លោក Nguyen Thien Nhan លេខាធិការនៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តវៀតណាមក្នុងទីក្រុងហូជីមិញ បានកត់សម្គាល់ថា ការវិនិយោគរបស់រដ្ឋ ដែលជារឿយៗត្រូវបានធ្វើឡើងក្នុងទម្រង់ជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ បានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅត្រឹមឆ្នាំ ២០២០ នេះ លោកគិតថា ការវិនិយោគរបស់រដ្ឋនឹងមានចំនួនប្រមាណ ១៦ ភាគរយ នៃសេដ្ឋកិច្ចក្នុងទីក្រុងហូជីមិញ ដែលជាចំនួនពាក់កណ្តាលនៃតួលេខចំនួន ៣២ ភាគរយ នៅក្នុងឆ្នាំ ២០០៥។
លោក Nguyen Thien Nhan ដែលមានតួនាទីស្រដៀងនឹងអភិបាលក្រុងហូជីមិញ បាននិយាយថា៖ «ពាក់ព័ន្ធនឹងផលិតកម្ម និងការវិនិយោគលើអាជីវកម្ម រដ្ឋាភិបាលវៀតណាមនឹងមិនធ្វើការវិនិយោគតទៅទៀតនោះទេ។ ដូច្នេះ ម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ចគឺស្ថិតលើវិស័យឯកជន និងការវិនិយោគបរទេស»។
កំណើនសេដ្ឋកិច្ចឯកជនបន្តកើនឡើងនៅក្នុងប្រទេសវៀតណាម
គណបក្សកុម្មុយនិស្តបានដឹកនាំប្រទេសវៀតណាមចាប់តាំងពីពេលបញ្ចប់សង្គ្រាមវៀតណាមនៅក្នុងឆ្នាំ ១៩៧៥ មក ដែលក្នុងនោះមានទាំងការចេញចំនួនកូតាផលិតកម្ម និងការគ្រប់គ្រងតម្លៃផងដែរ។
ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចបានផ្លាស់ប្តូរទៅរកសហគ្រាសឯកជនកាន់តែច្រើនចាប់តាំងពីទសវត្សរ៍១៩៨០ មក។ នេះមានន័យថា សាជីវកម្មបរទេស សហគ្រាសក្នុងស្រុក និងក្រុមហ៊ុនបង្កើតថ្មីនានា កំពុងតែដើរតួកាន់តែសកម្មខ្លាំងឡើងនៅក្នុងសេដ្ឋកិច្ចវៀតណាម។
ករណីនេះក៏មានន័យផងដែរថា រដ្ឋាភិបាលកំពុងលុបចោលការវិនិយោគរបស់ខ្លួន និងអនុញ្ញាតឱ្យមានភាគហ៊ុនឯកជនកាន់តែច្រើននៅក្នុងសហគ្រាសគ្រប់គ្រងដោយរដ្ឋ។ គេហៅដំណើរការនេះថាជាការបំលែងសហគ្រាសគ្រប់គ្រងដោយរដ្ឋទៅជាសហគ្រាសសាធារណៈមានភាគហ៊ុនរួមគ្នា។
តួនាទីរបស់រដ្ឋវៀតណាមកំពុងមានការផ្លាស់ប្ដូរ
លោក Nguyen Thien Nhan បានបញ្ជាក់ថា ជាជាងធ្វើការវិនិយោគ រដ្ឋនឹងផ្តោតលើបរិយាកាសនៃការវិនិយោគវិញ។ លោកបាននិយាយថា តួនាទីរបស់រដ្ឋគឺត្រូវពិភាក្សាជាមួយនឹងអ្នកពាក់ព័ន្ធ និងធ្វើការលើបញ្ហាពន្ធដារ ដីធ្លី និងគោលនយោបាយសាធារណៈផ្សេងៗទៀតដែលជំរុញឱ្យវិស័យឯកជនធ្វើការវិនិយោគនៅក្នុងផ្នែកដែលប្រជាពលរដ្ឋត្រូវការ។
កាលពីខែមុននៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំរបស់លោកទៅឱ្យសាធារណជនអំពីស្ថានភាពសេដ្ឋកិច្ច លោក Nguyen Thien Nhan បាននិយាយថា៖ «បរិស្ថានក៏សំខាន់ផងដែរ។ នៅពេលដែលអ្នកវិនិយោគសួរថា តើអ្វីជាគុណភាពខ្យល់? យើងត្រូវតែឆ្លើយ។ វាមិនមែនត្រឹមតែពាក់ព័ន្ធនឹងដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទងនឹងបញ្ហាបរិស្ថានស្អាត ចរាចរណ៍ល្អ និងគុណភាពខ្យល់ល្អផងដែរ ដែលធ្វើឱ្យអ្នកវិនិយោគមកទីនេះ»។
