ក្រុម al-Qaida បានប្រកាសថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកបានសម្លាប់បព្វជិតកំពូលម្នាក់របស់សាខាក្រុម al-Qaida នៅក្នុងប្រទេសយេម៉ែន។
Ibrahim al-Rubaish ជាពលរដ្ឋអារ៉ាប៊ី សាអូឌីត បានចូលរួមជាមួយក្រុម al-Qaida ក្នុងឧបទ្វីបអារ៉ាប់ បន្ទាប់ពីដោះលែងចេញពីគុកនៅច្រកសមុទ្រ Guantanamo នៃប្រទេសគុយបាក្នុងឆ្នាំ២០០៦។
ជននោះបានត្រូវគេចាត់ទុកជាទីប្រឹក្សាខាងមនោគមវិជ្ជានិងសាសនាដ៏សំខាន់មួយរបស់ក្រុម al-Qaida ហើយការសរសេរនិងការសូត្រធម៌ របស់ជននោះមានភាពល្បីល្បាញបានត្រូវគេបោះពុម្ភផ្សាយ។ មានការផ្តល់ប្រាក់៥លានដុល្លារលើក្បាលរបស់ជននោះ។ មន្រ្តីសហរដ្ឋអាមេរិកមិនបានបញ្ជាក់ជាផ្លូវការពីការស្លាប់របស់ជននោះទេ។
កាលពីថ្ងៃអង្គារដែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានយល់ព្រមការដាក់ទណ្ឌកម្មមិនលក់អាវុធទៅឲ្យក្រុមមេដឹកនាំរបស់ក្រុមឧទ្ទាម Houthis និកាយស៊ីអ៊ីដរបស់យេម៉ែនហើយបានទាមទារឲ្យក្រុមនោះដកចេញពីតំបន់នានាដែលក្រុមនោះបានកាន់កាប់។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយដោយ១៤សំឡេងទល់នឹងសូន្យដោយប្រទេសរុស្ស៊ីបោះឆ្នោតអនុប្បវាទ។
លោ Vitaly Churkin ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិនិយាយថា សេចក្តីសម្រេចចិត្តនោះមិនបានអំពាវឲ្យបញ្ចប់ការវាយប្រហារតាមអាកាសដែលកំពុងធ្វើឡើងដោយក្រុមចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីតប្រឆាំងនឹងក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធប្រឆាំងកងកម្លាំងដែលគាំទ្រលោក Abd Rabbu Mansour ប្រធានាធិបតីនៃប្រទេសយេម៉ែនដែលអន្តរជាតិទទួលស្គាល់ទេ៕