ក្រុមសកម្មជនមួយនិយាយថា ចំនួនគ្រឹស្ថសាសនិកជន Assyrie ដែលក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ហៅ Islamic State បានចាប់ពង្រត់នៅក្នុងប្រទេសស៊ីរី ភាគឦសានបានឡើងដល់យ៉ាងតិច ២២០ នាក់។
អង្គការ Syrian Observatory for Human Rights នៅប្រទេស អង់គ្លេស និយាយថា យុទ្ធជនរដ្ឋអ៊ីស្លាម បានចាប់មនុស្សក្នុងពេល ៣ ថ្ងៃកន្លងទៅនេះ បន្ទាប់ពីពួកគេបានចូលត្រួតត្រាភូមិ ១០ ក្នុងខេត្ត Hassakeh។
ក្រុមរដ្ឋអ៊ីស្លាមបានតម្រង់ទិសដៅទៅរកការចាប់ពង្រត់និងការសម្លាប់ក្រុមអ្នកកាន់សាសនាភាគតិច នៅក្នុងការធ្វើប្រតិបត្តិការឆ្លងកាត់ប្រទេស អ៊ីរ៉ាក់ ភាគខាងជើង និងប្រទេសស៊ីរី។
បន្ថែមទៅលើមនុស្សដែលត្រូវចាប់ពង្រត់នៅក្នុងខេត្តនេះ ក្រុមសកម្មជននិយាយថា មានមនុស្សជាច្រើននាក់ទៀតបានរត់ចេញពីផ្ទះរបស់ខ្លួនឆ្ពោះទៅទីក្រុងធំៗនៅ Hassakeh និង Qamishli។ យុទ្ធជនជាតិ ឃឺដ បានធ្វើការវាយប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់នោះ បន្ទាប់ពីបានទទួលជំនួយពីការវាយប្រហារតាមផ្លូវអាកាសជាច្រើនថ្ងៃដោយសម្ព័ន្ធយោធាដែលដឹកនាំដោយស.រ.អា។
នៅដើមសប្តាហ៍នេះ ក្រសួងការបរទេសស.រ.អា បានកោះហៅឲ្យក្រុមរដ្ឋអ៊ីស្លាមដោះលែងគ្រឹស្ថសាសនិកជនជាតិ Assyrie ទៅវិញជាបន្ទាន់៕