កាលពីថ្ងៃសៅរ៍ក្រុមរដ្ឋអ៊ីស្លាមបានបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទ្បានបីគ្រឿងនៅកន្លែងឆ្លងកាត់ព្រំដែនរវាងប្រទេសអ៊ីរ៉ាក់និងប្រទេសហ្ស៊កដានីនៅក្នុងការវាយប្រហារមួយដែលក្រុមមន្ត្រីបាននិយាយថាបណ្តាលឱ្យកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអ៊ីរ៉ាក់យ៉ាងតិចណាស់បួននាក់បាត់បង់ជីវិត។
គេរាយការណ៍ថាមានកងកម្លាំងសន្តិសុខយ៉ាងហោចណាស់១០នាក់ទៀតបានត្រូវរបួសនៅក្នុងការផ្ទុះគ្រាប់បែកទាំងនេះដែលក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវជាបន្ទាន់។
កន្លែងឆ្លងកាត់ព្រំដែន Trebill ដែលការវាយប្រហារបានកើតមានឡើងនៅទីនោះជាកន្លែងឆ្លងកាត់ជាផ្លូវការតែមួយគត់រវាងប្រទេសទាំងពីរ។
ក្រុមជនសកម្មប្រយុទ្ធទាំងនេះបានវាយយកបានផ្នែកដ៏ធំនៃប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំទៅមិញដោយមានរួមបញ្ចូលទាំងភាគច្រើននៃខេត្ត Anbar នាប៉ែកខាងលិចប្រទេសដែលនៅទីនោះមានកន្លែងឆ្លងកាត់ព្រំដែន Trebill។
ក្រុមមន្ត្រីយោធាបាននិយាយថាក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក៏បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដែលជាអតីតមេបញ្ជាការនៃកងពលធំលេខមួយនិងយ៉ាងហោចណាស់នាយទាហានម្នាក់ទៀតនៅក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងកាលពីថ្ងៃសុក្រនៅក្នុងខេត្ត Anbar។
ការវាយប្រហាររបស់ក្រុមជនសកម្មប្រយុទ្ធមានរួមបញ្ចូលការបំផ្ទុះគ្រាប់បែកមួយ។ បន្ថែមពីលើបុគ្គលិកយោធាជាន់ខ្ពស់នោះមានទាហានយ៉ាងតិចណាស់១០នាក់បានបាត់បង់ជីវិតនិងមានទាហានរបួសរហូតដល់១២នាក់៕