រដ្ឋមន្រ្តីការបរទេសតួកគី និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងខាងពាណិជ្ជកម្ម ហើយបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរី ថ្វីបើមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនក៏ដោយ។
នៅឯសន្និសីទកាសែតរួមគ្នាមួយ លោក Mohammad Javad Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានសម្តែងនូវការគាំទ្ររបស់ប្រទេសលោកដល់ប្រទេសតួកគីលើបញ្ហានៃការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានជោគជ័យកាលពីខែមុន ដោយពួកមន្រ្តីនៅក្នុងយោធាដែលបានធ្វើឲ្យមនុស្សជាង២៧០នាក់ស្លាប់។
លោក Mevlut Cavusoglu រដ្ឋមន្រ្តីការបរទេសតួកគី បានសរសើរហើយនិងថ្លែងអំណរគុណភ្លាមៗដល់សមភាគីរបស់លោក។ លោក Cavusoglu បានសង្កត់ពីសារៈសំខាន់នៃការគាំទ្ររបស់លោក Zarif ក្នុងអំឡុងពេលនៃរដ្ឋប្រហារខាងយោធាមិនសម្រេចកាលពីខែមុន។
លោក Cavusoglu បាននិយាយថា៖ «ក្នុងអំឡុងពេលនៃយប់រដ្ឋប្រហារ ខ្ញុំមិនបានដេកលក់អស់មួយយប់ ហើយមិត្តភ័ក្រ្តរបស់ខ្ញុំគឺលោក Java Zarif ក៏មិនបានដេកលក់ដែរ។លោកជារដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ដែលខ្ញុំបានពិភាក្សាជាមួយជាច្រើនដង លោកបានហៅទូរស័ព្ទខ្ញុំ៥ដងនៅយប់នោះ»។
ប្រទេសតួកគី បានត្អូញត្អែពីការខ្វះសាមគ្គីភាពពីសម្ព័ន្ធមិត្តលោកខាងលិចដែលបានបង្កើនការព្រួយកង្វល់ពីការបង្ក្រាបយ៉ាងខ្លាំងទៅលើពួកអ្នកគាំទ្រចលនាមួយដែលដឹកនាំដោយបព្វជិតអ៊ីស្លាម Fethullah Gulen ដែលរស់នៅក្នុងសហរដ្ឋអាមេរិក។
តួកគី បានចោទប្រកាន់លោក Gulen ពីការរៀបចំរដ្ឋប្រហារនេះ។បន្ថែមលើការឆ្លើយតបយឺតយ៉ាវក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋប្រហារមិនបានជោគជ័យនោះ រដ្ឋាភិបាលតួកគី មានការខឹងសម្បារចំពោះការរិះគន់ដែលចេញតែកើនឡើងពីអឺរ៉ុបនិងសហរដ្ឋអាមេរិក លើការបន្តការបង្រ្កាបរបស់ខ្លួនប្រឆាំងនឹងពួកអ្នករៀបចំរដ្ឋប្រហារ។ មនុស្សជាង៣៥០០០នាក់ ត្រូវបានឃុំខ្លួនចាប់តាំងពីការប៉ុនប៉ងរដ្ឋប្រហារនោះមក៕