន​លុប​ចោល​នូវ​បទ​បញ្ជា​បញ្ជូន​ជន​ទាំង​នោះ​ចេញ​ពី​ប្រទេស ដែល​បទ​បញ្ជា​នេះ​កន្លង​មក​បាន​ធ្វើ​ឲ្យ​សហគមន៍​ជន​ចំណាក​ស្រុក​ទាំង​នេះ​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល។

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ចែក​ចាយ​ឯកសារ​មួយ​ចំនួន​ទៅ​ឲ្យ​ជន​ចំណាក​ស្រុក​អាហ្វ្រិក​ជា​បុរស​រាប់​ពាន់​នាក់​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​រយៈ​ពេល​ពីរ​ខែ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ។

គម្រោង​នេះ​ត្រូវ​បាន​លុប​ចោល​នៅ​ពេល​ដែល​ប្រទេស​រ្វ៉ាន់ដា​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទទួល​យក​ជន​ចំណាក​ស្រុក​ទាំង​នេះ​ដោយ​អះអាង​ថា ខ្លួន​មិន​អាច​ធានា​សុវត្ថិភាព​របស់​អ្នក​ទាំង​នោះ​បាន​ទេ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​វិទ្យុ​មួយ​ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ប្រទេស​អ៊ីស្រាអែល លោក Gilad Erdan បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​អ៊ីស្រាអែល​ «មិន​មាន​ដំណោះ​ស្រាយ» សម្រាប់​បញ្ហា​នៃ​ជន​ចំណាក​ស្រុក​ទាំង​នេះ​នោះ​ទេ ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ហៅ​ថា «ជន​បង្កប់» ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។

លោក Gilad Erdan បាន​រិះគន់​តុលាការ​កំពូល និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​របស់​ប្រទេស​អ៊ីស្រាអែល ដែល​បាន​ព្រមាន​ថា ការ​បញ្ជូន​ជន​ចំណាក​ស្រុក​ទាំង​នោះ​ចេញ​ដោយ​បង្ខំ​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​វិញ​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​ជួប​គ្រោះ​ថ្នាក់​នោះ។

ភាគ​ច្រើន​នៃ​ជនជាតិ​អាហ្វ្រិក​ទាំង​នេះ​មក​ពី​ប្រទេស​អេរីត្រេ​ និង​ប្រទេស​ស៊ូដង់​ដែល​ជា​ប្រទេស​ហែក​ហួរ​ដោយសារ​សង្គ្រាម ហើយ​ពួកគេ​បាន​ចូល​មក​ក្នុង​ប្រទេស​អ៊ីស្រាអែល​ដោយ​ខុស​ច្បាប់​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។

លោក​ Teklit Michael ​ដែល​ជា​ជន​ចំណាក​ស្រុក​មក​ពី​ប្រទេស​អេរីត្រេ មាន​អារម្មណ៍​ធូរ​ក្នុង​ចិត្ត​ដោយ​និយាយ​ថា៖ «ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​ឃើញ​គេ​លុប​ចោល​នូវ​គោល​នយោបាយ​បញ្ជូន​ចេញ​នេះ។ ហើយ​ឥឡូវ​នេះ​គឺ​ជា​ពេលវេលា​ដ៏​សមរម្យ​បំផុត​សម្រាប់​រដ្ឋាភិបាល​អ៊ីស្រាអែល​ក្នុង​ការ​ផ្ដល់​នូវ​ដំណោះស្រាយ​សម្រាប់​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​មក​ពី​ទ្វីប​អាហ្វ្រិក ដែល​នោះ​គឺ​ឋានៈ​ជា​ជន​ភៀស​ខ្លួន ឬ​ក៏​ចម្លើយ​ចំពោះ​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​ជន​ចំណាក​ស្រុក​ទាំង​នោះ»។

ប៉ុន្តែ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បដិសេធ​ការ​អះអាង​របស់​ជន​ចំណាក​ស្រុក​ជនជាតិ​អាហ្វ្រិក​ទាំង​នោះ ដែល​ថា​ពួកគេ​ជា​ជន​ភៀស​ខ្លួន ដោយ​សមាជិក​សភា​លោក Yoav Kish បាន​ហៅ​ការ​អះអាង​ដូច​នេះ​ថា​ជា «ការ​កុហក»។

លោក Yoav Kish នៃ​គណបក្ស Likud ដែល​ជា​គណបក្ស​កាន់​អំណាច​ប្រកាន់​ទស្សនៈ​ស្ដាំ​និយម បាន​និយាយ​ថា អ្នក​ទាំង​នោះ​គឺ​ជា​ជន​ចំណាក​ស្រុក​សេដ្ឋកិច្ច​ដែល​មាន​បំណង​គេច​ចេញ​ពី​ភាព​ក្រីក្រ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ដូច្នេះ​ហើយ ប្រទេស​អ៊ីស្រាអែល​មិន​មាន​កាតព្វកិច្ច​ណា​មួយ​ក្នុង​ការ​ទទួល​យក​ពួកគេ​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បន្ទោស​ជន​ចំណាក​ស្រុក​ជនជាតិ​អាហ្វ្រិក​ទាំង​នោះ​ថា​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​កើន​ឡើង​នៅ​ក្នុង​ទីក្រុង Tel Aviv នៅ​ភាគ​ខាង​ត្បូង​ប្រទេស និង​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ថា​បាន​បំផ្លាញ​របៀបរបប​បែប​ជនជាតិ​ជ្វីហ្វ​របស់​ប្រទេស។ ដូច្នេះ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ស្វែង​រក​មធ្យោបាយ​ថ្មី​ដើម្បី​ដាក់​សម្ពាធ​លើ​ពួកគេ​ឲ្យ​ចាកចេញ​ពី​ប្រទេស​ដោយ​ស្ម័គ្រ​ចិត្ត។

ប៉ុន្តែ ជនជាតិ​អ៊ីស្រាអែល​ជា​ច្រើន​មាន​ការ​អាណិត​អាសូរ​ចំពោះ​ជន​ចំណាក​ស្រុក​ទាំង​នោះ ដោយ​ពួកគេ​និយាយ​ថា ប្រទេស​អ៊ីស្រាអែល​មាន​ការ​ទទួល​ខុស​ត្រូវ​បែប​សីលធម៌​ដើម្បី​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ដល់​អ្នក​ទាំង​នោះ ដោយសារតែ​អ៊ីស្រាអែល​ក៏​ជា​ប្រទេស​មួយ​ដែល​បាន​កសាង​ឡើង​ដោយ​ជន​ភៀស​ខ្លួន​ជ្វីហ្វ ដែល​គេច​ចេញ​ពី​អំពើ​ប្រល័យ​ពូជសាសន៍ Holocaust ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG