ក្រុមអ្នកការទូតជាន់ខ្ពស់មួយចំនួននៃបណ្តាប្រទេសជាតិដែលគេហៅថា P5+1 ទាក់ទិននឹងការដោះស្រាយមហិច្ឆតាបរមាណូចម្រូងចម្រាស់របស់ប្រទេសអ៊ីរ៉ង់ (Iran) បានធ្វើដំណើរទៅដល់ក្រុង Lausanne ហើយនៅថ្ងៃសៅរ៍នេះ ដែលនៅទីនោះលោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry និងលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif ជួបប្រជុំគ្នាដើម្បីធ្វើកិច្ចចរចាមានគោលដៅធ្វើឱ្យសម្រេចបានកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយនៅមុនថ្ងៃកំណត់ចុងក្រោយបង្អស់នៅថ្ងៃអង្គារខាងមុខនេះ។
ថ្លែងនៅខាងក្រៅកិច្ចចរចាគ្នាកាលពីថ្ងៃសុក្រ លោក Zarif បានមានប្រសាសន៍ថា កិច្ចចរចាគ្នា«មានការពិបាកណាស់និងស្មុគស្មាញណាស់»។
មន្ត្រីម្នាក់នៃក្រសួងការបរទេសស.រ.អា.បាននិយាយថា កិច្ចចរចាគ្នាមានភាព«ស្វិតស្វាញនិងហ្មត់ចត់ណាស់»។
មន្ត្រីរូបនេះក៏បាននិយាយដែរថា វិធានការដោយលោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ក្នុងការឈោងដៃទៅរកពួកមេដឹកនាំនៃប្រទេសមហាអំណាចពិភពលោកទាំង៦កាលពីថ្ងៃព្រហស្បតិ៍ជា«សញ្ញាមួយនាំឱ្យមានសេចក្តីសង្ឃឹមថា ប្រទេសអ៊ីរ៉ង់ប្រុងប្រៀបធ្វើសេចក្តីសម្រេចស្វិតស្វាញខ្លះ»ដែលខ្លួនត្រូវការធ្វើដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។
លោក Rouhani បានបញ្ជូនសារមួយច្បាប់ទៅឱ្យប្រទេសជាតិ P5+1 ដែលចូលរួមក្នុងកិច្ចចរចានេះ ដោយ«ពន្យល់អំពីគោលជំហរនៃប្រទេសអ៊ីរ៉ង់អំពីបញ្ហាបរមាណូនិងព្រឹត្តិការណ៍ថ្មីៗបំផុត»នៅក្នុងកិច្ចចរចាគ្នានេះ៕