លោកអគ្គលេខាធិការអ.ស.ប Ban Ki-moon បានអំពាវនាវឲ្យមាន«បទឈប់បាញ់គ្នាមួយជាបន្ទាន់»ក្នុងប្រទេសយេម៉ែន កន្លែងដែលកងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ី សាអ៊ូឌីត កំពុងធ្វើការវាយប្រហារផ្លូវអាកាសទៅលើពួកឧទ្ទាម Shi'ite។
នៅក្នុងសុន្ទរកថាមួយនៅក្រុង វ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ លោក Ban Ki-moon បានព្រមានថា ប្រទេស យេម៉ែន កំពុង«មានការឆាបឆេះ»ហើយថាដំណោះស្រាយតែមួយគឺឲ្យ«ភាគីទាំងអស់»បញ្ឈប់អរិភាព ហើយចូលរួមក្នុងការចរចាគ្នា។
លោកបានប្រាប់សមាគមសារព័ត៌មានជាតិថា «ដំណាក់កាលផ្លូវទូតដែលអ.ស.បជួយគាំទ្រនៅជាមធ្យោបាយដ៏ប្រសើរបំផុតដើម្បីបញ្ឈប់សង្គ្រាមមួយដែលធ្វើឲ្យមានផលប៉ះពាល់ដ៏គួរឲ្យភ័យខ្លាចទៅលើស្ថេរភាពក្នុងតំបន់»។
នៅដើមសប្តាហ៍នេះ ប្រេសិតពិសេសអ.ស.បសម្រាប់ប្រទេសយេម៉ែន លោក Jamal Benomar ដែលជាជនជាតិម៉ារ៉ុកបានលាឈប់ពីតំណែង បន្ទាប់ពីមិនអាចនាំភាគីទាំងពីរមកកាន់តុចរចាសន្តិភាពបាន។
ប្រភពការទូតបានឲ្យដឹងថា អ្នកការទូតជាតិ ម៉ូរីតានី លោក Ismail Ould Cheikh Ahmed នឹងទទួលការតែងតាំងជាអ្នកជំនួសលោក Benomar ក្នុងពេលឆាប់ៗនេះ៕