ក្រុមជីវពលអ៊ីស្លាមនិកាយ Shi'ite និងកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានបើកធ្វើការវាយប្រហារតបតកាលពីថ្ងៃសៅរ៍ប្រឆាំងនឹងក្រុមបះបោររដ្ឋ អ៊ីស្លាម នៅខាងកើតក្រុងRamadi នៅក្នុងការប៉ុនប៉ងលើកទីមួយរបស់ពួកគេដើម្បីវាយយកក្រុងនេះមកវិញចាប់តាំងពីវាបានធ្លាក់ក្នុងកណ្តាប់ដៃក្រុមជនជ្រុលនិយមនេះកាលពីមួយសប្តាហ៍មុននេះ។
ការដួលរលំក្រុង Ramadi ដែលជាទីរូមខេត្តAnbarកាលពីថ្ងៃទី១៧ខែឧសភាជាសក្តានុពលនៃការបរាជ័យមួយដល់រដ្ឋាភិបាលកណ្តាលនៅក្នុងក្រុងBaghdad។
នៅពេលនេះក្រុមជ្រុលនិយមរដ្ឋ អ៊ីស្លាម ដែលជាក្រុមអ្នកកាន់សាសនា អ៊ីស្លាម និកាយ Sunni ត្រួតត្រាផ្នែកខាងលិចនៃខេត្ត Anbar ដែលនៅជាប់ព្រំដែនប្រទេសស៊ីរី ហ្ស៊កដានី និងអារ៉ាប់រូម។ ក្រុមអ្នកវិភាគនិយាយថា បើគេមិនទប់ទល់នឹងពួកសង្រ្គាមសាសនាទាំងនេះទេ ពួកវាអាចជម្រុលពីទិសខាងលិចទៅកាន់ក្រុងBaghdadបាន៕