គណៈកម្មការទន្លេមេគង្គ (MRC) ដែលមានមូលដ្ឋាននៅក្នុងប្រទេសឡាវនឹងរៀបចំកិច្ចពិគ្រោះយោបល់ជាសាធារណៈថ្នាក់តំបន់មួយនៅថ្ងៃទី១២ ខែធ្នូនេះ នៅក្នុងទីក្រុងប៉ាក់សេនៃខេត្តចម៉្បាសាក់ ស្ថិតនៅភាគខាងត្បូងប្រទេសឡាវ។
កិច្ចពិគ្រោះយោបល់ថ្នាក់តំបន់នេះ នឹងផ្តល់ឱកាសដល់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបញ្ចេញមតិយោបល់ឬសម្តែងការព្រួយបារម្ភនានាអំពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង របស់ប្រទេសឡាវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។
កិច្ចពិគ្រោះយោបល់នេះ គឺជាផ្នែកមួយនៃដំណើរការពិគ្រោះយោបល់ជាមុន លើគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ។
កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ តម្រូវឲ្យប្រទេសជាសមាជិកទាំងបួននៃគណៈកម្មការទន្លេមេគង្គ រួមមានកម្ពុជា វៀតណាម ថៃ និងឡាវ ត្រូវជូនដំណឹងដល់សមាជិកផ្សេងទៀតនិងធ្វើការពិគ្រោះយោបល់ជាមុនអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីនានាដែលខ្លួនស្នើឡើង នៅលើទន្លេមេគង្គ។
លោក ហាន់ ហ្គាត់មែន (Hans Guttman) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កិច្ចពិគ្រោះយោបល់ជាមុននេះ គឺជាវេទិកាសម្រាប់ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គក្នុងការសម្តែងក្តីកង្វល់របស់ខ្លួន ជុំវិញគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង ក្នុងប្រទេសឡាវនោះ។
«កិច្ចពិគ្រោះយោបល់ជាមុននេះ មិនមែនជាដំណើរការស្វែងរកការអនុម័តយល់ព្រមទៅលើគម្រោងដែលត្រូវបានស្នើឡើងនោះទេ។ តែផ្ទុយទៅវិញ វាជាវេទិកាមួយសម្រាប់ឲ្យប្រទេសកម្ពុជា ថៃ និងវៀតណាម ដែលត្រូវបានជូនដំណឹងហើយនោះ លើកឡើងនូវក្តីកង្វល់នានាអំពីផលប៉ះពាល់ជាដំកំភួនដែលគម្រោងសាងសង់ទំនប់នេះអាចមានទៅលើដែនដីរបស់ពួកគេ»។
លោក ហាន់ ហ្គាត់មែន (Hans Guttman) បានបន្តនៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះថា៖
«ដំណើរការនេះ ក៏ជាឱកាសមួយដើម្បីឲ្យប្រទេសឡាវដែលស្នើគម្រោងនេះឡើង សម្រាប់ការអភិវឌ្ឍ យល់កាន់តែប្រសើនូវក្តីកង្វល់នានានិងពិចារណាវិធានការផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់ទាំងនោះ»។
ប្រទេសឡាវ គ្រោងសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង នៅលើច្រកផ្លូវទឹកដ៏សំខាន់ជាងគេមួយនៃទន្លេមេគង្គ ស្ថិតនៅលើតំបន់កោះ ស៊ីផានដន (Siphandone) ឬកោះបួនពាន់ ចម្ងាយមិនដល់ពីរគីឡូម៉ែត្រនៅខ្សែទឹកខាងលើពីព្រំដែនខ្មែរ ឡាវ។
