ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍ IPC៖ គ្រោះទុរ្ភិក្សជិតកើតឡើងនៅភាគខាងជើងតំបន់ហ្កាហ្សា


គ្រួសារប៉ាឡេស្ទីនមួយចម្អិនអាហារតិចតួចដើម្បីបរិភោគ នៅទីក្រុង Rafah តំបន់ហ្កាហ្សា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
គ្រួសារប៉ាឡេស្ទីនមួយចម្អិនអាហារតិចតួចដើម្បីបរិភោគ នៅទីក្រុង Rafah តំបន់ហ្កាហ្សា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍​ស្តីពី​សន្តិសុខ​ស្បៀង​អាហារ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​បាន​សន្និដ្ឋាន​កាលពី​ថ្ងៃ​ទី ១៨ ខែ​មីនា​ថា ប្រជាជន​ប៉ាឡេស្ទីន​កំពុង​ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស​នៅ​ភាគ​ខាងជើង​តំបន់​ហ្កាហ្សា (Gaza) នៅ​ចន្លោះ​ពេល​ឥឡូវ​នេះ​និង​ខែ​ឧសភា​ខាងមុខ។

ក្រុម​ជំនួយ​មនុស្សធម៌​បាន​ព្រមាន​ថា ក្នុង​អំឡុង​ពេល​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) នៅ​តំបន់​ហ្កាហ្សា ប្រជាជន​ប៉ាឡេស្ទីន​រាប់​សែន​នាក់​បាន​ជួប​គ្រោះ​ទុរ្ភិក្ស​ដោយសារតែ​រថយន្ត​ជំនួយ​តិចតួច​ប៉ុណ្ណោះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ទៅក្នុង​តំបន់​ហ្កាហ្សា​ដែល​ត្រូវ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​របស់​អ៊ីស្រាអែល។ ប៉ុន្តែ​របាយការណ៍​ថ្មី​នេះ​បាន​បង្ហាញ​យ៉ាង​ជាក់លាក់​អំពី​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​ពលរដ្ឋ​នៅ​តំបន់​ហ្កាហ្សា​កំពុង​ប្រឈម។

របាយការណ៍​ស្ដីពី​ចំណាត់ថ្នាក់​តាម​ដំណាក់កាល​នៃ​សន្តិសុខ​ស្បៀង​រួម (IPC) ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នេះ​បាន​បញ្ជាក់​ថា គ្រោះ​ទុរ្ភិក្ស​អាច​កើតឡើង​នៅពេល​ណាមួយ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ ដោយ​មនុស្ស​ប្រមាណ ២១០.០០០ នាក់​នៅ​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន​ដ៏​មហន្តរាយ​បំផុត។

របាយការណ៍​នេះ​បាន​លើកឡើង​ថា៖ «ជម្លោះ​ដែល​នៅតែ​បន្ត​និង​ការ​មិន​អាច​ចូល​ទៅកាន់​តំបន់​ភាគ​ខាងជើង​ស្ទើរតែ​ទាំងស្រុង​សម្រាប់​អង្គការ​មនុស្សធម៌​និង​រថយន្ត​ដឹកទំនិញ​ទំនងជា​នឹង​ធ្វើឱ្យ​មាន​ភាព​ងាយ​រងគ្រោះ​កាន់តែ​ខ្លាំងឡើង​និង​លទ្ធភាព​មាន​កម្រិត​តិចតួច​បំផុត​ក្នុង​ការ​ទទួល​បាន​អាហារ ...ក៏ដូចជា​លទ្ធភាព​ទទួលបាន​ការថែទាំ​សុខភាព ទឹក និង​អនាម័យ​ផងដែរ»។

សំណង់អគារនិងលំនៅឋានជាច្រើននៅកណ្តាលទីក្រុងហ្កាហ្សាត្រូវបានបំផ្លាញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
សំណង់អគារនិងលំនៅឋានជាច្រើននៅកណ្តាលទីក្រុងហ្កាហ្សាត្រូវបានបំផ្លាញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា៖ «នេះ​គឺជា​គ្រោះ​មហន្តរាយ​បង្កឡើង​ដោយ​មនុស្ស​ទាំងស្រុង»។ លោក​បាន​បន្ថែម​ថា របាយការណ៍​នេះ​គឺ​ជា​ការ​បង្ហាញ​ឱ្យ​ដឹង​អំពី​តម្រូវការ​ឱ្យ​មាន​បទ​ឈប់​បាញ់គ្នា​ដើម្បី​មនុស្សធម៌​ជា​បន្ទាន់។

