រដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា ពួកគេបានបើកធ្វើកិច្ចប្រតិបត្តិការមួយមានគោលដៅវាយយកមកវិញនូវក្រុង Ramadi និងខេត្ត Anbar នាប៉ែកខាងលិចប្រទេសពីការគ្រប់់គ្រងរបស់ពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ក្នុងរយៈពេលតិចជាងពីរអាទិត្យក្រោយពីពួកយុទ្ធជនរដ្ឋអ៊ីស្លាមនិយមបានត្រួតត្រាទីរួមខេត្តនេះ។ ក្រុមទាហានរដ្ឋាភិបាលអ៊ីរ៉ាក់និងពួកជីវពលលម្អៀងទៅខាងរដ្ឋាភិបាលបានប្រុងប្រៀបនៅខាងកើតក្រុងនេះដើម្បីធ្វើការវាយលុកយកមកវិញនូវខេត្តនេះដែលមានអ្នកស្រុកភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយសុន្នី។
នៅក្រោយសេចក្តីប្រកាសរបស់រដ្ឋាភិបាលក្រុងបាកដាដ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានមានប្រសាសន៍នៅឯសេតវិមានថា ស.រ.អា.ត្រូវតែ«គិតថាតើយើងបានបញ្ជូននិងបានចាត់ចែងធនធានយើងប្រកបដោយប្រសិទ្ធិភាពឬទេ»ដើម្បីឱ្យបានសម្រេចគោលដៅក្នុងការវាយយកក្រុង Ramadi មកវិញ។
អ្នកនាំពាក្យម្នាក់របស់ពួកជីវពល Shi'ite បាននិយាយថា កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ បានតាំងទីនៅលើចំហៀងបីនៃក្រុង Ramadi។
ទីភ្នាក់ងារព័ត៌មាន Associated Press បានដកស្រង់ពាក្យសម្តីពួកមន្ត្រីខេត្ត Anbar ដែលបាននិយាយថា មានការប្រយុទ្ធគ្នានិងការវាយប្រហារតាមអាកាសនៅផ្នែកខាងលិចនិងខាងត្បូងក្រុង Ramadi នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីវាយយកតំបន់ជាយក្រុងនេះមកវិញ៕