លោកប្រធានាធីបតីស.រ.អា បារ៉ាក់ អូបាម៉ា បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ី សាអូឌីត។ ហើយនៅថ្ងៃពុធនេះ លោកត្រូវបានរំពឹងថា នឹងពិភាក្សាជាមួយនឹងមហាក្សត្រ សាឡាម៉ាន់ លើបញ្ហាជាច្រើន រាប់ទាំងបញ្ហាប្រជែងរវាងប្រទេសអារ៉ាប៊ី សាអូឌីត ប្រទេសអ៊ីរ៉ង់ បញ្ហាជម្លោះនៅប្រទេសយ៉េមែន និងកិច្ចខិតខំប្រឹងប្រែងក្នុងការកំចាត់ក្រុមរដ្ឋឥស្លាមផងដែរ។
ស.រ.អានិងប្រទេសអារ៉ាប៊ី សាអូឌីតជាសម្ព័ន្ធមិត្តយូរអង្វែង តែថ្មីៗនេះមានភាពតានតឹងខ្លះ។ ភាពតានតឹងនេះបណ្តាលមកពីបញ្ហាពីរគឺទី១គឺ លោកអូបាម៉ា បានរិះគន់ប្រទេសអារ៉ាប៊ី សាអូឌីតថា មិនបានចូលរួមឲ្យបានសមរម្យក្នុងការវាយប្រហារក្រុមរដ្ឋឥស្លាមទេ។ ហើយទី២ គឺ ស.រ.អាបានចូលរួមជាមួយនឹងក្រុមមហាអំណាចពិភពលោកក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់ដែលឈប់បង្កកប្រាក់រាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់តាមរយៈការបន្ធូរបន្ថយទណ្ឌកម្មនោះ។
កិច្ចពិភាក្សានៅថ្ងៃពុធនេះគឺ ធ្វើឡើងមុនពេលដែលមានកិច្ចប្រជុំកំពូលនៃ ក្រុមប្រឹក្សាសហប្រតិបត្តិការតាមឈូងសមុទ្រដែលមានប្រទេសចំនួន៦ នៅថ្ងៃព្រហស្បតិ៍៕