ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ចាប់​ផ្ដើម​សាងសង់​ម៉ាស៊ីន​រីអាកទ័រ​នុយក្លេអ៊ែរ​ទី​ពីរ​របស់​ខ្លួន


គេ​កំពុង​ចាក់​បេតុង​ធ្វើ​ការ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ម៉ាស៊ីន​រីអាកទ័រ​នុយក្លេអ៊ែរ​ទី​ពីរ​ នៅ​រោងចក្រ Bushehr ក្នុង​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
គេ​កំពុង​ចាក់​បេតុង​ធ្វើ​ការ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ម៉ាស៊ីន​រីអាកទ័រ​នុយក្លេអ៊ែរ​ទី​ពីរ​ នៅ​រោងចក្រ Bushehr ក្នុង​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រទេស​អ៊ីរ៉ង់​បាន​ចាប់​ផ្ដើម​សាងសង់​ម៉ាស៊ីន​រីអាកទ័រ​នុយក្លេអ៊ែរ​ទី​ពីរ​របស់​ខ្លួន​នៅ​ឯ​រោងចក្រ​ថាមពល​ Bushehr កាល​ពី​ថ្ងៃ​អាទិត្យ។

រោងចក្រ​នេះ​ប្រើប្រាស់​ជាតិ​អ៊ុយរ៉ានីញ៉ូម​ដែល​ផលិត​ក្នុង​ប្រទេស​រុស្ស៊ី ហើយ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ។ រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​បាន​ឲ្យ​ដឹង​ថា សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​គឺ​ដើម្បី​គោលបំណង​សន្តិភាព ដែល​នោះ​គឺ​ជា​ការ​ផ្គត់ផ្គង់​ថាមពល​នៅ​ក្នុង​ប្រទេស។

លោក Ali Akbar Salehi នាយក​ស្ថាប័ន​ថាមពល​បរមាណូ​អ៊ីរ៉ង់ បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ពិធី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ថាមពល​នុយក្លេអ៊ែរ​ផ្ដល់​អគ្គិសនី​ដែល​អាច​ជឿ​ទុកចិត្ត​បាន ហើយ​រោងចក្រ​ថាមពល​អគ្គិសនី​នីមួយៗ​អាច​ជួយ​យើង​សន្សំប្រាក់​បាន​៦៦០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ»។

ប្រទេស​អ៊ីរ៉ង់​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​គោលបំណង​នឹង​បង្កើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ដល់​៤,៥% ដែល​លើស​ពី​កម្រិត​កំណត់​ត្រឹម​៣,៦៧% យោងតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​រវាង​អ៊ីរ៉ង់​និង​ប្រទេស​មហា​អំណាច​ពិភពលោក។ ប៉ុន្តែ​ការ​បំពាន​នឹង​កិច្ចព្រមព្រៀង​នេះ​គឺ​ជា​ជំហាន​របស់​អ៊ីរ៉ង់​ដែល​បាន​ធ្វើ​កន្លង​មក ដោយសារ​តែ​អ៊ីរ៉ង់​បាន​អំពាវនាវ​ដល់​ប្រទេស​ហត្ថលេខី​ដទៃទៀតឲ្យ​ជួយ​ត្រួសត្រាយ​ដល់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​ការ​នាំ​ចេញ​ប្រេង​របស់​ខ្លួន ដែល​ជា​ធនធាន​ដ៏​សំខាន់​មួយ។ ការ​បង្កើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​រហូត​ដល់​៤,៥%​នេះ​គឺ​នៅ​តែ​ទាប​ជាង​កម្រិត​ចាំបាច់​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ខ្លាំង​ណាស់។ ​

កាល​ពី​សប្ដាហ៍​មុន ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​បាន​ប្រកាស​អំពី​ការចាប់​ផ្ដើមបង្កើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ឡើង​វិញ នៅ​ឯ​កន្លែង​ផលិត​នុយក្លេអ៊ែរ Fordow ដែល​ស្ថិត​នៅ​ក្រោម​ដី។ យោង​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ អ៊ីរ៉ង់​បាន​ព្រមព្រៀង​ថា​នឹង​មិន​បង្កើន​សារធាតុ​អ្វី ឬ​ធ្វើ​ការ​ស្រាវជ្រាវ​ទាក់ទង​នឹង​ការ​បង្កើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​នៅ​ទីតាំង​ Fordow នេះ​ទេ។

សហរដ្ឋអាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​កាល​ពី​ឆ្នាំ​មុន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG