ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបន្តរាលដាលកាន់តែធំឡើងកាលពីថ្ងៃសៅរ៍ នៅពេលដែលអ៊ីរ៉ង់បានព្រមានថា ខ្លួននឹងបញ្ចេញប្រតិកម្មដ៏ខ្លាំងដល់ភាពគឃ្លើនណាមួយប្រឆាំងនឹងខ្លួន ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាថា នឹងដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងលើសាធារណរដ្ឋអ៊ីស្លាមនេះ។
លោកប្រធានាធិបតី ត្រាំ ប្រាប់ពួកអ្នកយកព័ត៌មាននៅឯសេតវិមានថា៖ «យើងកំពុងដាក់ទណ្ឌកម្មបន្ថែមទៅលើអ៊ីរ៉ង់នៅក្នុងការខំប្រឹងប្រែងមួយដើម្បីរារាំងប្រទេសនេះកុំឲ្យទទួលបានអាវុធនុយក្លេអ៊ែរ»។
លោកប្រធានាធិបតីត្រាំ ក៏និយាយដែរថា ចំណាត់ការខាងយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅតែជាលទ្ធភាពមួយហើយថា សហរដ្ឋអាមេរិកនឹងមិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លអ៊ែរទេ។
ប្រធានាធិបតី ត្រាំ និយាយបន្ថែមទៀតថា ប្រសិនបើ មេដឹកនាំអ៊ីរ៉ង់បោះបង់ចោលមហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ខ្លួន ពួកគេនឹងក្លាយជាប្រទេសអ្នកមានទ្រព្យសម្បត្តិហើយខ្ញុំនឹងក្លាយជាមិត្តភ័ក្រ្តដ៏ល្អបំផុតរបស់ពួកគេ។ កំណត់សម្គាល់កាលពីពេលថ្មីៗបំផុតនេះរបស់ប្រធានាធិបតី ត្រាំ បានកើតមានឡើងប៉ុន្មាននាទីមុនពេលលោកចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនឆ្ពោះទៅកាន់ជំរំ Camp David ដែលជាកន្លែងឈប់សម្រាករបស់ប្រធានាធិបតីនៅក្នុងរដ្ឋម៉ារីលែន ដើម្បីបន្តការពិភាក្សាស្តីពីបញ្ហាអ៊ីរ៉ង់។
កាលពីព្រឹកថ្ងៃសៅរ៍ លោក Abbas Mousavi អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ប្រាប់ទីភ្នាក់ងារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការថា អ៊ីរ៉ង់ នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់រំលោភព្រំដែនរបស់ខ្លួនទេ។ លោកបាននិយាយទៀតថា អ៊ីរ៉ង់នឹងតតាំងដល់ការឈ្លានពានឬការគំរាមកំហែងណាមួយដោយសហរដ្ឋអាមេរិក។
ខណៈនោះដែរ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានចុះផ្សាយផែនទីនៅលើ Twitter កាលពីថ្ងៃសៅរ៍ ដោយលោកបានបង្ហាញពីយន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់សហរដ្ឋអាមេរិកដែលត្រូវបានបាញ់ទម្លាក់ដោយអ៊ីរ៉ង់នៅក្នុងដែនទឹករបស់ខ្លួន។
រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ារបស់ចក្រភពអង់គ្លេស ធ្វើដំណើរទៅកាន់រដ្ឋធានីតេហេរ៉ង នៃប្រទេសអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះដើម្បីចរចាជាមួយក្រុមមន្រ្តីអ៊ីរ៉ង់។ការិយាល័យកាបរទេសរបស់ចក្រភពអង់គ្លេសបានប្រាប់ឲ្យដឹងថា លោក Andrew Murrison នឹងអំពាវនាវឲ្យមានការបន្ធូបន្ថយការតានតឹងនេះជាបន្ទាន់នៅក្នុងតំបន់។
លោក Andrew Murrison ក៏នឹងពិភាក្សាការគំរាមកំហែងរបស់អ៊ីរ៉ង់ដើម្បីបញ្ឈប់ការ អនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកបានដកខ្លួនកាលពីឆ្នាំទៅ៕