ពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានអះអាងទាមទារការទទួលខុសត្រូវលើការបំផ្ទុះគ្រាប់បែកចំនួនពីរកាលពីថ្ងៃសុក្រនៅឯព្រះវិហារអ៊ីស្លាម នាពេលដែលអនុប្រធានាធិបតីនៃប្រទេសអ៊ីរ៉ាក់បានចោទសួរអំពីប្រសិទ្ធភាពនៃការវាយប្រហារតាមអាកាសដឹកនាំដោយស.រ.អាប្រឆាំងនឹងកងកម្លាំងរដ្ឋអ៊ីស្លាម។
ក្រុមមួយដែលបានពណ៌នាខ្លួនឯងថា ជាសាខាមួយទើបតែបង្កើតថ្មីបាននិយាយថា ពួកគេជាអ្នកទទួលខុសត្រូវដល់ការបំផ្ទុះគ្រាប់បែកមួយនៅក្នុងតំបន់ Qatif ឋិតនៅផ្នែកខាងកើតនៃប្រទេសអារ៉ាប៊ី សាអូឌីត ដែលបានបណ្តាលឲ្យមនុស្សចំនួន២១នាក់បានស្លាប់ និងបានធ្វើឲ្យមនុស្សយ៉ាងតិចណាស់៨០នាក់ទៀតត្រូវរបួស។ ការផ្ទុះគ្រាប់បែកទីពីរនៅជិតព្រះវិហារអ៊ីស្លាមមួយក្នុងរដ្ឋធានី Sana'a នៃប្រទេសយ៉េមែនបានបណ្តាលឲ្យមនុស្សចំនួន១៣នាក់ត្រូវរបួស ដោយបន្ថែមចំនួនមនុស្សស្លាប់ និងត្រូវរបួសនៅខាងក្រៅទីដៅជាធម្មតារបស់ពួករដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសហ្ស៊កដានី លោកអនុប្រធានាធិបតីអ៊ីរ៉ាក់ លោកAyad Allawi បាននិយាយថា លោកបានសុំដល់ពួកមេដឹកនាំអ៊ីរ៉ាក់ ឲ្យបង្កើតយុទ្ធសាស្ត្រមួយនៅពេលប្រឈមមុខនឹងអ្វីដែលលោកឃើញថា ជាយុទ្ធនាការវាយប្រហារតាមអាកាសមួយដែលគ្មានជោគជ័យដោយមិនអាចត្រួតត្រាបានលើការរីកដុះដាលនៃពួករដ្ឋអ៊ីស្លាម។
អត្ថាធិប្បាយនេះមានឡើងមួយសប្តាហ៍ក្រោយពីពួករដ្ឋអ៊ីស្លាមបានវាយយកបានក្រុងRamadiនៃប្រទេសអ៊ីរ៉ាក់៕