ប្រទេសអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿងនៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងហេតុការណ៍មួយដែលមន្ត្រីអ៊ីរ៉ង់បាននិយាយថា បានកើតឡើងនៅលើដែនដីរបស់អ៊ីរ៉ង់ ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកថា វាកើតឡើងនៅក្នុងដែនអាកាសអន្តរជាតិ។
បើតាមការបញ្ជាក់របស់ភាគីអ៊ីរ៉ង់ យន្តហោះដ្រូននេះគឺជាយន្តហោះប្រភេទ RQ-4 Global Hawk ដែលត្រូវបានបាញ់ទម្លាក់ដោយឆ្មាំបដិវត្តយោធាបារ៉ានៅក្នុងដែនអាកាសនៃខេត្ត Hormozgan នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ជិតច្រកសមុទ្រ Hormuz។
ចំណែកឯខាងភាគីសហរដ្ឋអាមេរិកវិញបានបញ្ជាក់ថា យន្តហោះដ្រូននោះគឺជាយន្តហោះប្រភេទ MQ-4C Triton ដែលហោះពីលើច្រកសមុទ្រ Hormuz។
មេបញ្ជាការកងទ័ពជើងទឹកលោក Bill Urban ដែលជាអ្នកនាំពាក្យឲ្យបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិក បានប្រាប់ VOA ថា៖ «គ្មានយន្តហោះសហរដ្ឋអាមេរិកណាមួយហោះហើរនៅពីលើដែនអាកាសរបស់ប្រទេសអ៊ីរ៉ង់នោះទេ»។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតលើហេតុការណ៍នេះ។
យោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានព្យាយាមបាញ់ទម្លាក់យន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន ហើយភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងពាក់ព័ន្ធនឹងការវាយប្រហារលើកប៉ាល់ដឹកប្រេងពីរគ្រឿងនៅក្នុងឈូងសមុទ្រអូម៉ង់ដែលសហរដ្ឋអាមេរិកចោទអ៊ីរ៉ង់ថាជាអ្នកធ្វើ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនឡើងតាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំមុន និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើអ៊ីរ៉ង់៕