ពលរដ្ឋថៃប្រមាណជាង២០០នាក់ ដែលបានជាប់គាំងនៅក្នុងការឡោមព័ទ្ធវាយប្រហាររវាងកងយោធាមីយ៉ាន់ម៉ានិងក្រុមជនជាតិភាគតិចប្រដាប់អាវុធនៅផ្នែកភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កំពុងត្រូវបានជួយជម្លៀសទៅកាន់ប្រទេសរបស់ខ្លួនវិញ តាមរយៈប្រទេសចិន។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការបរទេសថៃ ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមយោធាមីយ៉ាន់ម៉ា ដែលដណ្តើមកាន់អំណាចក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១នោះ បានបាត់បង់ទីតាំងគ្រប់គ្រងនៅតាមទីប្រជុំជនជាច្រើនកន្លែង និងទីតាំងយោធាជួរមុខមួយចំនួននៅជុំវិញប្រទេស ក៏ដូចជាផ្នែកខ្លះក្នុងតំបន់ភាគខាងជើងផងដែរ នៅក្នុងសមរភូមិប្រយុទ្ធដ៏ធំ ដែលមានការរៀបចំ និងត្រូវបានធ្វើឡើងកាលពីខែមុន ដោយក្រុមសម្ព័ន្ធជនជាតិភាគតិចចំនួន៣ក្រុម និងយុទ្ធជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ក្រសួងការបរទេសថៃនិយាយថា ក្រុមជនជាតិថៃដែលមានគ្នា២៦៦នាក់ និងជនជាតិហ្វីលីពីននិងសិង្ហបុរីដែលមិនដឹងចំនួនច្បាស់ ត្រូវបានជម្លៀសចេញពីស្រុក Laukkaing ក្នុងរដ្ឋ Shan ភាគខាងជើង ដែលស្ថិតនៅជិតព្រំដែនចិននិងមីយ៉ាន់ម៉ា ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរមីយ៉ាន់ម៉ាផងដែរ។
ក្រសួងការបរទេសថៃនិយាយថា ក្រុមពលរដ្ឋទាំងនេះនឹងត្រូវអនុញ្ញាតឱ្យចូលទៅប្រទេសចិន ហើយបន្ទាប់មកនឹងជិះយន្តហោះជួលពីរគ្រឿងពីទីក្រុង Kunming របស់ចិន ទៅកាន់រដ្ឋធានីបាងកក ប្រទេសថៃ ដែលនៅទីនោះពួកគេនឹងត្រូវធ្វើការត្រួតពិនិត្យលើកំណត់ហេតុជួញដូរមនុស្សនិងបទឧក្រិដ្ឋ។
ក្រសួងការបរទេសថៃមិនបានបញ្ជាក់ពីការមកដល់នៃក្រុមពលរដ្ឋទាំងនេះទេ ប៉ុន្តែថា ពួកគេបានទៅដល់ព្រំដែនប្រទេសចិនហើយកាលពីថ្ងៃអាទិត្យម្សិលមិញ។
អាជ្ញាធរថៃបាននិយាយក្នុងពេលកន្លងទៅថា មនុស្សមួយចំនួនដែលជាប់គាំងក្នុងប្រទេសមីយ៉ាន់ម៉ា ជាជនរងគ្រោះនៃអំពើរត់ពន្ធមនុស្ស ហើយមួយចំនួនទៀត អាចជាប់ពាក់ព័ន្ធនឹងក្រុមបោកប្រាស់តាមអ៊ីនធឺណិតផងដែរ៕