យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានធ្វើប្រតិបត្តិការវាយប្រហារលើមន្ទីរពេទ្យShifa ក្នុងទីក្រុងហ្កាហ្សា ដែលជាកន្លែងដែលមានការរិះគន់ជាអន្តរជាតិ លើការវាយឆ្មក់ចូលរបស់អ៊ីស្រាអែលកាលពីខែវិច្ឆិកាកន្លងទៅ។
អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល លោក ឧត្តមនាវីទោ Daniel Hagari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការវាយប្រហារនៅទីនោះ ពីព្រោះក្រុមមន្ត្រីជាន់ខ្ពស់ហាម៉ាស់បានប្រើប្រាស់មន្ទីរពេទ្យនេះ ដើម្បីបញ្ជាការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល។
សាក្សីមួយចំនួនបានរាយការណ៍ថា មានការវាយប្រហារតាមផ្លូវអាកាសនៅក្នុងតំបន់មន្ទីរពេទ្យនោះ ដែលជាមន្ទីរពេទ្យដ៏ធំបំផុតមួយក្នុងតំបន់ហ្កាហ្សា ក៏ដូចជាមានរថក្រោះរបស់អ៊ីស្រាអែលជាច្រើនគ្រឿងនៅទីនោះផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានទាត់ចោលសម្ពាធអន្តរជាតិកាលពីថ្ងៃអាទិត្យ ដោយសន្យាថា អ៊ីស្រាអែលនឹងធ្វើទៅតាមផែនការរបស់ខ្លួន ក្នុងការវាយប្រហារទៅលើក្រុមយុទ្ធជនហាម៉ាស់ក្នុងទីក្រុង Rafah នៃតំបន់ហ្កាហ្សាដែលស្ថិតនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប បើទោះបីជាកិច្ចពិភាក្សាស្តីពីបទឈប់បាញ់គ្នា នឹងត្រូវធ្វើបន្តនៅក្នុងប្រទេសកាតាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទៀតក៏ដោយ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters ទីភ្នាក់ងារសារព័ត៌មាន The Associated Press និងទីភ្នាក់ងារសារព័ត៌មាន Agence France-Presse។
វេទិកាបញ្ចេញមតិ