មេដឹកនាំអ៊ីរ៉ង់និងតួកគីបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការដើម្បីបញ្ចប់ជម្លោះ និងអំពើហិង្សាខាងនិកាយសាសនានៅក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រីតួកគី Ahmet Davutoglu បាននិយាយថា ប្រទេសអ៊ីរ៉ង់និងប្រទេសតួកគីអាចសហការជាមួយគ្នាដើម្បីបញ្ចប់ជម្លោះ និងការសម្លាប់បងប្អូនឯងប្រកបដោយការបង្ហូរឈាម។ ថ្លែងនៅក្នុងសន្និសីទកាសែតរួមគ្នាមួយកាលពីថ្ងៃសៅរ៍នៅក្នុងក្រុងតេហេរ៉ង់ (Teheran) លោក Davutoglu បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏នឹងមានប្រសិទ្ធិភាព និងមានប្រយោជន៍ក្នុងការបញ្ចប់អំពើហិង្សាខាងនិកាយសាសនាផងដែរ។
លោកអនុប្រធានាធិបតីអ៊ីរ៉ង់ Eshagh Jahangiri បានមានប្រសាសន៍ថា ប្រទេសអ៊ីរ៉ង់និងប្រទេសតួកគីមានការខ្វែងគំនិតគ្នាអំពីការដោះស្រាយវិបត្តិនេះ ក៏ប៉ុន្តែភាគីទាំងសងខាងមានការប្តេជ្ញាក្នុងការធ្វើចលនាឆ្ពោះទៅកាន់ស្ថិរភាព។
ប្រទេសតួកគីជាអ្នកគាំទ្រខ្លាំងមួយដល់ពួកឧទ្ទាមដែលប្រយុទ្ធដើម្បីទម្លាក់ប្រធានាធិបតីស៊ីរី Bashar al-Assad ចេញពីតំណែង ចំណែកឯប្រទេសអ៊ីរ៉ង់ជាមួយនឹងប្រទេសរុស្សីវិញ ជាអ្នកទ្រទ្រង់ខ្លាំងដល់រដ្ឋាភិបាលលោក Assad។
ឥស្សរជនទាំងពីរនាក់នេះបាននិយាយថា អស់លោកមានបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់៣០ពាន់លានដុល្លារ។
គេរាយការណ៍ថា ពាណិជ្ជកម្មរវាងប្រទេសតួកគី និងប្រទេសអ៊ីរ៉ង់មានទឹកប្រាក់ប្រមាណ១០លានដុល្លារក្នុងឆ្នាំ២០១៥ ដែលនេះជាការចុះថយពីចំនួនកាលពីឆ្នាំមុនៗ៕