កាលពីថ្ងៃសោរ៍ តំបន់អន្តរជាតិមានការការពារមាំទាំនៃក្រុងបាកដាដ មានភាពស្ងប់ស្ងៀមតែនៅតែតានតឹងនៅក្រោយមានអំពើហិង្សាកាលពីថ្ងៃសុក្រដោយពួកបាតុករដែលបានឆ្មក់ចូលលុកលុយក្នុងតំបន់នោះ ដោយមិនខ្លាចគ្រាប់កាំភ្លើងនិងគ្រាប់បែកផ្សែងរបស់សន្តិសុខ។
កាលពីព្រឹកថ្ងៃសៅរ៍ គេបានឮស្នូរឧទ្ធម្ភាគចក្រដែលភាគច្រើនបានហោះចូលនិងហោះចេញពីតំបន់មានដែលមានកិច្ចការពារសន្តិសុខមាំទាំនេះ ដែលនៅទីនោះមានអាគាររបស់រដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ាក់។
នៅពេលដែលពួកបាតុករបានរត់ចេញពីការបាញ់កាំភ្លើងនិងគ្រាប់បែកផ្សែងកាលពីរសៀលថ្ងៃសុក្រ ដោយមានបាតុករខ្លះបានគ្រាមិត្តភ័ក្តិពួកគេដែលមានរបួសចេញពីតំបន់អន្តរជាតិនោះ ពួកបាតុករប្រឆាំងនឹងរដ្ឋាភិបាលបានប្តេជ្ញាថានឹងវិលត្រឡប់មកវិញជាមួយអាវុធ។
បាតុករច្រើននាក់ជាអ្នកដើរតាមបព្វជិតឥស្លាមនិកាយ Shi'ite ឈ្មោះ Muqtada al-Sadr ដែលដូចជាអ្នកដឹកនាំនយោបាយច្រើននាក់ក្នុងប្រទេសអ៊ីរ៉ាក់ដែរគឺគាត់មានកងជីវពលប្រដាប់អាវុធផ្ទាល់របស់លោកដែលមានឈ្មោះថា ពួកកងពលតូចសន្តិភាពដែលភាសាអង់គ្លេសហៅថា Peace Brigades។
បព្វជិតឥស្លាម Sadr រូបនេះបានគាំទ្រអ្វីដែលលោកបានពណ៌នាថាជា«បដិវត្តន៍»របស់ប្រជារាស្ត្រប្រឆាំងនឹងរដ្ឋាភិបាល។
កាលពីថ្ងៃសៅរ៍ កងកម្លាំងសន្តិសុខបានរាំងខ្ទប់កន្លែងចូលទាំងអស់ទៅកាន់តំបន់អន្តរជាតិហើយបានបង្កើនកន្លែងឆែកឆេររបស់កងកម្លាំងពិសេសនៅតាមផ្លូវក្នុងរដ្ឋធានីផងដែរ។
នៅខាងក្នុងតំបន់អន្តរជាតិមានឡានធុន Humvees ប្រមាណ៤០គ្រឿងបានចតនៅខាងក្រៅអាគារសភាហើយមានការតាំងទីកងកម្លាំងសន្តិសុខនៅឯចំណុចសំខាន់ៗផងដែរ។
អ្នកស្រុកខ្លះក្នុងក្រុងបាកដាដ បានចាប់ផ្តើមស្តុកទុកម្ហូបអាហារ ទឹក និងថ្នាំពេទ្យដោយមានការព្រួយបារម្ភថា ស្ថានការណ៍អាចអាក្រក់ជាងមុនហើយពួកបាតុករអាចចាប់ផ្តើមធ្វើកុប្បកម្មនិងលួចប្លន់នៅក្នុងក្រុងនេះថែមទៀតផង៕