លោក Erdogan បានប្រកាសពីការដាក់ប្រទេសក្នុងភាពមានអាសន្នដែលនឹងត្រូវអនុវត្តក្នុងរយៈពេល៣ខែនេះ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមានរយៈពេលយូរជាច្រើន ដោយលើកទី១បានប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ ហើយក្រោយមកជាមួយនឹងគណៈរដ្ឋមន្រ្តីរបស់លោក។
លោក Erdogan បាននិយាយថា គោលបំណងនៃការដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ននេះគឺ «ដើម្បីចាត់វិធានការដ៏មានប្រសិទ្ធិភាពបំផុតដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋត្រឡប់មកវិញ»។ មេដឹកនាំតួកគីរូបនេះបាននិយាយថា កងកម្លាំងប្រដាប់អាវុធនឹងមិនគ្រប់គ្រងប្រទេសក្នុងអំឡុងពេលនេះនោះទេ។
អស់រយៈពេលជាច្រើនថ្ងៃនេះ អ្នកគាំទ្រលោក Erdogan រាប់រយនាក់បានប្រមូលផ្តុំនៅទីលាន Taksim ក្នុងក្រុងIstanbul និងកន្លែងសាធារណៈផ្សេងៗទៀតនៅទូទាំងប្រទេសតួកគី ដើម្បីបង្ហាញការគាំទ្រដល់មេដឹកនាំតួកគីរូបនេះ និងដើម្បីបង្វែរនូវអ្វីដែលមេដឹកនាំតួកគីនិយាយអាចជាការប៉ុនប៉ងធ្វើរដ្ឋប្រហារលើកទី២នោះ។
ការថ្លែងសុន្ទរកថារបស់លោក Erdogan ត្រូវបានផ្សាយបន្តផ្ទាល់តាមផ្ទាំងកញ្ចក់ទូរទស្សន៍ធំៗ ដែលត្រូវបានដំឡើងនៅជុំវិញទីលាន Taksim។ ការប្រកាសពីការដាក់ប្រទេសតួកគីឲ្យស្ថិតក្នុងភាពអាសន្ននេះ ទទួលបានការគាំទ្រអបអរសាទរពីមហាជន។
ការប្រកាសនេះធ្វើឲ្យលោក Erdogan អាចបង្កើនការបង្រ្កាបបន្ថែមទៅលើការបង្ក្រាបដ៏ធំមួយដែលបានកើតឡើងរួចស្រាប់ហើយនោះ ដែលការបង្ក្រាបនោះត្រូវបានអ្នកតាមដានស្ថានការណ៍និយាយថា បានយកគោលដៅលើសមាជិកនៃចលនាសាសនាដែលដឹកនាំដោយលោក Fethullah Gulen។ លោក Fethullah Gulen ជាអតីតមេដឹកនាំសាសនាឥស្លាម និងបានរស់នៅក្នុងសហរដ្ឋអាមេរិកអស់រយៈពេល១៧ឆ្នាំ។
ចំនួនមនុស្សសរុបដែលត្រូវបានឃុំខ្លួនចាប់តាំងពីថ្ងៃទី១៥ខែកក្កដាមក បានឈានដល់៩.០០០នាក់ ដោយរួមបញ្ចូលទាំងទាហានចំនួន៦.០០០នាក់ ដែលពួកគេស្ថិតក្នុងដំណាក់កាលមួយដែលលោក Erdogan បានហៅថាជា «ការឃុំខ្លួនរង់ចាំការជំនុំជម្រះ»។ តាមការប៉ាន់ស្មានខ្លះ មានមន្រ្តីសាធារណៈប្រមាណជា៥០.០០០នាក់ ដោយរួមមានទាំងចៅក្រមនិងបញ្ញវន្តផង ត្រូវបានគេព្យួរការងារ ឬបញ្ជាឲ្យធ្វើការលាលែងពីការងាររបស់ពួកគេ។
សារព័ត៌មានរបស់រដ្ឋក្នុងប្រទេសតួកគី កាលពីថ្ងៃទី២០ ខែកក្កដាបាននិយាយថា រដ្ឋាភិបាលបានហាមឃាត់បញ្ញវន្តទាំងអស់មិនឲ្យធ្វើដំណើរចេញពីប្រទេសតួកគី។ បទបញ្ជាដែលត្រូវបានចេញផ្សាយនោះត្រូវបានធ្វើឡើងបន្ទាប់ពីមន្រ្តីក្រសួងអប់រំជាង២១.០០០នាក់ រួមទាំងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យចំនួន១.៥០០នាក់ផង ត្រូវបានព្យួរការងារមួយថ្ងៃមុនការផ្សាយនេះ គឺនៅថ្ងៃទី១៩។