លោក Guterres បាន​លើកឡើង​ថា៖ «ខ្ញុំ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​អ៊ីស្រាអែល​ធានា​ឱ្យ​បាន​ពេញលេញ​និង​គ្មាន​ការ​រំខាន​សម្រាប់​ការ​ដឹក​ទំនិញ​មនុស្សធម៌​នៅ​ទូទាំង​តំបន់​ហ្កាហ្សា និង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ទាំងស្រុង​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​មនុស្សធម៌​របស់​យើង។ យើង​ត្រូវតែ​ធ្វើ​សកម្មភាព​ឥឡូវ​នេះ​ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​ដែល​មិន​អាច​គិត​ដល់ មិន​អាច​ទទួល​យក​បាន និង​មិន​សមហេតុផល​នេះ»។

មុន​ការ​វាយ​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន និង​ការ​ចាប់ផ្តើម​វាយបក​ទៅវិញ​របស់​អ៊ីស្រាអែល​លើ​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា ប្រជាជន​ក្នុង​តំបន់​ហ្កាហ្សា​ចំនួន ១% ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ។

ប៉ុន្តែ​របាយការណ៍​នេះ​បាន​បង្ហាញ​ថា តួលេខ​នេះ​បាន​កើន​រហូត​ដល់ ៩,១% នៅ​ក្នុង​ខែ​មករា និង ១៦,៥% នៅ​ក្នុង​ខែ​កុម្ភៈ ដោយ​កុមារ​ដែល​មាន​អាយុ​តិច​ជាង ២ ឆ្នាំ​រង​ផល​ប៉ះពាល់​ក្នុង​ចំនួន​កាន់តែ​ច្រើន​រហូត​ដល់ ២៩,២% នៃ​ចំនួន​ប្រជាជន​ទាំងអស់។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា៖ «និន្នាការ​កើនឡើង​នៃ​អត្រា​ស្លាប់​ដោយ​មិន​មាន​របួស​ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹង​កើនឡើង​ផងដែរ ដែល​បណ្តាល​ឱ្យ​កម្រិត​នៃ​គ្រោះ​ទុរ្ភិក្ស​ទាំងអស់​ទំនងជា​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ»។

ប្រទេស​ជាច្រើន​បាន​ជំរុញ​អ៊ីស្រាអែល​ឱ្យ​យល់ព្រម​លើ​បទឈប់បាញ់​ដើម្បី​បញ្ចប់​សង្រ្គាម ដែល​ឥឡូវនេះ​ឈាន​ដល់​ខែ​ទី​ប្រាំមួយ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អ៊ីស្រាអែល​កំពុង​ព្យាយាម​ចរចា​បទឈប់បាញ់​មួយ​ដែល​មាន​រយៈពេល​ប្រាំ​មួយ​សប្តាហ៍។

នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន ក្រុម​ហាម៉ាស់​បាន​សម្លាប់​មនុស្ស ១.២០០ នាក់​និង​បាន​ចាប់​ចំណាប់​ខ្មាំង​ប្រហែល ២៥០ នាក់។ ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​បាន​បញ្ជាក់​ថា ការ​វាយបក​ត្រឡប់​ទៅវិញ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ជាង ៣១.០០០ នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​និង​កុមារ។ ប៉ុន្តែ អ៊ីស្រាអែល​និយាយ​ថា​ចំនួន​អ្នក​ស្លាប់​ប៉ាឡេស្ទីន​គឺ​រួម​មាន​ទាំង​យុទ្ធជន​ហាម៉ាស់​រាប់​ពាន់​នាក់​ផងដែរ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​កាលពី​ថ្ងៃ​ទី ១៧ ខែ​មីនា​ថា ទោះបីជា​អ៊ីស្រាអែល​កំពុង​ព្យាយាម​ចរចា​បទឈប់បាញ់​រយៈពេល​ខ្លី​ក៏ដោយ ក៏​អ៊ីស្រាអែល​មិន​មាន​បំណង​បញ្ចប់​សង្គ្រាម​នេះទេ ដរាបណា​អ៊ីស្រាអែល​នៅ​មិន​ទាន់​បាន​កម្ទេច​ក្រុម​ហាម៉ាស់​ចោល​ទាំងអស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

លោក​បាន​បន្ថែម​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ៊ីស្រាអែល​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅដល់​ពលរដ្ឋ​ប៉ាឡេស្ទីន​ជា​ញឹកញយ​ត្រូវបាន​រារាំង​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​និង​ក្រុម​ជន​អន្ធពាល​ដែល​បាន​លួច​រថយន្ត​ជំនួយ​និង​ស្បៀង​អាហារ៕

ប្រែ​សម្រួល​ដោយ​លោក ម៉ែន គឹមសេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG