គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្តែងក្តីបារម្ភចំពោះការប្រកួតប្រជែងអំណាចរវាងប្រទេសចិននិងមហាអំណាចសហរដ្ឋអាមេរិក ក្នុងតំបន់ អាស៊ីនិងបាស៊ីភិកជាពិសេសលើជម្លោះដែនកោះក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងឡើងកម្តៅ។ នេះបើយោងតាមការឲ្យដឹងរបស់អ្នកនាំពាក្យ និងឯកសារសន្និបាតគណបក្សកម្រាស់ ៤៩ទំព័រដែល VOA បានទទួល។
នាចុងសប្តាហ៍កន្លងទៅ គណបក្សប្រជាជនកម្ពុជាដែលក្តោបក្តាប់អំណាចជាង ៣៥ឆ្នាំ បានប្រារព្ធអង្គសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលខ្លួន ដើម្បីបូកសរុប សកម្មភាព ស្ថានភាពនយោបាយក្នុងនិងក្រៅស្រុកនាឆ្នាំ២០១៥កន្លងមក នឹងការរៀបចំយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០១៦ខាងមុខ។ ក្នុងនោះក៏មានការលើកឡើងទាក់ទិននឹងបញ្ហាសន្តិសុខតំបន់ និងពិភពលោក រួមទាំងការប្រជែងអំណាចក្នុងតំបន់អាស៊ីផងដែរ។
ក្នុងឯកសាររបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានគេចែកចាយតាមរយៈ សារអេឡិកត្រូនិកឬEmail បានសរសេរថាការជ្រៀតជ្រែករបស់ ប្រទេសមហាអំណាចរួមទាំងសហរដ្ឋអាមេរិក ចូលក្នុងបញ្ហាជម្លោះ កោះក្នុងសមុទ្រចិនខាងត្បូង ធ្វើឲ្យ «សភាពការណ៍មានភាពស្មុគស្មាញ» ក្នុងក្រុមប្រទេសអាស៊ាននិងប្រទេសចិន ដែលកំពុងព្យាយាមអនុវត្តន៍ឲ្យបានពេញលេញនូវ «ក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង» (COC)នឹង «សេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង» (DOC)។ គណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់ពីក្តីបារម្ភចំពោះ ការប្រកួតប្រជែងនាពេលអនាគតជាមួយប្រទេសចិន ដែលគេគិតថានឹងអាចក្លាយជាមហាអំណាចមួយនៅទ្វីបអាស៊ី។
ក្នុងទំព័រទី៩នៃឯកសាររបស់គណបក្សប្រជាជនកម្ពុជា បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ការជ្រៀតជ្រែករបស់មហាអំណាចនិងប្រទេសខ្លះគឺធ្វើការទប់ស្កាត់ការឈានឡើងរបស់សាធារណរដ្ឋប្រជាមានិតចិនជាមហាអំណាចធំជាងគេក្នុងតំបន់និងសកលលោក ដែលអាចជាការប្រឈមក្នុងពេលអនាគតមិនយូរប៉ុន្មានរបស់សហរដ្ឋអាមេរិក។ ប្រការនេះអាចបង្ករឲ្យមានការប៉ះទង្គិចខាងអាវុធ ក្នុងពេលដែលប្រទេសខ្លះធ្វើការប្រកួតប្រជែងសព្វាវុធ ដើម្បីដោះស្រាយសមុទ្រចិនខាងត្បូងជាមួយសាធារណរដ្ឋប្រជាមានិតចិន»។
ការលើកឡើងនេះស្របពេលដែល បញ្ហាសមុទ្រចិនខាងត្បូង មានសភាពតានតឹងសារជាថ្មី នាដើមខែមករានេះ ក្រោយពេលដែល ចិនបានចុះចតយន្តហោះសាកល្បងនៅលើកោះ សិប្បនិមិត្ត ដែលខ្លួនសាងសង់ ក្នុងតំបន់ប្រជុំកោះស្ព្រែតលី (Spratly) ដែលមានជម្លោះនោះ។ ប្រទេសហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ប៊្រុយណេស្ថិតក្នុងសមាគម អាស៊ាន ដែលមានជម្លោះដែនដីជាមួយចិននៅសមុទ្រចិនខាងត្បូង នោះក៏បានធ្វើការតវ៉ា ភ្លាមៗផងដែរ។ ថ្មីៗនេះប្រទេសចិនបានហាមប្រាមមិនឲ្យមាននាវាចរណ៍ ការរុករករ៉ែធម្មជាតិ និងនេសាទ ក្នុងតំបន់កោះទាំងនោះដែលខ្លួនអះអាងថាដែលជាអធិបតេយ្យរបស់ខ្លួន។
លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកមួយយល់ថា៖ «ប្រសិនជាអញ្ចឹងល្អហើយឆ្លុះបញ្ចាំងថាគណបក្សប្រជាជន យកចិត្តទុកដាក់នៅក្នុងជម្លោះតំបន់ដែលកំពុងតែក្តៅគគុក ជាពិសេសជម្លោះសមុទ្រចិនខាងត្បូង កំពុងក្តៅខ្លាំងណាស់ ឥឡូវនេះចិនពន្លិចទូកនេសាទ វៀតណាម ក្នុងកោះស្ព្រែតលី (Spratly) និងកោះ Fiery Cross អីហ្នឹងសុទ្ធតែជាកន្លែងក្តៅគគុកមែនទែន ហើយជារឿងដែល អាចផ្ទុះបាន ផ្ទុះសង្គ្រាមបាន។ អញ្ចឹងហើយការយកចិត្តទុកដាក់របស់ គណបក្សក៏មិនខុសអ្វីដែរ ក៏ប៉ុន្តែខ្ញុំឆ្ងល់ថាហេតុអីបានក្រសួងការបរទេសមិនមានគោលជំហរច្បាស់លាស់ ពន្យល់ប្រាប់ប្រជាពលរដ្ឋខ្លួនថាក្រសួងការបរទេសកំពុងតែធ្វើអ្វី។ នាំសមុទ្រចិនខាងត្បូង មែនទែន»។
លោកថារដ្ឋាភិបាលកម្ពុជាគួតែបញ្ជាក់ពីគោលជំហររបស់ខ្លួនឲ្យច្បាស់លាស់ ជុំវិញបញ្ហាសមុទ្រចិនដោយសារមួយរយៈចុងក្រោយនេះ នយោបាយការបរទេសរបស់ប្រទេសកម្ពុជាដ៏ក្រីក្រនេះហាក់ដូចជាលម្អៀងទៅប្រទេសចិនទាំងយោធា និង សេដ្ឋកិច្ច។
«ជាទូទៅខ្ញុំមិនដឹងថា តើគាត់និង(ឬ) ជាការឆ្លុះបញ្ជាំងថាគាត់ងាកមករក Balance វិញឬយ៉ាងម៉េច? ព្រោះឥឡូវនេះគាត់រាងងាកទៅរកចិនខ្លាំង ប៉ុន្តែបើសិនជាគាត់ងាកមករក Balance of Power តុល្យភាពអំណាចរវាងចិននិងអាមេរិក ដែលនាំឲ្យមានឥទ្ធិពលមកប្រទេសកម្ពុជា ឬមួយទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសទាំងពីរ មហាអំណាចទាំងពីរ អាចជារឿងមួយល្អដែរ ហើយក៏ជារឿងដែលខ្ញុំសំណូមពរផងដែរបាទ»។
ស្របគ្នានោះដែរលោក លោក គល់ បញ្ញាអ្នកឃ្លាំមើលការវិវឌ្ឍនយោបាយក្នុងប្រទេសកម្ពុជានិងជានាយកប្រតិបត្តិនៃអង្គការខុមហ្រែ្វល (COMFREL) យល់ថាការលើកឡើងរបស់គណបក្សកាន់អំណាចដែលមានភាពលម្អៀងទៅប្រទេសចិនដែលជាមហាមិត្ត គឺចង់បញ្ហាក់ប្រាប់សមាជិកខ្លួនអំពីបំណងដែលខ្លួនមិនចង់ឲ្យមានការជ្រៀតជ្រែកពីមហាអំណាចទៅលើបញ្ហាកោះក្នុងសមុទ្រចិនខាងត្បូងនោះ។