លោកស្រី Beyza Ustun មន្រ្តីមួយរូបរបស់ក្រុមឆ្វេងនិយមគណបក្សប្រជាធិបតេយ្យប្រជាជន ដែលដឹកនាំដោយក្រុមKurd បាននិយាយថា «ការកាត់ទោសដោយគ្មានការវិនិច្ឆ័យបានចាប់ផ្តើមហើយ»។ លោកស្រីបានបង្ហាញពីក្តីបារម្ភដែលសមាជិករបស់ជនជាតិភាគតិចតួកគីមានលើអ្វីដែលពួកគេយល់ឃើញថា ជាការគំរាមកំហែងដែលចេះតែកើនឡើងចំពោះសិទ្ធិរបស់ពួកគេ។
កាលពីថ្ងៃទី២០ ខែកក្កដា លោក Erdogan បានប្រាប់សារព័ត៌មាន al-Jazeera ថា មនុស្សដែលត្រូវបានឃុំខ្លួនមួយចំនួនបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះចាប់ផ្តើមសារភាពនិងផ្តល់អ្វីដែលមេដឹកនាំតួកគីនេះនិយាយថាជាព័ត៌មានដែលភ្ជាប់ការប៉ុនប៉ងធ្វើរដ្ឋប្រហារទៅនឹងលោក Gulen។ លោកនិយាយថា លោកជឿថាមហាអំណាចបរទេសអាចនឹងមានការពាក់ព័ន្ធ ហើយថា វាអាចជាកំហុសដ៏ធំមួយប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តមិនព្រមធ្វើបត្យាប័នបញ្ជូនខ្លួនលោក Gulen ទេនោះ។ លោក Erdogan ក៏បាននិយាយដែរថា លោកនឹងអនុញ្ញាតឲ្យមានការអនុវត្តទោសប្រហារជីវិតប្រសិនបើជាច្បាប់នេះត្រូវបានអនុម័តដោយសភា។
លោក Erdogan ដែលគណបក្សអភិវឌ្ឍន៍និងយុត្តិធម៌របស់លោកទទួលបានជ័យជម្នះយ៉ាងងាយស្រួលនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន បានសាទរចំពោះជោគជ័យរបស់ខ្លួនថា ជាជ័យជម្នះនៃប្រជាធិបតេយ្យ។ ប៉ុន្តែវិធានការចាស់ដៃរបស់លោក ជាពិសេសបន្ទាប់ពីរដ្ឋប្រហារដែលទទួលបានបរាជ័យនោះ បានបង្កឲ្យមានភាពតានតឹងជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
នៅស្របពេលដែលមានការថ្កោលទោសលើការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកនិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ «បញ្ជាក់ឲ្យច្បាស់ថា ខណៈមានការឆ្លើយតបចំពោះរដ្ឋប្រហារ ការឆ្លើយតបនោះត្រូវគោរពយ៉ាងពេញលេញនូវលទ្ធិប្រជាធិបតេយ្យដែលយើងកំពុងតែគាំទ្រ»។
នៅក្នុងការសន្ទនាតាមរយៈទូរស័ព្ទកាលពីថ្ងៃទី១៩ ខែកក្កដា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានជំរុញឲ្យលោក Erdogan ធានាឲ្យបានថា ការស៊ើបអង្កេត និងការកាត់ទោសអ្នកប្រព្រឹត្តក្នុងរដ្ឋប្រហារនោះ ត្រូវបានធ្វើឡើងក្នុងលក្ខណៈដែលអាចផ្តល់ការទុកចិត្តដល់សាធារណជននៅក្នុងស្ថាប័នប្រជាធិបតេយ្យ និងនីតិរដ្ឋ។
សេចក្តីថ្លែងការណ៍មួយរបស់សេតវិមានបានសរសេរថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក «មានឆន្ទៈក្នុងការផ្តល់ជំនួយសមរម្យនានាទៅដល់អាជ្ញាធរតួកគី ក្នុងការស៊ើបអង្កេតលើការធ្វើរដ្ឋប្រហារនេះ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