ប្រទេសអ៊ីរ៉ងបានប្រកាសកាលពីថ្ងៃចន្ទអំពីការចាប់ខ្លួនជនជាតិអ៊ីរ៉ង១៧នាក់ ដែលអាជ្ញាធរចោទប្រកាន់ថាបានឈ្លបយកការណ៍សម្ងាត់ឲ្យ CIA ក្នុងទីតាំងនុយក្លេអ៊ែរ និងយោធារបស់ប្រទេស។ អ្នកខ្លះត្រូវកាត់ទោសប្រហារជីវិត។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងថា ការពោលអះអាងរបស់អ៊ីរ៉ងគ្មានការពិតឡើយ។
ការចាប់ខ្លួនទាំងនេះកើតឡើងកាលពីខែមុន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអ៊ីរ៉ង់ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីតេហេរ៉ង់។ លោកបានថ្លែងថាអ្នកដែលជាប់ឃុំឃាំងគឺធ្វើការនៅកន្លែងសំខាន់ៗ នៅទីតាំងយោធា និងនុយក្លេអ៊ែរ។ មន្ត្រីនោះមិនបានប្រាប់ថាតើមានចំនួនមនុស្សប៉ុន្មាននាក់ដែលត្រូវកាត់ទោសប្រហារជីវិតទេ។ ការប្រកាសដូច្នេះបានកើតឡើងចំពេលដែលមានកំណើននៃភាពតានតឹងជាច្រើនសប្តាហ៍រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងតេហេរ៉ង់ទាក់ទងនឹងការសម្រេចចិត្តរបស់លោកប្រធានាធិបតីត្រាំក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ជាមួយនឹងមហាអំណាចនានាកាលពីឆ្នាំទៅ ហើយដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើ ប្រទេសអ៊ីរ៉ង់ទៀត។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo ដែល ជាអតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលសហព័ន្ធ CIA បានបដិសេធថ្លែងចំៗទាក់ទងនឹងការចាប់ខ្លួនទាំងនោះ តែបានបញ្ជាក់ថា របបដឹកនាំអ៊ីរ៉ង់មានប្រវត្តិភូតកុហកដ៏យូរលង់៕