«គណបក្សកាន់អំណាចចង់បង្ហាញថាគាត់នៅក្នុងតំបន់នេះ វាត្រូវតែមានប្រទេសនៅក្នុងតំបន់ជម្លោះនិងដោះស្រាយដោយខ្លួនឯង មិនចង់ឱ្យបរទេស អ្នកខាងក្រៅតំបន់ហ្នឹងចូលមកដោះស្រាយ។ ហ្នឹងក៏ជានយោបាយអន្តរជាតិដែរណា។ ហើយណាមួយក្នុងហ្នឹង នៅក្នុងជំហរសមាជិកអាស៊ានមួយចំនួនមានទំនាស់ជាមួយប្រទេសចិន ហ្នឹងក៏ជាការលំបាកមួយដែរនៅក្នុងជម្រើសនៃនយោបាយអន្តរជាតិអញ្ចឹងគេត្រូវរំឭកឲ្យសមាជិកគេដឹងហើយ»។
លោកគល់ បញ្ញាបន្តថាការពិភាក្សារឿងគោលនយោបាយក្រៅប្រទេសនៅក្នុងគណបក្សមួយគឺជារឿងដែលគេធ្វើនៅក្នុងប្រទេសដែលអភិវឌ្ឍន៍ដូចជានៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែនយោបាយការបរទេសនៅកម្ពុជាមិនត្រូវបានបញ្ជាក់និងដាក់ឲ្យមានការជជែកដេញដោលឲ្យបានច្បាស់លាស់នៅឡើយ។
«គណបក្សមួយចំនួនហ្នឹងគេត្រូវដឹងថាគណបក្សរបស់គេហ្នឹងមានជំហរម៉េច គេត្រូវមានយុទ្ធសាស្រ្តម៉េច ជាមួយនឹងស្ថានការណ៍អន្តរជាតិ។ ហ្នឹងហើយសំខាន់។ នៅប្រទេសមួយចំនួនគេត្រូវធ្វើអញ្ចឹង ឧទាហរណ៍ដូចជានៅប្រទេសអាមេរិក គេជជែកអំពីថាតើគេត្រូវប្រយុទ្ធប្រឆំាងនឹងភេរវកម្មនៅ អន្តរជាតិនឹងយ៉ាងម៉េច គេត្រូវទាក់ទិននឹងប្រទេសណាដើម្បីគេធ្វើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងភេវរកម្មឬក៏ការំលោភបំពានលើច្បាប់អន្តរជាតិអីអញ្ចឹង គេត្រូវតែមាន។ ជាធម្មតាគឺគណបក្សមួយៗគេត្រូវតែមានហើយ យល់ដឹងពីបញ្ហាហ្នឹង អំពីកិច្ចការបរទេសហ្នឹងបានច្រើនដែរ»។
ក៏ប៉ុន្តែ លោក សុខ ឦសានអ្នកនាំពាក្យនៃគណបក្សកាន់អំណាចបញ្ជាក់ប្រាប់VOAថាគណបក្សរបស់លោកមិនសូវជាមានការចាប់អាម្មណ៍ចំពោះការប្រជែងគ្នារបស់មហាអំណាចនោះទេ ហើយ គោលជំហររបស់គណបក្សប្រជាជនកម្ពុជាគឺនៅតែអព្យាក្រិត មិនមានភាពលម្អៀងនោះទេ។
«អត់ទេ! យើងនៅតែប្រកាន់ជំហររបស់យើងអព្យាក្រិត ជាអចិន្ត្រៃយ៍ដដែល អត់មានលម្អៀងធ្ងន់ខាងណា ស្រាលខាងណាទេ។ គ្រាន់តែនិយាយនេះគឺ និយាយពីសភាពការណ៍ដែលកើតឡើងនោះទេ»។
លោក សុខ ឦសានថាអង្គសន្និបាតនៃគណបក្សខ្លួន កាលពីចុងសប្តាហ៍កន្លងទៅគឺមិនមានកិច្ចពិភាក្សាឲ្យស៊ីជម្រៅទាក់ទិន នឹងបញ្ហាទាំងនេះនោះទេ។
«ខ្ញុំយល់ថាដូចជាមិនមានអ្នកណាគេចាប់អារម្មណ៍ ទេបាទ ព្រោះក្នុងកិច្ចពិភាក្សាគេអត់បានលើកសោះ គេលើកតែពីបញ្ហាផ្ទៃក្នុងកម្ពុជា សំខាន់គឺទាក់ទងនឹង ផលប្រយោជន៍របស់ប្រជាពលរដ្ឋ»។
យ៉ាងណាក៏ដោយ ក្នុងឯកសាររបស់គណបក្សប្រជាជនកម្ពុជាដែលសង្ខេបព្រឹត្តិការណ៍អន្តរជាតិនិងតំបន់ក៏បានបញ្ជាក់ពីក្តីបារម្ភចំពោះ«នយោបាយត្រឡប់មកកាន់អាស៊ីវិញ» របស់មហាអំណាចអាមេរិកផងដែរក៏ប៉ុន្តែឯកសារដដែលមិនបានបញ្ជាក់ពីគោលជំហរច្បាស់លាស់របស់គណបក្សកាន់អំណាចមួយនេះទេ៕