ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនកំពុងពិចារណាថាតើ ខ្លួននឹងចូលរួមកិច្ចប្រជុំពហុភាគីស្ដីពីស្ថានភាពនៅប្រទេសស៊ីរី ដែរឬយ៉ាងណា។ កិច្ចប្រជុំនេះនឹងត្រូវរៀបចំឡើងក្នុងរដ្ឋធានីវីយ៉ែន ប្រទេសអូទ្រីសក្នុងសប្ដាហ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ចន ឃឺប៊ី (John Kirby) បាននិយាយកាលពីថ្ងៃអង្គារថា គេរំពឹងថា ប្រទេសអ៊ីរ៉ង់នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចពិភាក្សានោះ។ គណៈប្រតិភូអាមេរិក នឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក ចន ឃឺរី (John Kerry)។
លោកចន ឃឺប៊ី និយាយថា កិច្ចពិភាក្សានោះនឹងផ្ដោតទៅលើដំណោះស្រាយចំពោះស្ថានការណ៍នយោបាយដ៏លំបាកក្នុងប្រទេសស៊ីរី។
កិច្ចប្រជុំដ៏សំខាន់មួយនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ប៉ុន្តែការពិភាក្សាបឋមៗអាចនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។
ប្រភពការទូតរុស្សីបានឲ្យដឹងថា កិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍អាចបញ្ចូលអ្វី ដែលបានពិភាក្សារួចហើយកាលពីសប្ដាហ៍មុនរវាងអ្នកការទូតកំពូលៗមកពីអាមេរិក រុស្សី អារ៉ាប៊ីសាអ៊ូឌីត និងតួកគី។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក មូហាម៉ាត់ ចាវ៉ាដ ហ្សារីវ ( Mohammad Javad Zarif ) និងសមភាគីរុស្សីរបស់លោកគឺលោក សឺជី ឡារ៉ុវ ( Sergei Lavrov ) បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីស្ថានការណ៍នៅប្រទេសស៊ីរី។
កំណត់ហេតុនៃការពិភាក្សារបស់លោករដ្ឋមន្ត្រីការបរទេសទាំងពីរបានឲ្យដឹងថា អ្នកការទូតទាំងពីរនាក់ បានជជែកគ្នាកាលពីថ្ងៃពុធអំពីការរៀបចំសម្រាប់កិច្ចប្រជុំនៅរដ្ឋធានីវីយ៉ែន ខណៈពេលដែលលោកទាំងពីរបានពិភាក្សាគ្នាក្នុងអំឡុងពេលពីរថ្ងៃជាប់គ្នានេះ៕