ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុង ឡុងដ៏ បានព្រមានជាសាធារណៈដល់លោកស្រីនាយករដ្ឋមន្ត្រី Theresa May ឲ្យស្របតាមលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងជម្លោះលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏ចម្រូងចម្រាសជាមួយនឹងអ៊ីរ៉ង់ ដែលមេដឹកនាំអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីខែ ឧសភា។
លោកឯកអគ្គរដ្ឋទូតអាមេរិក Woody Johnson បានព្រមានថា នឹងអាចមានផលប៉ះពាល់ខាងពាណិជ្ជកម្មដល់ចក្រភពអង់គ្លេស ដែលលោកពណ៌នាថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក ប្រសិនបើមិនផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបនិងយល់ស្របតាមលោក ត្រាំ ក្នុងការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុង តេហេរ៉ង់ ទេនោះ។ បេសកជនពិសេសរូបនេះក៏បានព្រមានដល់អ្នកជំនួញអង់គ្លេសឲ្យឈប់ធ្វើពាណិជ្ជកម្មជាមួយនឹងអ៊ីរ៉ង់ បើមិនដូច្នេះទេ ពួកគេនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរនៅពេលធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក។
ការព្រមានដែលមិនធ្លាប់មានពីមុនមកនេះ ដែលត្រូវបានចុះផ្សាយលើកាសែត Sunday Telegraph របស់អង់គ្លេស ត្រូវបានរដ្ឋាភិបាលក្រុង ឡុងដ៏ មើលឃើញថា ជាការសាកល្បងដ៏ធំបំផុតនៃទំនាក់ទំនងដ៏ពិសេសរវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងមក។
ការសម្រេចចិត្តរបស់លោក ត្រាំ កាលពីខែ ឧសភា ក្នុងការដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលកិច្ចព្រមព្រៀងនោះត្រូវបានចុះហត្ថលេខាដោយលោក បារ៉ាក់ អូបាម៉ា ដែលរដ្ឋាភិបាលក្រុង តេហេរ៉ង់ បានព្រមព្រៀងបញ្ឈប់ការផលិតនុយក្លេអ៊ែរ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម បានត្រួសត្រាយផ្លូវដល់លោកក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលក្ខណៈឯកតោភាគីរបស់អាមេរិកទៅលើអ៊ីរ៉ង់៕