ទីបញ្ជាការប៉ង់តាហ្គូននឹងដាក់បង្ហាញជម្រើសនានារបស់យោធាទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃសុក្រុនេះ ខណៈលោកពិចារណាអំពីថាតើត្រូវឆ្លើយតបបែបណា ទៅនឹងអ្វីដែលមន្រ្តីរដ្ឋបាលនិយាយថា ជាការវាយប្រហាររបស់អ៊ីរ៉ង់មិនដែលធា្លប់មានពីមុនមកទៅលើឧស្សាហកម្មប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
នៅក្នុងកិច្ចប្រជុំនៅឯសេតវិមាន លោកប្រធានាធិបតីនឹងត្រូវបានបង្ហាញអំពីជម្រើសនានានៃការវាយប្រហារតាមអាកាសទៅលើប្រទេសអ៊ីរ៉ង់ ហើយក៏នឹងមានការព្រមានទៅកាន់លោកប្រធានាធិបតីថា សកម្មភាពរបស់យោធាប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអាចបង្កជាសង្គ្រាម។ នេះបើយោងតាមក្រុមមន្រ្តីសហរដ្ឋអាមេរិកដែលសុំមិនបញ្ចេញអត្តសញ្ញាណ។
កិច្ចប្រជុំស្តីពីសន្តិសុខជាតិទំនងជានឹងក្លាយជាឱកាសលើកទីមួយដើម្បីធ្វើការសម្រេចលើយុទ្ធសាស្រ្ត ថាតើសហរដ្ឋអាមេរិកគួរឆ្លើយតបយ៉ាងណាចំពោះការវាយ
ប្រហារទៅលើសម្ព័ន្ធមិត្តសំខាន់របស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា។ រាល់ការសម្រេចចិត្តណាមួយប្រហែលជានឹងត្រូវពឹងផ្អែកលើភស្តុតាងដែលសហរដ្ឋអាមេរិកនិងក្រុមអ្នកស៊ើបអង្កេតអារ៉ាប៊ីសាអូឌីតរកឃើញថា គា្រប់ម៉ីស៊ីល និងការវាយប្រហារដោយយន្តហោះដ្រូនធ្វើឡើងដោយប្រទេសអ៊ីរ៉ង់ ដូចទៅនឹងអ្វីដែលមន្រ្តីមួយចំនួនរួមទាំងរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានអះអាងដែរនោះ។
ប្រទេសអ៊ីរ៉ង់បានបដិសេធថាខ្លួនមិនជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះទេ និងបានព្រមានសហរដ្ឋអាមេរិកថា រាល់ការវាយប្រហារណាមួយដោយសហរដ្ឋអាមេរិកមកលើប្រទេសអ៊ីរ៉ង់ នឹងបង្កឲ្យមានសង្គ្រាមសងសឹកវិញភ្លាមៗពីភាគីអ៊ីរ៉ង់៕