ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់និងប្រទេសអារ៉ាប៊ីសាអូឌីតនៅតែកើនទ្បើងខ្លាំងទៅៗ ដោយលោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានរិះគន់ខ្លាំងដល់ការវាយប្រហារតាមអាកាសដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន។
នៅក្នុងអត្ថាធិប្បាយដោយផ្ទាល់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងទិវាកងទ័ពជាតិនៃប្រទេសអ៊ីរ៉ង់ លោក Rouhani បានមានប្រសាសន៍ថា «អ្នកឯងបានសាបព្រួសភាពស្អប់ខ្ពើមនៅក្នុងចិត្ត របស់ពលរដ្ឋនៅក្នុងតំបន់នោះ។ហើយអ្នកឯងនឹងឃើញការឆ្លើយតបមិនយូរមិនឆាប់ជាមិនខាន»។
កាលពីពេលមុន Ayatollah Ali Khamenei មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់បានហៅយុទ្ធនាការដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេម៉ែនថាជា «ការសម្លាប់ប្រល័យពូជសាសន៍» និងជា «ឧក្រិដ្ឋកម្ម» មួយ។ គេមានជំនឿថាប្រទេសអ៊ីរ៉ង់គាំទ្រក្រុមឧទ្ទាម Shi'ite Houthi ទាំងខាងយោធានិងទាំងខាងហិរញ្ញវត្ថុ ក៏ប៉ុន្តែអ៊ីរ៉ង់បានបដិសេធហើយ។
នៅក្រោយមានការវាយប្រហារតាមយន្តហោះថែមទៀតកាលពីថ្ងៃសុក្រ ប្រទេសអារ៉ាប៊ីសាអូឌីតបានសន្យាកាលពីថ្ងៃសៅរ៍ថានឹងផ្តល់ប្រាក់ទាំងអស់ចំនួន២៧៤លានដុល្លារដែលអ.ស.ប.បានសុំសម្រាប់ជំនួយមនុស្សធម៌គ្រាមានអាសន្ននៅក្នុងប្រទេសយេម៉ែន។ អ.ស.ប.បាននិយាយថាមានមនុស្សយ៉ាងតិចណាស់១សែន៥ម៉ឺននាក់បានខ្ចាត់ព្រាត់ពីផ្ទះសំបែងដោយសារជម្លោះនេះនៅពេលដែលមនុស្សជាង៧០០នាក់ទៀតបានស្លាប់ចាប់តាំងពីក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតចាប់ផ្តើមធ្វើការវាយប្រហារតាមអាកាសកាលពីបីសប្តាហ៍កន្លងមកនេះ។
សេចក្តីថ្លែងការណ៍ជាផ្លូវការមួយបានដកស្រង់ពាក្យសម្តីលោក Adel bin Ahmed Al-Jubeir ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំស.រ.អា.ដែលបានមានប្រសាសន៍ថា «ការធ្វើវិភាគទាននេះបង្ហាញការប្តេជ្ញារបស់ព្រះរាជាណាចក្រក្នុងការជួយប្រជារាស្ត្រយេម៉ែនដែលជាបងប្អូន»៕