លោកបានលើកឡើងពីកសិករមួយចំនួនជាឧទាហរណ៍។ ស្របតាមប្រព័ន្ធកុំម្មុយនិស្ត ដីធ្លីទាំងអស់គឺគ្រប់គ្រងដោយរដ្ឋ ប៉ុន្តេគេអាចជួលដីធ្លីទាំងនេះរាប់ទសវត្សរ៍បាន។ កសិករមួយចំនួនដូចជា កសិករនៅជាយក្រុងហូជីមិញបានប្តូរពីការងារកសិកម្ម ទៅការងារផ្សេងទៀត។ ប៉ុន្តែ ការផ្តាស់ប្តូរនេះបានធ្វើឱ្យមានការយល់ច្រឡំអំពីការបែងចែកតំបន់ដីធ្លី និងសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងការប្រើប្រាស់ដីធ្លីប្រភេទផ្សេងៗគ្នា។ ផ្ទៃដីប្រទេសវៀតណាមប្រហែល ៧៥ ភាគរយ ជាតំបន់ជនបទ ប៉ុន្តែការធ្វើនគរូបនីយកម្មកំពុងកើនឡើង។
អនាគតទំនងជាល្អ
ការបំលែងសហគ្រាសគ្រប់គ្រងដោយរដ្ឋទៅជាសហគ្រាសសាធារណៈមានភាគហ៊ុនរួមគ្នាក៏ជាផ្នែកដ៏ធំមួយនៃការផ្លាស់ប្តូរក្នុងប្រទេសវៀតណាមផងដែរ។ វាមានគោលបំណងបើកឱកាសឲ្យមានការវិនិយោគឯកជនលើសហគ្រាសគ្រប់គ្រងដោយរដ្ឋចំនួន ៤០៣ កន្លែង នៅក្នុងរយៈពេលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ ប៉ុន្តែបានទទួលជោគជ័យប្រហែលត្រឹមតែ ១ ភាគ ៥ ប៉ុណ្ណោះ នៃគោលដៅរបស់ខ្លួន។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន Fitch Ratings បានធ្វើការផ្លាស់ប្តូរការវាយតម្លៃរបស់ខ្លួនលើទិដ្ឋភាពនៃសេដ្ឋកិច្ចវៀតណាមពី «សេដ្ឋកិច្ចមានស្ថិរភាព» ទៅជា «សេដ្ឋកិច្ចវិជ្ជមាន» កាលពីខែឧសភា ឆ្នាំមុន។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ការបំលែងសហគ្រាសគ្រប់គ្រងដោយរដ្ឋទៅជាសហគ្រាសសាធារណៈមានភាគហ៊ុនរួមគ្នាបានធ្វើឱ្យមានថវិកាកើនឡើង ដែលនេះបានរួមចំណែកក្នុងការកាត់បន្ថយកម្រិតបំណុលរបស់រដ្ឋាភិបាល។
ក្រុមហ៊ុន Fitch Ratings នៅក្នុងទីក្រុងហុងកុងបានបញ្ជាក់នៅក្នុងកំណត់សម្គាល់ពន្យល់របស់ខ្លួនថា៖ «ការកាត់បន្ថយកម្រិតបំណុលនោះកើតឡើងដោយសារការធ្វើឯកជនូបនីយកម្មទៅក្នុងសហគ្រាសគ្រប់គ្រងដោយរដ្ឋប្រកបដោយស្ថិរភាព (ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសវៀតណាមថា ជាការបំលែងសហគ្រាសគ្រប់គ្រងដោយរដ្ឋទៅជាសហគ្រាសសាធារណៈមានភាគហ៊ុនរួមគ្នា) ក៏ដូចជាដោយសារផលិតផលក្នុងស្រុកសរុប (GDP) មានកំណើនខ្លាំង និងដោយសារឱនភាពហិរញ្ញវត្ថុទាបផងដែរ។ ជាទូទៅ កម្រិតនៃការបំលែងសហគ្រាសគ្រប់គ្រងដោយរដ្ឋទៅជាសហគ្រាសសាធារណៈមានភាគហ៊ុនរួមគ្នា មានល្បឿនយឺត ប៉ុន្តែដំណើរការនេះនៅតែបន្តបោះជំហានទៅមុខ ដោយមានសហគ្រាសគ្រប់គ្រងដោយរដ្ឋចំនួន ២៨ ត្រូវបានគេបំលែងទៅជាសហគ្រាសសាធារណៈមានភាគហ៊ុនរួមគ្នានៅក្នុងឆ្នាំ២០១៨ បើប្រៀបធៀបទៅនឹងចំនួន ៦៩ នៅក្នុងឆ្នាំ ២០១៧»៕