រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងពិចារណាលទ្ធភាពទាំងអស់ដើម្បីឲ្យមានការដោះលែងចំណាប់ខ្មាំងជនជាតិជប៉ុន២នាក់ ដែលក្រុមរដ្ឋឥស្លាមបានចាប់។
ក្រុមរដ្ឋឥស្លាមបានប្រកាសតាមវីដេអូ ដែលបង្ហោះកាលពីថ្ងៃអង្គារថា គេនឹងសម្លាប់ចំណាប់ខ្មាំងពីរនាក់នេះក្នុងពេល៧២ម៉ោង បើគេមិនបានទទួលប្រាក់លោះ២០០លាន ដុល្លារទេនោះ។
បើយោងតាមវីអេអូដែលចេញកាលពីថ្ងៃអង្គារនោះ ពេលកំណត់សម្លាប់គឺចំថ្ងៃសុក្រនេះ។ លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធនៅក្រុងតូក្យូថា លោកបានណែនាំឲ្យមន្ត្រីនានាប្រើទំនាក់ទំនងការទូតតាមតែអាចធ្វើបាន ដើម្បីឲ្យមានការដោះលែងលោក Kenji Goto និង Haruna Yukawa។
លោកនាយករដ្ឋមន្ត្រីនិយាយថា ប្រទេសជប៉ុននឹងមិនចុះចាញ់ ភេរវកម្មទេ។ ប៉ុន្តែលោកនិងមន្ត្រីជប៉ុនផ្សេងទៀតមិនបាននិយាយថា តើជប៉ុននឹងបង់ប្រាក់លោះឬយ៉ាងណាទេ។វីដេអូរបស់ក្រុមរដ្ឋឥស្លាមនេះបានចេញផ្សាយនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Shinzo Abe បានសន្យាផ្តល់ប្រាក់២០០លានដុល្លារជាជំនួយស៊ីវិលដល់ប្រទេសដែលរងការប៉ះពាល់ដោយក្រុមជ្រុលនិយមនិកាយស៊ូនី (Sunni)៕