ក្រុមអភិរក្សបរិស្ថាន លើកឡើងថា ប្រសិនបើត្រូវបានសាងសង់មែន ទំនប់វារីអគ្គិសនី ដែលមានកម្ពស់ ៣២ ម៉ែត្រ និងអាចផ្តល់ថាមពល កម្លាំង២៦០ មេហ្គាវ៉ាត់នោះ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ការផ្លាស់ទីចុះឡើងរបស់ត្រីជាច្រើនប្រភេទ រវាងប្រទេសកម្ពុជា ឡាវ និងថៃ ជាពិសេសត្រីផ្សោតទន្លេមេគង្គ (Irrawaddy Dolphin) ដែលស្ថិតនៅខ្សែទឹកខាងក្រោមទំនប់។
ទំនប់នោះ ក៏នឹងគំរាមកំហែងដល់តម្លៃនៃជីវចម្រុះដែលមានតែមួយគត់នៅក្នុងតំបន់កោះបួនពាន់នោះ ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងរបស់ប្រទេសឡាវ។
បន្ថែមពីនេះទៀត ប្រជាសហគមន៍នៅខ្សែទឹកខាងលើក្នុងប្រទេសថៃ និងនៅខ្សែទឹកខាងក្រោមក្នុងប្រទេសកម្ពុជា ក៏អាចប្រឈមនឹងការបាត់បង់ផលនេសាទដែលពួកគេពឹងអាស្រ័យលើសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនដែរ ប្រសិនបើទំនប់ ដន សាហុង ត្រូវបានសាង់សង់មែននោះ។
អ្នកស្រី លុយ រស្មី នាយិការប្រតិបត្តិនៃសមាគមថែរក្សាបរិស្ថាននិងវប្បធម៌ដែលមានមូលដ្ឋានមួយនៅខេត្តស្ទឹង ត្រែងក្នុងប្រទេសកម្ពុជា មានប្រសាសន៍ថា កិច្ចពិគ្រោះយោបល់ដែលគ្រោងនឹងរៀបចំឡើងដោយគណៈកម្មការទន្លេមេគង្គក្នុងប្រទេសឡាវនោះ គួរតែបញ្ចូលសំឡេងប្រជាសហគមន៍ដែលប្រឈមនឹងផលប៉ះពាល់ដោយសារគម្រោងទំនប់ ដនសាហុងនោះ។
«យើងសង្ឃឹមថា សុំឲ្យអ្នកធ្វើការសម្រេចចិត្តហ្នឹង ធ្វើយ៉ាងណាបញ្ចូលក្តីព្រួយបារម្ភរបស់សហគមន៍ទៅក្នុងការធ្វើការសម្រេចចិត្តរបស់ពួកគេ ទាក់ទងនឹងទំនប់វារីអគ្គិសនីហ្នឹង»។
រដ្ឋាភិបាលឡាវ កាលពីឆ្នាំមុនបានអនុម័តលើការសិក្សាហេតុប៉ះពាល់បរិស្ថានដែលធ្វើឡើងដោយក្រុមហ៊ុន Mega First Corporation Berhad របស់ប្រទេសម៉ាឡេស៊ី ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងសាងសង់ទំនប់វារីអគ្គិសនីដន សាហុងនោះ។
ប៉ុន្តែក្រុមអ្នកជំនាញលើកឡើងថា ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុននោះ មិនបានផ្តល់ព័ត៌មានគ្រប់គ្រាន់តាមបទដ្ឋានអន្តរជាតិ ជាពិសេសព័ត៌មានទាក់ទងនឹងផលប៉ះពាល់ឆ្លងដែនដែលអាចកើតមានឡើង ពីការសាងសង់ទំនប់នោះទេ។
លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីគម្រោងទំនប់ដនសាហុងនោះ ភាគីពាក់ព័ន្ធនានាពីប្រទេសកម្ពុជា អាចនឹងស្នើសុំឲ្យមានការពន្យារពេលគម្រោងនោះដោយសារតែកង្វះព័ត៌មានអំពីផលប៉ះពាល់ឆ្លងដែននេះ។
«មានការស្នើរឲ្យពន្យារពេលអីអញ្ចឹងឲ្យមានការសិក្សាថែមទៀតជារួម គឺថា សិក្សាឲ្យបានម៉ត់ចត់ ព្រោះខ្វះព័ត៌មាន ខ្វះឯកសារអីអញ្ចឹង និងពន្យារពេលក្នុងមួយគម្រោងហ្នឹង ដើម្បីប្រមូលព័ត៌មានសិន»។
គួរបញ្ជាក់ថា ក្រៅពីកិច្ចពិគ្រោះយោបល់ជាសាធារណៈអំពីគម្រោងទំនប់វារីអគ្គិសនី ដន សាហុងនោះ គណៈកម្មការទន្លេមេគង្គ ក៏គ្រោងនឹងរៀបចំដំណើរទស្សកិច្ចមួយសម្រាប់អ្នកដែលចាប់អារម្មណ៍ ទៅកាន់ទីតាំងដែលគេគ្រោងសាងសង់ទំនប់នោះផ្ទាល់ផងដែរនៅថ្ងៃទី១១ ខែធ្នូ គឺមួយថ្ងៃមុនកិច្ចពិគ្រោះយោបល់ចាប់ផ្តើម៕