រដ្ឋាភិបាលនៃប្រទេសជប៉ុនកំពុងស៊ើបអង្កេតអំពីវីដេអូមួយដែលហាក់ដូចជាបង្ហាញថាក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានសម្លាប់ចំណាប់ខ្មាំងម្នាក់ក្នុងបណ្តាចំណាប់ខ្មាំងជប៉ុនពីរនាក់ដែលពួកគេបានចាប់ឃុំឃាំង។
វីដេអូនេះបានបង្ហាញរូបថតមួយនៃអ្នកកាសែត Kenji Goto ដែលបានលើករូបថតនៃចំណាប់ខ្មាំងម្នាក់ទៀតគឺលោក Huruna Yukawa ដែលមើលទៅហាក់ដូចជាត្រូវបានគេកាត់ក្បាល។
ក្រុមរដ្ឋអ៊ីស្លាមដែលនៅពេលនេះកាន់កាប់មួយភាគបីនៃដែនដីប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់បានគំរាមកាលពីថ្ងៃអង្គារថានឹងកាត់ក្បាលចំណាប់ខ្មាំងទាំងនេះក្នុងរយៈពេល៧២ម៉ោងប្រសិនបើពួកគេមិនបានទទួលប្រាក់លោះចំនួន២០០លានដុល្លារទេនោះ។
លោកនាយករដ្ឋមន្ត្រី Shinjo Abe នៃប្រទេសជប៉ុនបានថ្កោលទោសសារនេះថាជា «ការទ្រគោះយង់ឃ្នងយ៉ាងខ្លាំង» និងជាការមិនអាចអត់ឱនឱ្យបានទេហើយលោកបានមានប្រសាសន៍ថារដ្ឋាភិបាលលោកនឹងមិនចុះញ៉មក្រុមភេរវជនទេ។ គេរាយការណ៍មកថាក្រុមរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីធ្វើការប្រជុំមួយជាបន្ទាន់អំពីវីដេអូនេះដែលមិនទាន់បានត្រូវពិនិត្យផ្ទៀងផ្ទាត់ដោយឯករាជ្យនៅទ្បើយទេ។
លោក Patrick Ventrell អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៅឯសេតវិមានបាននិយាយថាសហគមន៍ស៊ើបការសម្ងាត់ស.រ.អា.ក៏កំពុងធ្វើការដែរដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវមិនក្លែងក្លាយនៃវីដេអូនេះហើយកំពុង «សម្របសម្រួលការងារយ៉ាងជិតស្និទ្ធ» ជាមួយប្រទេសជប៉ុន។ លោកបាននិយាយសាជាថ្មីអំពីការអំពាវនាវរបស់ជប៉ុនឱ្យមានការដោះលែងក្រុមចំណាប់ខ្មាំងទាំងនេះជាបន្ទាន់ហើយលោកក៏បានថ្លែងដែរថាស.រ.អា.ថ្កោលទោសសកម្មភាពរបស់ក្រុមរដ្ឋអ៊ីស្លាម។
នៅក្នុងវីដេអូនោះ សំទ្បេងបុរសម្នាក់ដែលអះអាងថាខ្លួនជាលោក Goto បានត្រូវឮជាភាសាអង់គ្លេសដោយមានអក្សររត់ពីក្រោមជាភាសាអារ៉ាប់។ បុរសនេះបាននិយាយដោយផ្ទាល់ទៅកាន់លោកនាយករដ្ឋមន្ត្រី Abe ដោយចោទប្រកាន់លោកថាទទួលខុសត្រូវដល់ការស្លាប់របស់លោក Yukawa។ បុរសនេះបាននិយាយថានៅពេលនេះក្រុមជនសកម្មប្រយុទ្ធលែងចង់បានប្រាក់កាសហើយ ហើយទាមទារឱ្យមានការដោះលែងអ្នកស្រី Sajida al-Rishawi ដែលជាអ្នកប៉ុនប៉ងបំផ្ទុះគ្រាប់បែកអត្តឃាតជាប់គុកក្នុងប្រទេសហ្ស៊កដានី៕