ប្រទេសអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងបារាំងថា ការសាកល្បងកាំជ្រួចមីស៊ីលកាលពីពេលថ្មីៗនេះរបស់ខ្លួនបានរំលោភសេចក្តីសម្រេចរបស់អ.ស.បដោយនិយាយថា ការរឹតត្បិតរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប អនុវត្តតែទៅលើកាំជ្រួចមីស៊ីល ដែលរចនាឡើងដើម្បីផ្ទុកក្បាលនុយក្លេអ៊ែរតែប៉ុណ្ណោះ។
ថ្លែងកាលពីថ្ងៃសៅរ៍នៅក្នុងរដ្ឋធានីតេរ៉ង់ លោក Mohammad Javad Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បាននិយាយថា «គ្មានកាំជ្រួចមីស៊ីលរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានត្រូវរចនាឡើងសម្រាប់ផ្ទុកក្បាលនុយក្លេអ៊ែរនោះទេ»។
លោករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Zarif និយាយថា «សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បានបង្ហាញរួចមកហើយ និងបានបង្ហាញម្តងទៀតថា អាវុធនុយក្លេអ៊ែរមិនមានទីកន្លែងនៅក្នុងទ្រឹស្តីវិស័យការពារប្រទេសរបស់យើងទេ ហើយយើងក៏មិនឲ្យមានទីកន្លែងនៃទ្រឹស្តីនេះដែរ ដូច្នេះកាំជ្រួចមីស៊ីលរបស់យើងមិនបានរចនាឡើង ដើម្បីផ្ទុកក្បាលកាំជ្រួចនុយក្លេអ៊ែរទេ ពីព្រោះយើងមិនដែលមានផែនការបង្កើតក្បាលអាវុធនុយក្លេអ៊ែរ ហើយក៏មិនចង់មានដែរ»។
អត្ថាធិប្បាយរបស់លោក Zarif បានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីលោកស្រី Samantha Power ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ.ស.ប បាននិយាយសំដៅដល់ការបាញ់បង្ហោះកាំជ្រួចវង់ប្រតិបត្តិការវែងនៅថ្ងៃទី១០ ខែតុលានេះ។ លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា កាំជ្រួចមីស៊ីលនោះ អាចមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ហើយលោកស្រីឯកអគ្គរដ្ឋទូត មានប្រសាសន៍បន្តទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងឆ្លើយតបដោយមានចំណាត់ការសមរម្យនៅក្នុងក្រុមប្រឹក្សាសន្តិសុខរបស់អ.ស.ប។
នៅក្បែរលោករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Zarif កាលពីថ្ងៃសៅរ៍គឺ លោក Frank – Walter Steinmeier រដ្ឋមន្រ្តីការប្រទេសអាល្លឺម៉ង់បានមានប្រសាសន៍ថា លោកនឹងមិនប្រើប្រាស់សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន ដើម្បីសម្រេចថាតើការរំលោភច្បាប់អន្តរជាតិមានដែរឬទេនោះឡើយ៕