ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម បានប្រកាសទទួលខុសត្រូវលើការដាក់គ្រប់បែកមួយកន្លែងក្នុងចំណោមការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងកាលពីថ្ងៃចន្ទ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់មនុស្សយ៉ាងតិច៥៧នាក់។
ក្រុមនិកាយ Sunni ជ្រុលនិយម បាននិយាយនៅថ្ងៃអង្គារនេះថា គេបានធ្វើការវាយប្រហារសំដៅលើក្រុមនិកាយ Shi'ites ដោយបង្កប់គ្រាប់បែកក្នុងឡាន ហើយបំផ្ទុះនៅជិតផ្សារមួយនៅប្រជុំជន al-Zubair ភាគខាងត្បូង ជិតទីក្រុង Basra។
ការវាយប្រហារដ៏ប្រល័យមួយទៀតកាលពីថ្ងៃចន្ទ បានកើតមាននៅទីក្រុង Khalis របស់ជនជាតិភាគច្រើន Shi'ite នៅចម្ងាយប្រហែល៨០គ.ម ភាគឦសានទីក្រុងបាកដាដ។ គ្រាប់បែកបង្កប់ក្នុងឡាននេះបានសម្លាប់មនុស្ស១២នាក់។
ចំនួនជនស៊ីវិលនិងទាហានស្លាប់ដោយសារអំពើភេរវកម្មនិងជម្លោះប្រដាប់អាវុធនៅប្រទេសអ៊ីរ៉ាក់បានកើនឡើងយ៉ាងខ្លាំងតាំងពីឆ្នាំមុន នៅពេលពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមបានកាន់កាប់តំបន់ធំៗនៅភាគខាងជើងនិងខាងលិចនៃអ៊ីរ៉ាក់។
ក្នុងឆ្នាំ២០១៤ មនុស្ស១២.០០០នាក់ត្រូវបានសម្លាប់ ហើយនៅក្នុងឆ្នាំនេះរហូតមកដល់ខែនេះមនុស្ស១០.០០០នាក់ត្រូវគេសម្លាប់។ នេះបើតាមទិន្នន័យរបស់អ.ស.ប.៕