ក្រុមអ្នកការទូតកំពូលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានជួបគ្នារយៈពេល៥ម៉ោងកាលពីថ្ងៃពុធនៅក្នុងកិច្ចខំប្រឹងប្រែងដើម្បីបន្តដោះស្រាយជម្លោះរបស់ខ្លួនលើកម្មវិធីនុយក្លែអ៊ែរបស់រដ្ឋាភិបាលទីក្រុង Tehran។
មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា លោករដ្ឋមន្រ្តីការបរទេស John Kerry និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានពិភាក្សាបញ្ហាយ៉ាងច្រើននៅក្នុងទីក្រុងហ្សឺណែវ។ អ្នកជំនួយការរូបនោះបាននិយាយទៀតថា បន្ទាប់មក លោក Kerry និងលោក Zarif បានស្នើផ្តល់គោលការណ៍ណែនាំដល់ក្រុមរបស់លោកនៅក្នុងការធ្វើឲ្យជឿនលឿនដល់ការចរចាមួយជុំទៀតដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។
មុននោះ លោក Zarif បាននិយាយថា ជំនួបរបស់លោកជាមួយលោក Kerry បង្ហាញថា អ៊ីរ៉ង់និងក្រុមមហាអំណាចពិភពលោក បានប្រុងប្រៀបខ្លួនហើយដើម្បីបង្កើនល្បឿនចរចារបស់ខ្លួននៅក្នុងក្តីសង្ឃឹមនឹងឈានដល់កិច្ចព្រមព្រៀងមួយតាមកាលបរិច្ឆេទថ្មីនៅថ្ងៃទី១ ខែកក្កដា។
ក៏ប៉ុន្តែ លោក Zarif បានដាក់បន្ទុកធ្ងន់ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយលើសហរដ្ឋអាមេរិកនិងប្រទេស៥ផ្សេងទៀតដែលអ៊ីរ៉ង់កំពុងចរចាជាមួយ។
លោក Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានហៅការចរចាជាមួយលោក Kerry ថាសំខាន់ ក៏ប៉ុន្តែនៅតែមានការប្រុងប្រយ័ត្នអំពីការឈនទៅដល់កិច្ចព្រមព្រៀងហើយបានបដិសេធពុំផ្តល់សេចក្តីលម្អិតពីបញ្ហាដែលនាំឲ្យមានខ្វែងគំនិតក្រុមអ្នកចរចានោះទេ៕